៤​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​មេធាវី​លោក ​កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ​ដើម្បី​បង្ហាញ​«ការ​ផ្សះផ្សា​ជាតិ»

0 views
Skip to first unread message

samlot chit

unread,
Sep 2, 2021, 2:47:54 PMSep 2
to samrain...@googlegroups.com

៤ឆ្នាំនៃការចោទប្រកាន់មេធាវីលោក កឹម សុខា បន្តជំរុញឲ្យពន្លឿនសវនាការដើម្បីបង្ហាញ«ការផ្សះផ្សាជាតិ»

03 កញ្ញា 2021

រូបឯកសារ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ (រូបផ្តល់ឲ្យ)

ភ្នំពេញ — 

មេធាវីរបស់លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍បានបន្តជំរុញឲ្យតុលាការពន្លឿនរឿងក្តីលោក កឹម សុខា ដែលមានរយៈពេល៤ឆ្នាំនៃការឃាត់ខ្លួន និងចោទប្រកាន់រហូតមកដល់ពេលនេះ ខណៈលោក កឹម សុខា ចង់ឃើញ«ការផ្សះផ្សាជាតិ»មួយ។

អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់វីអូអេថាជំហររបស់លោក កឹម សុខា គឺនៅដដែលដែលថាលោកមិនបានប្រព្រឹត្តអ្វីខុស ហើយការចោទប្រកាន់លើរូបលោកថាក្បត់ជាតិគឺអយុត្តិធម៌។

អ្នកស្រីបញ្ជាក់ថា៖ «មែនទែនទៅ វារយៈពេលមួយដែលយូរមែន។ ហើយអ្វីៗទាំងអស់ គឺគាត់ចង់ឲ្យមានដំណោះស្រាយរឿងក្តីហ្នឹង ហើយជាពិសេសគឺចង់ឲ្យមានដំណោះស្រាយ ផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ»។

ពាក់ព័ន្ធការផ្សះផ្សាជាតិនេះ អ្នកស្រីលើកឡើងថា លោកកឹម សុខា «អាចសហការគ្នា» ក្នុងការដោះស្រាយបញ្ហានានា ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

អ្នកស្រី ម៉េង សុភារី បានឲ្យដឹងថាសហមេធាវីមានបំណងពិភាក្សា ដើម្បីដាក់ញត្តិទៅតុលាការ ឲ្យពន្លឿនសំណុំរឿងរបស់លោក កឹម សុខា។

រូបឯកសារ៖ អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីរបស់លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីរបស់លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នកស្រីចាត់ទុកថាករណីលោក កឹម សុខា មាន«រូបភាពលក្ខណៈនយោបាយ»។

លោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាវាមានរយៈពេល៤ឆ្នាំហើយនៃការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្តាលអធ្រាត្រទាំងលោកនៅមានអភ័យឯកសិទ្ធិសភា។

លោកបញ្ជាក់ថា៖ «ការពន្យារពេលសវនាការក្តីរបស់លោក កឹម សុខា គឺជាចេតនាបំបិទសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ និងជាការរារាំងការធ្វើនយោបាយរបស់លោក»។

វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។

កាលពីចុងខែមិថុនា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការរាជធានីភ្នំពេញ ក្នុងសំណុំរឿងក្បត់ជាតិ បានអះអាងជាថ្មីថាលោក«មិនក្បត់ជាតិ»និងមិនក្បត់«ឆន្ទៈរបស់ប្រជាពលរដ្ឋ»នោះទេ ហើយលោកសង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់រូបលោក។

លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ បច្ចុប្បន្ននេះ កំពុងរង់ចាំសវនាការសំណុំរឿងក្បត់ជាតិ ដែលត្រូវបានពន្យារដោយមិនកំណត់ពេលវេលា អស់រយៈពេលជាង១ឆ្នាំមកហើយ។ លោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ គឺមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស មិនឲ្យធ្វើនយោបាយ ហើយការធ្វើដំណើរក្នុងប្រទេស ក៏ត្រូវបានដាក់កំហិតផងដែរ។

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថាការដោះស្រាយសំណុំរឿងលោក កឹម សុខា ធ្វើឡើងក្រោមរូបភាពនយោបាយ ហើយករណីរបស់លោក កឹម សុខា បង្ហាញថាតុលាការកម្ពុជាមិនមានទំនុកចិត្តទាល់តែសោះពីប្រជាពលរដ្ឋនិងអន្តរជាតិ។

លោកថ្លែងថា៖ «ការដោះស្រាយសំណុំរឿងរបស់លោក កឹម សុខា ខ្ញុំឃើញថាវាអាចជាដំណោះស្រាយតាមបែបនយោបាយ អាហ្នឹងគឺគាត់ទទួលបានសេរីភាព ខ្ញុំមិនបញ្ហាទេ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថាអ្វីដែលសំខាន់ហ្នឹង គឺគួរតែកែប្រព័ន្ធយុត្តិធម៌ កែឲ្យវាមានយុត្តិធម៌ឡើងវិញ ហើយឲ្យប្រព័ន្ធនេះក្លាយជាប្រព័ន្ធមួយដែលគ្រប់គ្នាអាចទទួលបានយុត្តិធម៌បាន។ អាហ្នឹងបានសង្គមយើងអាចដើរផ្លូវឆ្ងាយបាន អាចមានការវិវឌ្ឍដោយនិរន្តរភាពបាន»។

លោក សេង សារី បន្ថែមថាសំណុំរឿងរបស់លោក កឹម សុខា អាចធូរស្រាលបាន លុះត្រាតែលោកបែកចេញពីលោក សម រង្ស៊ី ដែលអ្នកនយោបាយទាំងពីរបានចងសម្ព័ន្ធភាពនឹងគ្នាតាំងពីឆ្នាំ២០១២ ដោយការបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស រហូតកើនសំឡេងឆ្នោតប្រកៀកប្រកិតនឹងគណបក្សកាន់អំណាច៕

Reply all
Reply to author
Forward
0 new messages