បណ្ដាញ​តំណាងរាស្ត្រ​អាស៊ាន​ស្នើ​ឲ្យ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា «ជា​បន្ទាន់»

0 views
Skip to first unread message

samlot chit

unread,
Jan 23, 2022, 2:40:19 PM1/23/22
to samrain...@googlegroups.com

បណ្ដាញតំណាងរាស្ត្រអាស៊ានស្នើឲ្យកម្ពុជាទម្លាក់បទចោទលើលោក កឹម សុខា «ជាបន្ទាន់»

23 មករា 2022

រូបឯកសារ៖ មុននឹងចេញដំណើរពីគេហដ្ឋានទៅសាលារាជធានីភ្នំពេញ អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ថ្លែងទៅកាន់អ្នកកាសែតថា លោកស្នើតុលាការឲ្យទម្លាក់បទចោទរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ មុននឹងចេញដំណើរពីគេហដ្ឋានទៅសាលារាជធានីភ្នំពេញ អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ថ្លែងទៅកាន់អ្នកកាសែតថា លោកស្នើតុលាការឲ្យទម្លាក់បទចោទរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

វ៉ាស៊ីនតោន — 

បណ្ដាញតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights (APHR)) បានស្នើជាថ្មីឲ្យកម្ពុជាទម្លាក់បទចោទ «ជាបន្ទាន់» និង «ដោយគ្មានលក្ខខណ្ឌ» លើអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់បណ្ដាញតំណាងរាស្ត្រអាស៊ានដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ។

បណ្ដាញ APHR គឺជាបណ្ដាញរបស់អតីតតំណាងរាស្ត្រនិងតំណាងរាស្ត្រនាពេលបច្ចុប្បន្ននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។ បណ្ដាញនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Kasit Piromya ដែលជាសមាជិកក្រុមប្រឹក្សាម្នាក់នៃបណ្ដាញ APHR និងជាអតីតតំណាងរាស្ត្រនៃប្រទេសថៃ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «រដ្ឋាភិបាលរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គួរទម្លាក់ចោលជាបន្ទាន់នូវបទចោទប្រកាន់លើលោក កឹម សុខា និងលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនិងសកម្មជនផ្សេងទៀតទាំងអស់ បញ្ឈប់ការរំលោភបំពានលើមន្ត្រីគណបក្សសង្គ្រោះជាតិជាប់ឆ្នោតនិងសកម្មជនផ្សេងទៀត ...និងស្ដារឡើងវិញនូវសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ពួកគេ»។

លោក Piromya បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ការចាប់ខ្លួនតាមអំពើចិត្ត និងបទចោទក្បត់ជាតិលើលោក កឹម សុខា ដែលបានធ្វើឡើងដោយសារហេតុផលនយោបាយ គឺមិនអាចកើតមាននោះទេនៅក្នុងប្រទេសណាដែលមានលទ្ធិប្រជាធិបតេយ្យធម្មតានិងមានដំណើរការល្អ។ នេះគឺគ្រាន់តែជាឧទាហរណ៍មួយទៀតដែលបង្ហាញឲ្យឃើញថា នីតិរដ្ឋគឺមានតែឈ្មោះតែប៉ុណ្ណោះនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ ២០១៧ និងការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្នុងការបំបាត់ចោលនូវគណបក្សប្រឆាំងពិតប្រាកដសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ និងការបោះឆ្នោតបន្តបន្ទាប់ទៀត»។

សេចក្ដីថ្លែងការណ៍នេះបានចេញផ្សាយក្នុងពេលពីរថ្ងៃក្រោយមក បន្ទាប់ពីលោក កឹម សុខា បានចូលរួមក្នុងសវនាការរបស់លោកដែលត្រូវបានតុលាការពន្យារពេលជិតពីរឆ្នាំមកនេះ នៅសាលារាជធានីភ្នំពេញ។

នៅក្នុងសវនាការនោះ លោក កឹម សុខា បានស្នើឲ្យតុលាការពន្លឿនការកាត់ក្ដីលើរូបលោក ដើម្បីឲ្យលោកអាចឆាប់បានចូល «បម្រើប្រទេសជាតិ» វិញ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ ក្រោមបទចោទប្រកាន់ក្បត់ជាតិ។ លោកត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មក លោកត្រូវបានតុលាការដោះលែងពីការឃុំឃាំងក្នុងពន្ធនាគារ និងដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងគេហដ្ឋានវិញ ដោយមានការដាក់កំហិតលើការធ្វើដំណើរ មិនអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស និងមិនឲ្យធ្វើនយោបាយរហូតដល់ពេលបច្ចុប្បន្ន៕

Reply all
Reply to author
Forward
0 new messages