អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា​-ឡាវ

0 views
Skip to first unread message

samlot chit

unread,
Sep 27, 2021, 10:59:28 AM9/27/21
to samrain...@googlegroups.com

អ្នកវិភាគ៖ កម្ពុជាត្រូវរក្សាស្ថិរភាពភូមិសាស្ត្រនយោបាយរបស់ខ្លួន ក្រោយពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ


រូបឯកសារ៖ លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ (Reuters)
រូបឯកសារ៖ លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ (Reuters)

ភ្នំពេញ — 

អ្នកវិភាគលើកឡើងនៅថ្ងៃចន្ទនេះ អំពីលទ្ធភាពដែលកម្ពុជាត្រូវត្រៀមលក្ខណៈដើម្បីរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួន ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ី បន្ទាប់ពីមានជំនួបកំពូលរវាងមេដឹកនាំគណបក្សកាន់អំណាចនៃ ប្រទេសវៀតណាម-កម្ពុជា-ឡាវ នៅប្រទេសវៀតណាម។

កាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសទាំងបីខាងលើនេះ បានជួបគ្នាពិភាក្សាគ្នាជាត្រីភាគីនៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាអ្នកជិតខាងកម្ពុជា។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់វៀតណាម។

ជំនួបកំពូលបីភាគីនេះធ្វើឡើង ដោយមានការចូលរួមពីលោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងថា មេដឹកនាំគណបក្សនីមួយៗបានចែករំលែកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន រួមមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពិសេសការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកប៉ា ចន្ទរឿន បានថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា ជំនួបកំពូលរវាងមេដឹកនាំវៀតណាម-កម្ពុជា-ឡាវជាជំនួបមួយដែលផ្តល់ឱកាសដើម្បីផ្តោតលើផែនការកិច្ចសហការសំខាន់ៗ ដូចជា ចំណាត់ការបន្ថែមលើការបង្ការជំងឺកូវីដ១៩ ជាដើម។

យ៉ាងណាក្តី លោកបានបញ្ជាក់ថា លោកមិនទទួលបានព័ត៌មានលម្អិតទេថាតើមានការពិភាក្សាពីបញ្ហាភូមិសាស្រ្តនយោបាយឬយ៉ាងណា។ ប៉ុន្តែលោកបានអះអាងថា ក្នុងករណីមានការពិភាក្សាពីបញ្ហាភូមិសាស្រ្តនយោបាយ នោះជារឿងល្អសម្រាប់ឲ្យកម្ពុជាអាចត្រៀមលក្ខណៈបានគ្រប់គ្រាន់ មុនពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើមានការជជែកគ្នាអំពីជំហររបស់ប្រទេសទាំងបីចំពោះស្ថានភាពភូមិសាស្រ្តនយោបាយ ដែលអ្នកខ្លះមើលឃើញថា ជាការប្រកួតប្រជែងគ្នារវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកនៅក្នុងទម្រង់ជាសង្រ្គាមត្រជាក់បែបថ្មីហ្នឹង ខ្ញុំគិតថា ក៏ជារឿងល្អដែរ សម្រាប់ប្រទេសកម្ពុជា ប្រទេសទាំងបីនៅជាប់គ្នាហ្នឹង។ ហើយជាពិសេស ការជជែកគ្នានៅក្នុងដំណាក់កាលដំបូងនេះក៏ជាការពញ្ញាក់ស្មារតីមួយដែរដល់ប្រទេសទាំងបីនៅក្នុងកិច្ចសហប្រតិបត្តិការនៅពេលដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ»។

អ្នកវិភាគនយោបាយលោក មាស នី បាននិយាយថា ការជួបប្រជុំគ្នារវាងមេដឹកនាំគណបក្សដឹកនាំប្រទេសទាំងបីនេះ មានគោលដៅរក្សាទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ វៀងចន្ទន៍ និងហាណូយ ខណៈកម្ពុជាកំពុងតែត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ លោកបានបន្តថា នៅក្នុងជំនួបនោះ ក៏អាចមានការពិភាក្សាខ្លះស្តីពីឥទ្ធិពលមនោគមវិជ្ជាភូមិសាស្រ្តនយោបាយមកលើសហគមន៍អាស៊ាន ហើយលោកក៏បានលើកឡើងពីជំហរនយោបាយការបរទេសកម្ពុជាក្នុងការត្រូវរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយវៀតណាម និងទំនាក់ទំនងជាមួយចិនផងដែរ។

លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថា វាជៀសមិនផុតទេ រឿងអ្នកនយោបាយ។ នេះ គេអាចជជែកគ្នា ជារឿងទូទៅ។ ហើយយើងដឹងហើយថា ប្រទេសទាំងនោះជាប្រទេសដែលមានភាពទុកចិត្តគ្នាតាំងពីដើមមកដែរណា។ ហើយសម្រាប់កម្ពុជាក៏មានតួនាទីមួយក្នុងការសម្របសម្រួលទៅលើតុល្យភាពនៃទំនាក់ទំនងរវាងចិនហើយនិងវៀតណាមជាមួយកម្ពុជាផងដែរ ព្រោះថា ប្រទេសទាំងពីរហ្នឹង មកដល់ពេលនេះ វាជាផ្លូវដ៏លំបាកមួយសម្រាប់កម្ពុជាក្នុងការដើរទេ បើកាលណាលម្អៀងទៅខាងណាមួយ ខាងមួយទៀតអាចនឹងមានបញ្ហាហើយ»។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Viet Nam News ចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា មេដឹកនាំគណបក្សកាន់អំណាចទាំងបីប្រទេស បានជម្រាបប្រាប់គ្នាទៅវិញទៅមក អំពីស្ថានភាពរបស់គណបក្ស និងប្រទេសខ្លួន និង បានយល់ស្របគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ជំរុញយន្តការកិច្ចសហប្រតិបត្តិការដែលកំពុងមានប្រសិទ្ធភាពស្រាប់ បន្តផ្លាស់ប្តូរយោបល់ ហើយនិងការធ្វើការរួមគ្នាក្នុងវិស័យជាច្រើននៅពេលអនាគត ដើម្បីជាប្រយោជន៍របស់ប្រជាជនទាំងបីប្រទេស ក៏ដូចដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងសាកលលោក។

អ្នកវិភាគនយោបាយលោកសេង សារី ប្រាប់វីអូអេកត់សម្គាល់ថា ជំនួបដែលធ្វើឡើងកាលពីពេលថ្មីៗនេះ ជារឿងមួយគួរឲ្យចាប់អារម្មណ៍ ដោយសារការជួបដោយផ្ទាល់រវាងមេដឹកនាំគណបក្សកាន់អំណាចទាំងបី ក្នុងគ្រាមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។ លោកបានថ្លែងថា៖

«ចំណុចដែលចាប់អារម្មណ៍ទីពីរគឺ ជំនួបដោយផ្ទាល់នេះ គឺធ្វើឡើងអំឡុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំងបីនេះហាក់ដូចជាមកដល់ដំណាក់កាលមួយដែលត្រូវមានការជជែកគ្នាដោយសារតែវៀតណាមចាប់ផ្តើមមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក កម្ពុជាជាមួយនឹងឡាវ យើងឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចិន ហើយថ្មីៗនេះ យើងឃើញថាគម្រោងផ្លូវរទេះភ្លើងល្បឿនលឿននៅក្នុងប្រទេសឡាវ ក៏ត្រូវបានបញ្ចប់ហើយ ហើយដាក់ឲ្យប្រើ ដាក់ឲ្យដំណើរការហើយ ហើយទីពីរហ្នឹងនៅកម្ពុជា ក៏យើងឃើញថា មានគម្រោងអភិវឌ្ឍន៍ច្រើនរបស់ចិន»។

លោកបន្តថាជំនួបមេដឹកនាំគណបក្សកាន់អំណាចទាំងបីប្រទេសនេះ ក៏អាចនឹងជជែកគ្នាអំពីយុទ្ធសាស្ត្រមួយចំនួនទៀត នៅក្នុងការការពារហានិភ័យនៃការប្រកួតប្រជែងអំណាចរវាងមហាអំណាចទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា លោកឈាង វុនដែលបានចូលរួមសម្របសម្រួលជំនួបកំពូលមេដឹកនាំបក្សកាន់អំណាចវៀតណាម-កម្ពុជា-ឡាវ បានច្រានចោលចំពោះរាល់ការលើកឡើងថា ជំនួបកំពូលរវាងមេដឹកនាំគណបក្សកាន់អំណាច នៃប្រទេសទាំងបីគឺមានគោលដៅរៀបចំយុទ្ធសាស្រ្តផ្នែកភូមិសាស្រ្តនយោបាយក្នុងកាលៈទេសៈឥទ្ធិពលចិនបានចុះថមថយ ក្រោយការផ្លាស់ប្តូររដ្ឋបាលដឹកនាំប្រទេសនៅសហអាមេរិក។

លោកបានថ្លែងថា៖ «បើយើងយកកិច្ចព្រមព្រៀងហ្នឹងមកសិក្សាមើលទៅ វាអត់មានរឿងអីត្រូវទិតៀនទៀត ព្រោះយើងធ្វើការងារហ្នឹង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV។ យើងមើលទៅដឹងហើយ។ ប៉ុន្តែខ្ញុំអត់យល់ថា ទិតៀនអារឿងគេធ្វើរដ្ឋបាលរាល់ថ្ងៃហ្នឹងទៅជារឿងនយោបាយ ភូមិសាស្រ្តនយោបាយអីអញ្ចឹងវាមិនកើតទេ។ អាអ្នកនិយាយអញ្ចឹងគឺក្តិចឲ្យជល់គ្នាតា។ នេះឲ្យចិនស្អប់យើង យើងស្អប់ចិន។ អាហ្នឹងមិនកើតទេ។ ខ្មែរយើងចាំតែរងគ្រោះអញ្ចឹងម៉េចកើត»។

បើតាមលោក ឈាង វុន ជំនួបកំពូលរវាងមេដឹកនាំគណបក្សវៀតណាម កម្ពុជា ឡាវគឺធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៩៩ មក ដោយកាលពីដើមឡើយ ជំនួបនេះត្រូវបានធ្វើឡើងមួយឆ្នាំម្តង មុនពេលផ្លាស់ប្តូរមកធ្វើឡើងរាល់ពីរឆ្នាំម្តងវិញ៕

Reply all
Reply to author
Forward
0 new messages