មេធាវី​បក្ស​ប្រឆាំង​ម្នាក់​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បដិសេធ​ដោយ​ថា​ជាប់​បណ្តឹង​នៅ​តុលាការ

0 views
Skip to first unread message

samlot chit

unread,
Jul 16, 2021, 4:00:29 PM7/16/21
to samrain...@googlegroups.com

មេធាវីបក្សប្រឆាំងម្នាក់ស្នើសុំសិទ្ធិធ្វើនយោបាយ ប៉ុន្តែក្រសួងមហាផ្ទៃបដិសេធដោយថាជាប់បណ្តឹងនៅតុលាការ

16 កក្កដា 2021

រូបឯកសារ៖ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)
រូបឯកសារ៖ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)

ភ្នំពេញ — 

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គបានឲ្យដឹងថាក្រសួងមិនអាចផ្តល់សិទ្ធិធ្វើនយោបាយឲ្យលោក ជូង ជូងី មេធាវីបក្សប្រឆាំងដោយសារលោកជាប់បណ្តឹងនៅតុលាការរឿងបង្ហោះហ្វេសប៊ុកទាក់ទងនឹងការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតកាលពីឆ្នាំ២០១៨។

អតីតសមាជិកគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយនិងជាមេធាវីការពារក្តីឲ្យសកម្មជននិងអ្នកនយោបាយគណបក្សប្រឆាំងបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញកាលពី៣សប្តាហ៍មុន។

លោក ជូង ជូងី មេធាវីការពារក្តីភាគច្រើនឲ្យមន្រ្តីក្រុមជំទាស់បានប្រាប់VOAកាលពីព្រឹកថ្ងៃសុក្រនេះថាលោកបានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃទៅ២៤ ខែមិថុនាឆ្នាំ២០២១។

នៅក្នុងពាក្យសុំនីតីសម្បទាធ្វើនយោបាយដែលបោះត្រាចូលក្រសួងមហាផ្ទៃនៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង៣និង៣០នាទីរសៀលលោក ជូង ជូងីដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្រ្គោះជាតិ បានស្នើទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យពិនិត្យតាមនីតិវិធីនិងផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។

លោក ជូង ជូងី បញ្ជាក់ប្រាប់វីអូអេថាលោកនៅមិនទាន់បានទទួលដំណឹងត្រឡប់មកវិញថាតើមានបញ្ហាអ្វីពាក់ព័ន្ធនឹងពាក្យសុំនោះទេ ខណៈលោកលើកឡើងថាវាខុសពីអ្នកផ្សេងទៀតដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីកន្លងទៅ។

យ៉ាងណាក្តីលោកបានបញ្ជាក់នូវគោលជំហររបស់លោកជុំវិញការសម្រេចចិត្តដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយលើកឡើងពីបំណងបន្តតួនាទីជាមេធាវី ស្របពេលលោកអាចចូលរួមក្នុងសកម្មភាពនយោបាយបានដែរ។

លោកថ្លែងថា៖ «ពីព្រោះកន្លងមកខ្ញុំការពារឲ្យសកម្មជនអ្នកនយោបាយការពារឲ្យសកម្មជនបរិស្ថាន សកម្មជនដីធ្លី។ ហើយដើម្បីឲ្យការការពារក្តីដល់ពួកគេគាត់ហ្នឹងមានភាពរលូន កុំឲ្យមានការចោទប្រកាន់ថាខ្ញុំធ្វើសកម្មភាពនយោបាយ។ អញ្ចឹងខ្ញុំសូមនីតិសម្បទានយោបាយម្តងទៅដើម្បីឲ្យស្រួលក្នុងការការពារក្តីឲ្យសកម្មជននយោបាយ។ ហើយម្យ៉ាងទៀតខ្ញុំចង់ចូលរួមសកម្មភាពនយោបាយដើម្បីប្រយោជន៍សង្គមផងដែរ»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថាលោកជួង ជូងី នៅជាប់បណ្តឹងនៅតុលាការរឿងអំពាវនាវមិនឲ្យទៅបោះឆ្នោតកាលពីឆ្នាំ២០១៨ដូច្នេះលោកថាក្រសួងមិនអាចផ្តល់សិទ្ធិឲ្យធ្វើនយោបាយបានទេនៅពេលនេះ។

លោកថ្លែងថា៖ «កាលពីឆ្នាំ២០១៨ លោកជួង ជូងីគាត់បានប្រើប្រាស់ហ្វេសប៊ុករបស់គាត់ហ្នឹងបង្ខាំងឬអូសទាញពលរដ្ឋហាមឃាត់ពលរដ្ឋកុំឲ្យទៅបោះឆ្នោតតាមការញុះញង់របស់សមរង្ស៊ីហើយទង្វើរបស់គាត់ហ្នឹងត្រូវបានគណៈកម្មាការជាតិរៀបចំការបោះឆ្នោតលោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយដែលរងពាក្យបណ្តឹងហ្នឹង នីតិវិធីរបស់តុលាការកំពុងតែដំណើរការ។ ដូច្នេះគាត់មិនអាចទទួលបានការស្នើសុំទៅក្រសួងមហាផ្ទៃឬរដ្ឋាភិបាលទេ»។

កាលពីខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ឲ្យចាត់វិធានការចំពោះលោកជូង ជូងីចំពោះសកម្មភាពរបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងការរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោត។

វីអូអេបានព្យាយាមទាក់ទងលោក ជូង ជូងី កាលពីល្ងាចថ្ងៃសុក្រ ដើម្បីសុំការឆ្លើយតបទាក់ទងនឹងការបដិសេធរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែមិនទាន់អាចទទួលបានការអត្ថាធិប្បាយនៅឡើយទេ។

រូបឯកសារ៖ ប្រជាជនខ្មែរជិះម៉ូតូកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រជាជនខ្មែរជិះម៉ូតូកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។

អតីតថ្នាក់ដឹកនាំនិងសមាជិកគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយដោយតុលាការកំពូល។

តាមច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបាននីតិសម្បទាឡើងវិញនេះ អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ ត្រូវដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ។ ក្រោយពីការពិនិត្យ ក្រសួងមហាផ្ទៃនឹងបន្តស្នើនាយករដ្ឋមន្រ្តីដើម្បីពិចារណាធ្វើលិខិតថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ បានប្រាប់VOAថាចំនួនអតីតថ្នាក់ដឹកនាំឬសមាជិកគណបក្សសង្រ្គោះជាតិដែលបានដាក់ពាក្យសុំសិទ្ធិនយោបាយ និងទទួលបាននីតិសម្បទាក្នុងរយៈពេល៣ឆ្នាំមកគឺមានមួយភាគតូចប៉ុណ្ណោះនៃសមាជិកគណបក្សសង្រ្គោះជាតិចំនួនសរុប១១៨នាក់ ដែលបាត់បង់សិទ្ធិនយោបាយ។ លោកបន្តថាចរន្តនៃការស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់នេះមិនបានបង្ហាញពីបិរយាកាសឬលម្ហនយោបាយច្រើននោះទេ។

លោក ឯម សុវណ្ណរ៉ា បានលើកឡើងថាការស្នើសុំសិទ្ធិធ្វើនយោបាយពីសំណាក់លោកជូង ជូងី នេះ ប្រហែលជាមានសម្ពាធ ឬបញ្ហាណាមួយមកលើរូបលោក។

លោកពន្យល់ថា៖ «នៅក្នុងក្របខណ្ឌនយោបាយវានៅតែជំពាក់ជំពិនគ្នាអញ្ចឹងហើយ អញ្ចឹងបានជាគាត់លើកឡើងហ្នឹងអាចជាក្របខណ្ឌនយោបាយទេ។ បើយើងនិយាយពីក្របខណ្ឌច្បាប់ មិនពាក់ព័ន្ធទេ។ គាត់នៅតែមានយន្តការ មានអាទិភាពនៅក្នុងការដោះស្រាយដែរ នៅក្នុងប្រព័ន្ធយុត្តិធម៌មួយដែលគេហៅថាមានសង្គមមួយមានយុត្តិធម៌ត្រឹមត្រូវគាត់នៅតែមានសិទ្ធិធ្វើសកម្មភាពពេញលេញបាន។ ប៉ុន្តែប្រហែលជាគាត់គិតថា ពិបាកនៅក្នុងសង្គមមួយដែលពិបាកនឹងផ្តល់យុត្តិធម៌ហើយ បានគាត់ងាកមកក្នុងសកម្មភាពនយោបាយជាងបាទ»។

រហូតមកទល់ពេលនេះមានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិជាង២០រូបហើយត្រូវបានផ្តល់នីតិសម្បទានយោបាយឡើងវិញ។ ពួកគេមួយចំនួនក៏បានបង្កើតគណបក្សថ្មីផងដែរ ដូចជាលោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សមួយឈ្មោះថា«គណបក្សកែទម្រង់កម្ពុជា» ដោយមានការចូលរួមពីលោក ប៉ុល ហំម ផងដែរ៕

Reply all
Reply to author
Forward
0 new messages