ក្រុម​អ្នក​ជំនាញ​អ.ស.ប​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ក្មេង​ប្រុស​ជា​កូន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​មន្រ្តី​កម្ពុជា​ការពារ​ចំណាត់​ការ​ផ្លូវ​ច្បាប់

0 views
Skip to first unread message

samlot chit

unread,
Sep 3, 2021, 10:56:54 AMSep 3
to samrain...@googlegroups.com

ក្រុមអ្នកជំនាញអ.ស.បអំពាវនាវឲ្យដោះលែងក្មេងប្រុសជាកូនសកម្មជនបក្សប្រឆាំង ខណៈមន្រ្តីកម្ពុជាការពារចំណាត់ការផ្លូវច្បាប់

03 កញ្ញា 2021

យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

ភ្នំពេញ — 

ក្រុមអ្នកជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប) បានបង្ហាញក្តី«ព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះការឃុំខ្លួនក្មេងប្រុសម្នាក់ដែលមានជំងឺអូទីស្សឹម (autism) និងជាកូនប្រុសរបស់សកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លួនដូចគ្នា។ ការអំពាវនាវនេះ ក៏ត្រូវបានបដិសេធដោយរដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកជំនាញទាំងនោះមានលោកលោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី អីរ៉េន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងទស្សនៈ អ្នកស្រី ត្លាលេង ម៉ូហ្វូខេង(Tlaleng Mofokeng) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនគ្រប់រូបក្នុងការទទួលបានស្តង់ដាខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងអ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានអំពាវនាវឲ្យកម្ពុជាដោះលែងក្មេងប្រុសម្នាក់ អាយុ១៧ឆ្នាំ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាង២ខែ ហើយរូបគេមិនបានជួបគ្រួសារនោះទេ។ សេចក្តីថ្លែងការណ៍ឲ្យដឹងថាអនីតិជនរូបនេះមានឪពុកជាអតីតមន្រ្តីគណបក្សប្រឆាំង និងម្តាយជាអ្នកការពារសិទ្ធិមនុស្សដែលតែងតែចេញមុខតវ៉ាទាមទារយុត្តិធម៌ឲ្យស្វាមី ចាប់តាំងពីឆ្នាំមុន។ ក្មេងប្រុសនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា និងត្រូវបានចោទប្រកាន់ពីបទញុះញង់ និងប្រមាថមន្រ្តីសាធារណៈពាក់ព័ន្ធនឹងសកម្មភាពតាមអ៊ីនធឺណិតរបស់គាត់។ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ប្រសិនជាគាត់ត្រូវបានផ្តន្ទាទោស។

ក្រុមអ្នកជំនាញបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «កុមារមានពិការភាពដែលត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់គួរតែបានប្រព្រឹត្តស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារហើយរាល់កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើងដើម្បីដាក់ពួកគាត់ឲ្យនៅក្រៅពន្ធនាគារ។ នេះជាការពិត ជាពិសេសក្នុងករណីមួយដូចជាករណីនេះនៃការបញ្ចេញមតិដោយសេរីនិងដោយសន្តិវិធី»។

កាលពីថ្ងៃទី២៤ ខែមិថុនា កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនលោក កាក់ សុវណ្ណឆ័យ ជាសិស្សថ្នាក់ទី៩ និងជាកូនប្រុសរបស់លោក កាក់ កុម្ភារ អតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ប៉ូលិសបានបញ្ជាក់ថាយុវជននោះ ត្រូវបានសង្ស័យថា«ញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមនិងការប្រមាថមន្ត្រីរាជការសាធារណៈ»។

រូបឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាម្តាយបង្កើតរបស់យុវជន កាក់ សុវណ្ណឆ័យ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាម្តាយបង្កើតរបស់យុវជន កាក់ សុវណ្ណឆ័យ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានរំឭកអំពីអនុសញ្ញា អ.ស.ប ស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ ដែលចែងថាការចាប់ខ្លួន និងការឃុំខ្លួនកុមារគួរតែត្រូវបានប្រើជាជម្រើសចុងក្រោយនិងសម្រាប់រយៈពេលខ្លីបំផុតប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា៖ «យើងសូមជំរុញឲ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងអនីតិជនរូបនេះជាបន្ទាន់»។

បើតាមសេចក្តីថ្លែងការណ៍ ក្មេងប្រុសនេះត្រូវបានចាប់ខ្លួន ដោយគ្មានដីកាហើយក្រុមគ្រួសារគាត់មិនអាចជួបគាត់បានខណៈពេលដែលគាត់ត្រូវបាននគរបាលឃុំខ្លួនឬចាប់តាំងពីពេលដែលគាត់ត្រូវបានចាប់ខ្លួន។

ពួកគេបញ្ជាក់បន្ថែមថា៖ «យើងមានការព្រួយបារម្ភខ្លាំងផងដែរដែលកុមាររូបនេះត្រូវបានគេសួរចម្លើយដោយគ្មានវត្តមានមេធាវី ឬអាណាព្យាបាលរបស់គាត់ដែលរំលោភលើច្បាប់ស្តីពីយុត្តិធម៌អនីតិជនកម្ពុជានិងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។

ក្មេងប្រុសរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន កាលពីលើកមុន ប៉ុន្តែមិនត្រូវបានចោទប្រកាន់ទេកាលនោះ ហើយក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខវាយដំផងដែរ។ បន្ទាប់ពីការចាប់ខ្លួនគាត់កាលពីខែតុលា ឆ្នាំមុន នៅខាងមុខទីស្នាក់ការកណ្តាលចាស់នៃគណបក្សសង្គ្រោះជាតិ គាត់ត្រូវបានគេរាយការណ៍ថាត្រូវបាននគរបាលដាល់ និងទះកំផ្លៀងគាត់ក្នុងអំឡុងពេលសួរចម្លើយ។ ពីរថ្ងៃក្រោយមក គាត់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។ នៅខែមេសាឆ្នាំនេះ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានស្រាំឆ្អឹងលលាដ៍ក្បាល បន្ទាប់ពីបុរសពីរនាក់បានជិះម៉ូតូតាមវាយគាត់ដោយដុំឥដ្ឋ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្ស។

លោក កាក់ កុម្ភារ ឪពុករបស់យុវជនកាក់ សុវណ្ណឆ័យ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារព្រៃសកាលពីខែមិថុនា ឆ្នាំ២០២០ ក្រោមការចោទពីបទ«ប្រមាថនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។ លោកនិងសកម្មជនផ្សេងទៀតកំពុងរង់ចាំការកាត់ទោស ដែលត្រូវបានពន្យារពេលដោយសារជំងឺកូវីដ១៩។

ជាការឆ្លើយតបនឹងការព្រួយបារម្ភនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវបានចេញសេចក្តីថ្លែងការណ៍មួយ ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ដោយការពារថា៖«រាល់ការចោទប្រកាន់និងការអនុវត្តន៍នីតិវិធី គឺអនុលោមស្របទៅតាមច្បាប់»។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបង្ហាញ«ការខកចិត្តយ៉ាងខ្លាំង» ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ចំពោះការអនុវត្តច្បាប់នៅកម្ពុជា។

សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមច្រានចោលយ៉ាងដាច់អហង្ការនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជាតាមរយៈការអត្ថាធិប្បាយបែបនយោបាយូបនីយកម្មជ្រើសរើសតែមួយជ្រុង និងបង្កការភ័ន្តច្រឡំដល់សាធារណជន»។

តំណាងរដ្ឋាភិបាលបានបញ្ជាក់ថាការទាមទាររបស់អ្នករាយការណ៍ពិសេសឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ «គឺស្មើនឹងការប្រមាថទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា»។

អ្នកស្រីព្រុំ ចាន់ថា អាយុ៤៤ឆ្នាំ ជាម្តាយបង្កើតរបស់យុវជន កាក់ សុវណ្ណឆ័យ បានថ្លែងថាអ្នកស្រីមិនត្រូវបានអនុញ្ញាតឲ្យជួបកូនប្រុស ចាប់តាំងពីថ្ងៃចាប់ខ្លួន បើទោះបីមានការស្នើសុំជាច្រើនដង។ អ្នកស្រីចាត់ទុកថានេះ«អយុត្តិធម៌»សម្រាប់រូបអ្នកស្រីជាម្តាយ ខណៈកូននៅក្មេង ហើយ«មានសតិមិនល្អ»។ អ្នកស្រីបន្ថែមថាកូនប្រុសមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់នោះទេ។

អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ប្រទេសមួយៗធម្មតា គេមានការរិះគន់ស្ថាបនា ហើយនិងទិតៀន។ រដ្ឋាភិបាលយើង សូម្បីតែក្មេងប៉ុនមេដៃរិះគន់ មិនបាច់ថាកូនខ្ញុំទេ សូម្បីតែមតិរិះគន់មិនបានផងហ្នឹង គ្រាន់តែនិយាយពាក្យពិតអត់បានផងហ្នឹង ហើយកូនខ្ញុំខុសអី? និយាយគ្នាក្មេង ហើយចាប់ឪពុកគ្នាដាក់គុក ហើយជេរប្រមាថគ្នាសព្វបែបយ៉ាង»។

អ្នកស្រីបន្ថែមថាមេធាវីរបស់កូនប្រុសបានដាក់ពាក្យសុំនៅក្រៅឃុំទៅតុលាការកំពូល ជាការប្តឹងទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍ដែលមិនអនុញ្ញាតឲ្យកូនប្រុសនៅខាងក្រៅឃុំបណ្តោះអាសន្ន៕

Reply all
Reply to author
Forward
0 new messages