រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​មាន​តម្លាភាព​លើ​មូលដ្ឋាន​កង​ទ័ព​រាម​ដែល​ចិន​កំពុង​ធ្វើ​ទំនើបកម្ម

0 views
Skip to first unread message

samlot chit

unread,
Aug 6, 2022, 1:10:42 PM8/6/22
to samrain...@googlegroups.com

រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឱ្យកម្ពុជាមានតម្លាភាពលើមូលដ្ឋានកងទ័ពរាមដែលចិនកំពុងធ្វើទំនើបកម្ម

06 សីហា 2022

រូបឯកសារ៖ ទាហានជើងទឹកឈរយាមល្បាតនៅក្បែរនាវាល្បាតនៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ទាហានជើងទឹកឈរយាមល្បាតនៅក្បែរនាវាល្បាតនៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ភ្នំពេញ — 

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បានជំរុញឲ្យកម្ពុជាមានតម្លាភាពទៅលើបញ្ហាចម្រូងចម្រាសនៅមូលដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលប្រទេសចិនបានជួយក្នុងការធ្វើទំនើបកម្ម។

នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ ក្នុងរាជធានីភ្នំពេញ លោក Blinken ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានថ្លែងថា ប្រសិនបើមូលដ្ឋានកងទ័ពរាមត្រូវបានប្រើប្រាស់ដោយយោធាចិន នោះវានឹងបង្កជាហានិភ័យមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

លោក Blinken បានថ្លែងថា៖ «ទាក់ទិននឹងរឿងមូលដ្ឋានកងទ័ពជើងទឹករាម ខ្ញុំគិតថា ប្រទេសនានានៅទូទាំងតំបន់ ក៏មានក្ដីបារម្ភយ៉ាងខ្លាំងដែរ ប្រសិនបើប្រទេសណាមួយមានការត្រួតត្រាឬការប្រើផ្ដាច់មុខលើផ្នែកណាមួយនៃមូលដ្ឋាននោះ ឬក៏ធ្វើកិច្ចការណាមួយនៅទីនោះដែលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសផ្សេងទៀតនៅក្នុងតំបន់»។

លោកបន្ថែមថា៖ «ដូច្នេះ ខ្ញុំគិតថា វាគឺជារឿងសំខាន់នៅក្នុងការមានតម្លាភាពនិងនៅក្នុងការធ្វើឱ្យប្រាកដថា មូលដ្ឋាននោះបើកចំហសម្រាប់ប្រទេសទាំងអស់ មិនមែនសម្រាប់ការប្រើផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេ»។

នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោកក៏បានលើកឡើងអំពីបញ្ហានៅមូលដ្ឋានកងទ័ពរាមនេះផងដែរ។

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានរាម ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ប៉ុន្តែការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងមូលដ្ឋាននេះ ក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន។

កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថាជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់ថា ការធ្វើទំនើបកម្មនេះ មិនមែនធ្វើឡើង ដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឡើយ។

លោកបានថ្លែងថា៖ «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់បណ្តាប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពទប់ទល់ នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន»។

ភាគីកម្ពុជា និងចិន មិនបានបង្ហាញពីទំហំទឹកប្រាក់នៃជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនលើការធ្វើទំនើបកម្មមូលដ្ឋានរាមឡើយ។ គម្រោងធ្វើទំនើបកម្ម ដែលមានការសាងសង់ថ្មី និងជួសជុលផងនោះ នឹងប្រើរយៈពេល ២៤ ខែ។

កាលពីកន្លងទៅ លោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ បានឲ្យដឹងថា សំណង់ដែលត្រូវសាងសង់ថ្មី មានដូចជាអគារប្រជុំ អគារបុគ្គលិក អគារជួសជុល កន្លែងកីឡា អាហារដ្ឋាន ផែសំចតនាវាថ្មីពីរកន្លែងសម្រាប់នាវាធុនមធ្យម ស្តារឃ្លងដែលនៅរាក់នៅឡើយ រៀបចំប្រព័ន្ធទឹក អគ្គិសនី លូ និងកន្លែងស្តុកប្រេងឥន្ធនៈសម្រាប់ឧទ្ធម្ភាគចក្រជាដើម។

លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជានិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីម៉ែលកាលពីថ្ងៃសុក្រថា រដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ជាថ្មីនូវអ្វីដែលបានដឹងជាច្រើនឆ្នាំមកហើយ ហើយកម្ពុជាគួរតែបើកចំហ និងមានតម្លាភាពលើមូលដ្ឋានកងទ័ពរាមនេះ។ លោកបន្ថែមថា ការអនុញ្ញាតឲ្យប្រទេសមួយប្រើប្រាស់ «វាធ្វើឲ្យប៉ះពាល់ស្ថិរភាពតំបន់អាស៊ីអាគ្នេយ៍»។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Blinken មកកម្ពុជានាពេលនេះ ចំពេលមានភាពតានតឹងរវាងអាមេរិក និងចិន កំពុងកើនឡើងលើដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា អ្នកស្រី Nancy Pelosi ទៅលើបញ្ហានៅកោះតៃវ៉ាន់។ ចិនបានបាញ់គ្រាប់មីស៊ីលផ្លោងចូលទៅក្នុងដែនទឹក ជាប្រតិកម្មទៅនឹងដំណើរទស្សនកិច្ចនេះ។

លោក Blinken បានថ្លែងថា ទោះជាប្រទេសចិនគិតយ៉ាងម៉េចចំពោះដំណើរទស្សនកិច្ចនេះ ការបាញ់គ្រាប់ផ្លោងមីស៊ីល ១១ គ្រាប់ ដែលក្នុងនោះរួមមានទាំងការបាញ់កាត់ពីលើតៃវ៉ាន់ និងការបញ្ជូននាវារបស់ខ្លួនទៅជុំវិញកោះតៃវ៉ាន់ផងដែរ គឺពិតជាច្រើនហួសហេតុ និងប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់៕

Reply all
Reply to author
Forward
0 new messages