ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

0 views
Skip to first unread message

samlot chit

unread,
May 5, 2022, 4:22:18 PM5/5/22
to samrain...@googlegroups.com

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យក្តីក្តាំចោទប្រកាន់សកម្មជនបក្សប្រឆាំង

05 ឧសភា 2022

រូបឯកសារ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ធ្វើសន្និសីទសារព័ត៌មាននៅការិយាល័យកណ្តាលរបស់គណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ ។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ធ្វើសន្និសីទសារព័ត៌មាននៅការិយាល័យកណ្តាលរបស់គណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ ។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — 

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌ដែលថាតុលាការឯករាជ្យ គឺជាចេតនាដែលមិនចង់ផ្តល់យុត្តិធម៌ដល់មន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ និងរងការចោទប្រកាន់។

លោក សុន ឆ័យ ដែលជាអ្នកនយោបាយជើងចាស់រូបនោះ ក៏ជំរុញឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលការចោទប្រកាន់របស់តុលាការលើសកម្មជនរបស់ខ្លួនផងដែរ។

លោក សុន ឆ័យ បានដឹកនាំមន្ត្រីរបស់លោកជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិភាក្សាការងារមួយចំនួន ក្នុងនោះមានការធ្វើទុក្ខបុកម្នេញលើសកម្មជនថ្នាក់ក្រោមរបស់លោក។

នៅក្នុងជំនួបនោះ លោកបានស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ។ លោកក៏បានស្នើសុំឱ្យមានការពន្យានីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោក សុន ឆ័យ ប្រាប់វីអូអេថា សម្មជនគណបក្សរបស់លោកមិនបានប្រព្រឹត្តអ្វីខុសនោះទេ ហើយលោកបញ្ជាក់ថាការស្នើសុំរបស់ក្រុមលោកមិនមានចំណុចត្រង់ណាដែលផ្ទុយនឹងច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញឡើយ។ លោកជំរុញឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលភាពមិនប្រក្រតីនៃរឿងក្តីក្តាំផ្សេងៗដែលកើតមានលើសមាជិកគណបក្សភ្លើងទៀន។

លោកថ្លែងថា៖ «ហើយតុលាកាស្រុកខ្មែរយើងហ្នឹង មួយផ្នែកពុករលួយ ហើយមួយផ្នែកទៀត ក៏បម្រើគណបក្សនយោបាយដែរទេ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានចូលរួមកិច្ចប្រជុំនោះ បានបង្ហោះសារនៅលើហ្វេសប៊ុកថា សំណើទាំងនោះគឺជា«សមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ»។ លោកបញ្ជាក់ថា ក្រសួងយុត្តិធម៌«ពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ»។

មន្ត្រីជាន់ខ្ពស់រូបនោះបន្ថែមថា ក្រសួងយុត្តិធម៌ក៏បានស្នើទៅតំណាងគណបក្សភ្លើងទៀន ឱ្យជួយណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់។

លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ព្រោះអីសំណើរបស់គាត់[លោក សុន ឆ័យ] វាសុទ្ធតែជាសំណើដែលសុំឱ្យក្រសួងបំពានរដ្ឋធម្មនុញ្ញ បំពានច្បាប់ បំពានអំណាចតុលាការ។ ប៉ុន្តែលូកលាន់ចូលកិច្ចការរបស់តុលាការ ដែលកន្លងមក ក្រុមរបស់គាត់រិះគន់រដ្ឋាភិបាល រិះគន់ក្រសួងថាជ្រៀតជ្រែក លូកលាន់កិច្ចការតុលាការ រិះគន់តុលាការមិនឯករាជ្យ ក៏ប៉ុន្តែដល់ពេលឥឡូវនេះ គាត់បែរជាស្នើសុំឱ្យក្រសួងជ្រៀតជ្រែកកិច្ចការតុលាការ បំពានរដ្ឋធម្មនុញ្ញ បំពានបទបញ្ញត្តិទៅវិញ។ អាហ្នឹង ខ្ញុំក៏មិនយល់ដែរអាហ្នឹង»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលជានិច្ចកាលការពារថាតុលាការឯករាជ្យ ពោលគឺមិនស្ថិតនៅក្រោមអំណាចឬក៏សម្ពាធរបស់រដ្ឋាភិបាលឡើយ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា តុលាការកម្ពុជាមិនឯករាជ្យឡើយ។

លោកប្រាប់វីអូអេថា៖ «អ្វីដែលជាការអនុវត្តជាក់ស្តែង គឺតាមរយៈការមើលឃើញអំពីសកម្មភាពដែលមានទៅលើការអនុវត្តតួនាទីទាំងអស់ហ្នឹង ដែលអាចបញ្ជាក់ថាអ្វីទាំងអស់ហ្នឹង គឺមិនស្ថិតនៅក្នុងឯករាជ្យភាព ឬក៏អព្យាក្រឹតភាពទេ»។

គួរបញ្ជាក់ថាគណបក្សភ្លើងទៀនធ្លាប់ឱ្យដឹងថានៅក្នុងខែមីនា ឆ្នាំ២០២២ សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋានហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ៕

Reply all
Reply to author
Forward
0 new messages