លោក ហ៊ុន សែន ថា​សមត្ថកិច្ច​​កំពុង​តាម​ចាប់​ខ្លួន​អ្នក​វិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក មាស នី

0 views
Skip to first unread message

samlot chit

unread,
Sep 17, 2021, 12:49:40 PM9/17/21
to samrain...@googlegroups.com

លោក ហ៊ុន សែន ថាសមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកវិភាគម្នាក់ ខណៈព្រមានអ្នកអត្ថាធិប្បាយនយោបាយលោក មាស នី


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា នៅព្រឹកថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា នៅព្រឹកថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)

ភ្នំពេញ — 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានអះអាងថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកវិភាគម្នាក់ ដែលលោកមិនបានបញ្ចេញឈ្មោះនោះទេ ខណៈនាយករដ្ឋមន្រ្តីក៏បានព្រមានអ្នកអត្ថាធិប្បាយនយោបាយ លោក មាស នី ថា«កុំវិភាគជ្រុលហួស»។

នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី៦ឆ្នាំឡើងទៅ នៅវិមានសន្តិភាព លោក ហ៊ុន សែន បានលើកឡើងថា អ្នកវិភាគដែលតុលាការចេញដីកាតាមចាប់ខ្លួននោះបានបង្ហោះសារនៅលើហ្វេសប៊ុកនិយាយអំពីរដ្ឋាភិបាលបង្រួបបង្រួមនៅក្រៅប្រទេស ដែលត្រូវបានប្រកាសបង្កើតដោយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។ ការថ្លែងរបស់នាយករដ្ឋមន្រ្តីទំនងសំដៅទៅលើអ្នកវិភាគ លោក សេង សារី ដែលតែងតែផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ហើយលោកធ្លាប់បង្ហោះសារបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីខែកក្កដា ឆ្នាំ២០២១។

លោក ហ៊ុន សែន ថ្លែងថា៖ «មានអាបណ្ឌិតមួយទៀត មានដីកាចាប់ខ្លួនរួចហើយ ព្រោះអ្ហែងគាំទ្រអាលក្ខខណ្ឌ៦ចំណុចដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន តុលាការចេញដីកាបាត់ហើយ។ បើរត់ រត់ឲ្យបានឆ្ងាយបន្តិច រត់ក្បែរៗហ្នឹង រត់មិនរួចទេ»។

លោក សេង សារី បានប្រាប់វីអូអេយ៉ាងខ្លីនៅថ្ងៃសុក្រថា ការថ្លែងរបស់លោក ហ៊ុន សែន គឺសំដៅទៅលើរូបលោក។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សេង សារី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដោយលើកឡើងថា«ការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច?

លោកបានសរសេរថា៖«ខ្ញុំសូមសាកល្បងវិភាគថាតើកម្លាំង៦ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាអាចងើបឡើងតាមការអំពាវនាវរបស់ លោក សម រង្ស៊ី ដែរឬទេ? ហើយវាអាចទៅរួចដែរឬទេ បើលោក សម រង្ស៊ី អំពាវនាវ? លោកបន្ថែមថា កម្លាំងដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន៦ធំៗ រួមមានកម្លាំងអ្នកគាំទ្រគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ និងប្រទេសជិតខាង។

លោក ហ៊ុន សែន បានចោទសួរថាតើការវិភាគទាំង៦ចំណុចនោះ ត្រូវបានដកចេញពីលើហ្វេសប៊ុកហើយឬនៅ? លោកបន្ថែមថាសមត្ថកិច្ចបានតាមរកអ្នកវិភាគរូបនោះ ប៉ុន្តែបានរត់ទៅទីក្រុងបាងកកនៃប្រទេសថៃ។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាការវិភាគបែបនេះជាការលើកទឹកចិត្តសម្រាប់ចលនាមួយនេះ ហើយលោកថាមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។

លោកបន្ថែមថា៖ «មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមប្រាប់ឲ្យហើយ។ អារឿងក្របខណ្ឌបក្សនយោបាយផ្សេង រឿងចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា គេចង់ធ្វើតាមបែបភូមា»។

កាលពីថ្ងៃពី១៧ ខែកក្កដា លោក សម រង្ស៊ី ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំក្នុងគម្រោងវិលត្រឡប់មកកម្ពុជាវិញ បានប្រកាសឲ្យដឹងពីបំណងរបស់លោកក្នុងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលស្រដៀងនឹងអ្វីដែលអ្នកប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាកំពុងធ្វើ ក្រោយពួកមន្ត្រីយោធានៅប្រទេសនោះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រីអោងសាន ស៊ូជី ដែលជាមេដឹកនាំគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យហៅកាត់ថាNLD។

លោក សម រង្ស៊ី ថាប្រជាពលរដ្ឋខ្មែរនឹងផ្តល់ការគាំទ្រដល់ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ហើយងាកចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានលើកយកករណីនៅប្រទេសមីយ៉ាន់ម៉ាថា រដ្ឋាភិបាលជាច្រើនទៀតនឹងឈប់ទទួលស្គាល់រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់ពួកយោធាដោយបែរខ្នងមកចងមេត្រីជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលជាកម្លាំងប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «យើងនៅប្រទេសកម្ពុជាក៏ត្រូវដើរតាមផ្លូវហ្នឹងដែរ គឺអាចមានរដ្ឋាភិបាលមួយបង្រួបបង្រួមជាតិ ដែលមានកម្លាំងប្រជារាស្ត្រគាំទ្រពេញទំហឹង ដែលមានកងកម្លាំងប្រដាប់អាវុធមួយចំនួន ឈរខាងប្រជារាស្ត្រ អត់ឈរខាង ហ៊ុន សែន ទៀតទេ ឈរខាងប្រជារាស្ត្រ ដូច្នេះរដ្ឋាភិបាលបែបហ្នឹង ខ្ញុំជឿថា នឹងមានការគាំទ្រយ៉ាងធំធេង ពីប្រជារាស្ត្រខ្មែរផងពីសហគមន៍អន្តរជាតិផង បន្ទាប់ពីការវិវឌ្ឍដូចគ្នានៅប្រទេសភូមា»។

នៅថ្ងៃសុក្រនេះ លោក ហ៊ុន សែន ក៏បានព្រមានចំៗចំពោះអ្នកអត្ថាធិប្បាយនយោបាយ លោក មាស នី អំពីការថ្លែងរបស់លោកទាក់ទងនឹងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាអ្វីក៏ដោយឲ្យតែកម្ពុជាធ្វើជាមួយចិន គឺលោក មាស នី ថាខុសទាំងអស់។

លោក ហ៊ុន សែន បានព្រមានអ្នកអត្ថាធិប្បាយកុំឲ្យវិភាគអ្វីដែលបន្សល់ទុកបទល្មើស ដែលត្រូវផ្តន្ទាទោស។

លោកបញ្ជាក់ថា៖ «អានេះខ្ញុំគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំឲ្យវិភាគជ្រុលហើយ ហើយកុំថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក។ ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនបានដកចេញហើយ វានៅហ្នឹងហើយ ចាត់ទុកបទល្មើសជាក់ស្តែង ម៉ោង១២យប់ ក៏ចាប់ដែរ»។

ជាការឆ្លើយតប លោក មាស នី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកមិនមានការរើសអើងចំពោះប្រទេសណានោះទេ ហើយលោកថាការវិភាគរបស់លោកមិនដែលត្រូវទាំងអស់ឡើយ។

លោកមានប្រសាសន៍ថា៖ «ចេតនារបស់ខ្ញុំ ក៏ខ្ញុំមិនមែនជាអ្នកដែលប្រឆាំងរើសអើងជាមួយនឹងចិន ហើយខ្ញុំក៏មិនដែលប្រឆាំងរើសអើងអីជាមួយនឹងវៀតណាមដែរ។ ខ្ញុំគ្រាន់តែព្យាយាមនិយាយនូវស្អីដែលខ្ញុំអាចនិយាយបានតែប៉ុណ្ណឹងទេ។ ប៉ុន្តែការមើលឃើញរបស់រដ្ឋាភិបាល ជារឿងធម្មតាទេ។ គាត់ក៏មានសិទ្ធិក្នុងការការពារខ្លួនគាត់ដែរនូវអ្វីដែលគាត់កំពុងតែធ្វើបាទ»។

លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាការព្រមាននិងការតាមចាប់ខ្លួនអ្នកវិភាគ វានឹងក្លាយជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសេរីភាពនៃការបញ្ចេញមតិ។

លោកប្រាប់វីអូអេថា៖ «ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ជាពិសេសយើងហៅថាអ្នករាជការ ថ្នាក់ដឹកនាំត្រូវតែមានភាពអត់ធ្មត់ខ្លះដែរទាក់ទងនឹងការរិះគន់ ពីព្រោះនៅប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ចៀសមិនផុតពីមតិប្រឆាំង ឬការរិះគន់»។

លោកបន្ថែមថាកាលពីកន្លងទៅ លោក មាស នី អ្នកវិភាគមួយរូប តែងតែផ្តល់បទសម្ភាសន៍ពីស្ថានភាពនយោបាយ សិទ្ធិមនុស្ស សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ដែលលោកត្រូវបានចាត់ទុកជាអ្នកវិភាគឯករាជ្យមួយរូបទៀតបន្ទាប់ពីលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១៦៕

Reply all
Reply to author
Forward
0 new messages