អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តោត​លើ​លម្ហ​​សង្គម​ស៊ីវិល​នៅ​កម្ពុជា

0 views
Skip to first unread message

samlot chit

unread,
May 12, 2022, 12:36:16 PM5/12/22
to samrain...@googlegroups.com

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិស្នើឱ្យសហគមន៍អន្តរជាតិផ្តោតលើលម្ហសង្គមស៊ីវិលនៅកម្ពុជា

12 ឧសភា 2022

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

ភ្នំពេញ — 

តំណាងស្ត្រីសកម្មជនឈានមុខនិងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនៅកម្ពុជាបង្ហាញការព្រួយបារម្ភពីការបន្តរឹតត្បិតលម្ហសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលនៅក្នុងការពិភាក្សាមួយក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនយោបាយរបស់ស្ត្រី ខណៈលម្ហសង្គមស៊ីវិលកំពុងរួមតូចនៅអាស៊ាន»។

ការពិភាក្សាតាមប្រព័ន្ធអនឡាញរយៈពេលមួយម៉ោងនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ដោយមានការចូលរួមពីស្ត្រីសកម្មជនពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន និងថៃ ដែលបានចែករំលែកពីគំនិត និងយោបល់ផ្សេងៗ ទាក់ទិនការលើកកម្ពស់ការចូលរួមផ្នែកនយោបាយរបស់ស្ត្រី ខណៈពេលមានការរឹតត្បិតលម្ហសង្គមស៊ីវិលនៅក្នុងតំបន់។ កិច្ចពិភាក្សាដដែលនោះ ក៏បានលើកឡើងពីបែបផែនដែលភាគីពាក់ព័ន្ធក្នុងឆាកអន្តរជាតិអាចចូលរួមដោះស្រាយជុំវិញការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅអាស៊ាន។

ស្ត្រីជាមេដឹកនាំលេចធ្លោសំខាន់ៗ រួមមានអ្នកស្រី Chiranuch Premchaiporn សកម្មជនផ្នែកបណ្តាញផ្សព្វផ្សាយ និងសហស្ថាបនិកនៃបណ្តាញផ្សព្វផ្សាយ Prachatai ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតាមប្រព័ន្ធអនឡាញ អ្នកស្រី Khin Lay សកម្មជននយោបាយនៅមីយ៉ាន់ម៉ា និងជាស្ថាបនិកអង្គការ Triangle Women Organization (TWO) អ្នកស្រី Teresita Quintos Deles សហស្ថាបនិក អតីតប្រធាន និងអ្នកដឹកនាំផ្នែកស្ត្រីនៃមជ្ឈមណ្ឌលលើនវានុវត្តន៍ ការផ្លាស់ប្តូរ និងភាពល្អប្រសើរក្នុងផ្នែកអភិបាលកិច្ច (INCITEGov) និងអ្នកស្រី មូរ សុខហួរ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចូលរួមធ្វើជាវាគ្មិននៅក្នុងការពិភាក្សានោះ។

នៅក្នុងការពិភាក្សាខាងលើ វាគ្មិននីមួយៗបាននិយាយរៀបរាប់ពីបញ្ហាចោទចម្បងៗទៅលើលម្ហសង្គមស៊ីវិលនៅតាមប្រទេសរបស់ខ្លួន ដែលរងការប៉ះពាល់ផ្សេងៗតាមរយៈការវិវឌ្ឍផ្នែកសង្គមនិងនយោបាយនៅក្នុងប្រទេស ក៏ដូចជាស្នើជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការចាំបាច់មួយចំនួន ក្នុងកិច្ចប្រឹងប្រែងស្តារនូវស្ថានភាពសិទ្ធិសេរីភាពឡើងវិញ ដែលពួកគេចាត់ទុកថា «កំពុងធ្លាក់ចុះយ៉ាងខ្លាំង»។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បាននិយាយថា ក្រុមស្ត្រីសកម្មជនបានចូលរួមគ្នាផ្ញើលិខិតបើកចំហពីរទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយបង្ហាញពីការព្រួយបារម្ភរបស់ពួកគេទាក់ទងនឹងតួនាទី និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន នៅអំឡុងពេលដែលអ្នកស្រីពណ៌នាថា «លម្ហសង្គមស៊ីវិលមិនត្រឹមតែរួមតូចប៉ុណ្ណោះទេ ប៉ុន្តែគឺ លែងមានតទៅទៀត ជាពិសេសនៅកម្ពុជា» ។

ដំណាលគ្នានេះដែរ អ្នកស្រីក៏បានស្នើឱ្យសហគមន៍អន្តរជាតិពិចារណាលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មុនពេលសម្រេចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ អ្នកស្រីបានថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖

«យើងចង់និយាយឱ្យបានច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ សូមកុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ដែលមិនមានលក្ខខណ្ឌសិទ្ធិមនុស្ស ហើយសូមដាក់ជាលក្ខខណ្ឌសិទ្ធិមនុស្ស។ សូមកុំទទួលស្គាល់មេដឹកនាំមិនស្របច្បាប់ សូមកុំផ្តល់ឱ្យពួកគេនូវលម្ហដើម្បីបន្ត មិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិ និងលម្ហសង្គមស៊ីវិលនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបំផ្លាញជីវិតផងដែរ»។

អ្នកនយោបាយជំទាស់រូបនេះ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំផងដែរ ជាពិសេសក្រុមសកម្មជនស្ត្រីតាមមូលដ្ឋាន ក្នុងទិសដៅលើកកម្ពស់លម្ហសេរីភាព និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានច្រានចោលសំណើរបស់អ្នកស្រី មូរ សុខហួរ ខណៈលោកសង្កត់ធ្ងន់ពីផលប្រយោជន៍ចម្រុះរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។

លោកបានថ្លែងថា៖ «ការរអ៊ូរទាំ គំនិតអវិជ្ជមានប្រឆាំងប្រទេសរបស់គាត់ អាហ្នឹងជារឿងប្រពៃណី ហើយជារឿងប្រវត្តិសាស្ត្ររបស់គាត់។ វារាប់សិបឆ្នាំមកហើយ។ ដូច្នេះ ខ្ញុំមិនចាប់អារម្មណ៍អីទៀតទេ អាហ្នឹង។ គាត់និយាយអី និយាយទៅ ពីព្រោះផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមួយកម្ពុជា មិនមែនជាផលប្រយោជន៍ពាណិជ្ជកម្មទេ វាមានផលប្រយោជន៍សហប្រតិបត្តិការទ្វេភាគី ក៏ដូចជា ពហុភាគីជាមួយអាស៊ាន»។

លោកបានបន្តថា រាល់ការលើកឡើងពីការរឹតត្បិតសិទ្ធិសេរីភាពពីសំណាក់មន្ត្រីគណបក្សប្រឆាំង ឬសង្គមស៊ីវិលមិនតំណាងឱ្យស្ថានការណ៍ពិតប្រាកដនោះទេ និងថា កម្ពុជាមិនមានការដាក់កំហិតលើការបញ្ចេញមតិ ឬការធ្វើសកម្មភាពនយោបាយណាមួយដែលស្របច្បាប់នោះទេ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ចាត់ទុកថា ការលើកឡើងរបស់អ្នកស្រី មូរ សុខហួរ គឺជាសារនយោបាយមួយ។

យ៉ាងណាក្តី លោកបានបន្ថែមថា ផ្អែកតាមស្ថានភាពជាក់ស្តែង អង្គការសង្គមស៊ីវិលនៅកម្ពុជាតែងតែបង្ហាញក្តីបារម្ភពីការបន្តរឹតត្បិតសេរីភាពសង្គមស៊ីវិល និងសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដូចជា ករណីបង្ក្រាបលើបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ឬការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងជាដើមនាពេលថ្មីៗនេះ។

មន្ត្រីសង្គមស៊ីវិលខាងលើក៏បានសង្កត់ធ្ងន់ពីផលវិបាកមួយចំនួនផងដែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមកែតម្រូវលើចំណុចពាក់ព័ន្ធនឹងលម្ហសិទ្ធិសេរីភាពដែលមជ្ឈដ្ឋានអន្តរជាតិចាត់ទុកថា នៅកំពុងអន់ថយ ឬកំពុងរងការដាក់កំហិត។

លោកបានថ្លែងថា៖ «នេះជាការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល បើសិនជាកម្ពុជាយើងមិនពិនិត្យមើលចំណុចខ្វះខាត ឬក៏អនុសាសន៍របស់សហគមន៍អឺរ៉ុប ឬអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីធ្វើការកែលម្អ។ អ៊ីចឹង វាអាចនឹងទទួលរងផលប៉ះពាល់ដូចជា បញ្ហា EBA បន្ថែម ឬក៏ GSP របស់សហរដ្ឋអាមេរិកជាដើម»។

លោក អំ សំអាត ក៏បានស្នើឱ្យមានការលើកកម្ពស់សមភាពយេនឌ័រផងដែរនៅតាមស្ថាប័ន និងមូលដ្ឋាននានា ខណៈលោកនិយាយថា ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងផ្នែកនយោបាយនៅមានកម្រិតនៅឡើយ ហើយការបន្តរឹតត្បិតលម្ហសេរីភាព និងលម្ហសង្គមស៊ីវិលកាន់តែដាក់កំហិតលើការចូលរួមរបស់ស្ត្រីបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល និងបញ្ហាសិទ្ធិមនុស្សបានបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ នេះបើតាមអ្នកឃ្លាំមើលស្ថានភាពសង្គម និងនយោបាយនៅកម្ពុជា៕

Reply all
Reply to author
Forward
0 new messages