ក្នុង​ទិវាធម្មនុញ្ញ ​អង្គការ​សហប្រជាជាតិ​ប្រាប់​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​និងប្រជាធិប​តេយ្យ​ពហុមតិ

0 views
Skip to first unread message

samlot chit

unread,
Sep 24, 2021, 1:24:19 PM9/24/21
to samrain...@googlegroups.com

ក្នុងទិវាធម្មនុញ្ញ អង្គការសហប្រជាជាតិប្រាប់កម្ពុជាឱ្យគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពហុមតិ

24 កញ្ញា 2021

រូបឯកសារ៖ កងសន្ដិសុខរឹបអូសឧបករណ៍បំពងសំឡេងពីបាតុករម្នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មមួយដើម្បីប្រារព្ធខួបទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)
រូបឯកសារ៖ កងសន្ដិសុខរឹបអូសឧបករណ៍បំពងសំឡេងពីបាតុករម្នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មមួយដើម្បីប្រារព្ធខួបទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)
ភ្នំពេញ — 

អង្គការសហប្រជាជាតិ (អ.ស.ប) បានស្នើរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពហុមតិ ចំពេលកម្ពុជាប្រារព្ធទិវារដ្ឋធម្មនុញ្ញលើកទី២៨របស់ខ្លួន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសំណេរលើទំព័រហ្វេសប៊ុក(Facebook) និងTwitterផ្លូវការរបស់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ ការិយាល័យអង្គការសហប្រជាជាតិប្រចាំរាជធានីភ្នំពេញបានលើកឡើងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប២៨ឆ្នាំ នៃការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ អង្គការសហប្រជាជាតិ លើកទឹកចិត្តឱ្យព្រះរាជាណាចក្រកម្ពុជាបន្តប្រកាន់ខ្ជាប់ និងគោរពសិទ្ធិមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (#UDHR) សន្ធិសញ្ញាអន្តរជាតិស្តីពីសិទិ្ធមនុស្សនានា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានទទួលស្គាល់ និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន»។

ការិយាល័យ UN បន្តថា៖«តាមរយៈការលើកស្ទួយ និងការការពារសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា នោះព្រះរាជាណាចក្រកម្ពុជាអាចស្តារឡើងវិញកាន់តែប្រសើរពីជំងឺកូវីដ១៩ និងធានាថាមិនមាននរណាម្នាក់ត្រូវបានគេទុកចោល»។

រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់កម្ពុជាត្រូវបានព្រះបាទសម្តេចព្រះនរោត្តម សីហនុ ឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយពីភាគីជម្លោះកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្ដិភាពនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរៀបចំការបោះឆ្នោតនៅខែមិថុនា ឆ្នាំ១៩៩៣។

នៅថ្ងៃសុក្រនេះដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរអំពីបញ្ញត្តិសំខាន់ក្នុងរដ្ឋធម្មនុញ្ញ ទាក់ទងភាពអចិន្ត្រៃយ៍កែប្រែមិនបានដែលកម្ពុជាត្រូវស្ថិតនៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាឲ្យដឹងថា៖«រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិប្បញ្ញត្តិ, ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។ សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពដើម្បីប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅមុខ»។

ខួបលើកទី២៨នៃទិវារដ្ឋធម្មនុញ្ញនេះ ធ្វើឡើងនៅបរិបទដែលគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចពេញទី និងកាន់កាប់បណ្ដាស្ថាប័នរដ្ឋកំពូល និងថ្នាក់ក្រោមជាតិស្ទើរតែទាំងអស់។

បក្សប្រជាជនកម្ពុជាទទួលបានអាសនៈ១២៥លើ១២៥នៅរដ្ឋសភា និងអាសនៈ៥៨លើ៦២នៅព្រឹទ្ធសភា ក្រោយការបោះឆ្នោតសាកល និងអសកល ចំនួនពីរ កាលពីឆ្នាំ២០១៨ ដោយអវត្តមានដៃគូដ៏ធំរបស់ខ្លួន គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។

លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកមួយរូបនៃក្រុមតាក់តែងរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៩៣ បានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធម្មនុញ្ញបានរងសម្ពាធនិង«អស់ន័យ»ក្នុងកាលៈទេសៈដែលបក្សកាន់អំណាចកាន់កាប់ទាំងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមាននាទីបកស្រាយរដ្ឋធម្មនុញ្ញទៅទៀត។

យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា ចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រដ្ឋាភិបាលនៅតែមានភាព«ជោគជ័យ»តាមរយៈការគោរពតាមរដ្ឋធម្មនុញ្ញ។

លោកថ្លែងថា៖«លទ្ធិប្រជាធិបតេយ្យជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា មិនមែនជាជម្រើសរបស់នរណាម្នាក់នោះទេ។ ដូច្នេះប្រជាធិបតេយ្យ វាអត់ធ្លាក់ពីលើមេឃមកទេ ក៏ប៉ុន្តែវាត្រូវការកសាង កម្ពុជាកំពុងកសាងលទ្ធិប្រជាធិបតេយ្យនេះឯង»។

លោក ផៃ ស៊ីផាន បានប្រាប់វីអូអេបន្តទៀតទៅលើបញ្ហាកង្វះសំឡេងជំទាស់ក្នុងស្ថាប័នរដ្ឋកំពូលៗ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលលើការរក្សាការពាររដ្ឋធម្មនុញ្ញយ៉ាងដូច្នេះថា៖«ដែលយើងទៅកាន់កាប់ស្ថាប័ននីតិប្បញ្ញត្តិ គឺមិនមែននាំគ្នាទៅអង្គុយទេ គឺកើតឡើងដោយការបោះឆ្នោតតាមគោលនយោបាយត្រឹមត្រូវ នៅក្នុងបែបបទនីតិរដ្ឋនៃលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលគណបក្សប្រជាជនបានទទួលការទុកចិត្តពីប្រជាពលរដ្ឋទាំងមូល គឺគណបក្សប្រជាជនទទួលខុសត្រូវខ្ពស់នៅក្នុងសាច់រឿងហ្នឹង»។

គណបក្សប្រឆាំងក៏បានចេញសារអំពាវនាវឱ្យរដ្ឋគោរពរដ្ឋធម្មនុញ្ញផងដែរ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងក្ដីក្ដាំក្រោមការចោទពីរដ្ឋាភិបាលថាបាន«ក្បត់ជាតិ»ចូលដៃជើងជាមួយរដ្ឋបរទេសនោះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖

«រួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញយើង ដោយកុំបំពានលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ កុំងាកចេញពី...គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយច្បាប់កំពូលរបស់យើង»។

ដោយឡែកក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលមានសមានចិត្តជាមួយលោក សម រង្ស៊ី អតីតប្រធាន និងជាសហស្ថាបនិកគណបក្ស ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរថា រដ្ឋធម្មនុញ្ញត្រូវបាន«ជាន់ឈ្លីនិងបំផ្លាញខ្ទេចខ្ទី»ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖«របបក្រុងភ្នំពេញបានកែប្រែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្តិចម្ដងៗ ជាហូរហែ ក្នុងមហិច្ឆតាក្ដោបក្ដាប់អំណាច ដែលធ្វើឱ្យប៉ះពាល់ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយឈានទៅរកការគ្រប់គ្រងអំណាចផ្ដាច់ការឯកបក្ស ដែលផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។

នៅពេលវីអូអេសួរអំពីសាររបស់ក្រុមជំទាស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធឆ្លើយតប ដោយលើកឡើងថាលោកមិនឆ្លើយឆ្លងជាមួយ«គណបក្សឧទ្ទាម»នោះទេ៕

Reply all
Reply to author
Forward
0 new messages