អូស្ត្រាលី​រំពឹង​ថា​កម្ពុជា​រក្សា​«តុល្យភាព»​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​

0 views
Skip to first unread message

samlot chit

unread,
Nov 25, 2021, 1:36:05 PM11/25/21
to samrain...@googlegroups.com

អូស្ត្រាលីរំពឹងថាកម្ពុជារក្សា«តុល្យភាព»ពេលធ្វើជាប្រធានអាស៊ាន


លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយវីអូអនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (វីអូអេ)
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយវីអូអនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (វីអូអេ)

ប្រទេសអូស្ត្រាលីរំពឹងថាកម្ពុជានឹងដើរតួនាទីប្រកបដោយ«តុល្យភាព»នៅពេលកម្ពុជាធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានចាប់ពីដើមឆ្នាំ២០២២។នេះជាការជំរុញរបស់ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាលោក Kang Pablo។

ក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីថ្ងៃទី១៦ខែវិច្ឆិកា លោក Kang Pablo បានលើកឡើងថាក្នុងតំណែងជាប្រធានអាស៊ានកម្ពុជាអាចនឹងពើបប្រទះនឹងប្រធានបទ«ដែលជាចំណុចនៃភាពខុសគ្នានិងជាចំណុចនៃភាពតានតឹងក្នុងតំបន់»ផងដែរ។

លោកថ្លែងថា៖ «កម្ពុជានឹងដើរតួនាទីដែលនឹងពើបប្រទះនឹងបញ្ហាប្រឈមផងនិងដែលអាចមានសក្តានុពលទាញយករង្វាន់ផងដែរ។ខ្ញុំគិតថាវាមិនជារឿងងាយស្រួលនោះទេក្នុងការធ្វើជាប្រធានអាស៊ាន»។

ប្រមុខការទូតអូស្ត្រាលីប្រចាំនៅកម្ពុជារូបនេះបន្តថារដ្ឋាភិបាលក្រុងកង់បេរ៉ារក្សាជំហរមួយចំនួនដែលគិតគូរពេលកម្ពុជាដឹកនាំជាប្រធានអាស៊ាននិងបន្តចរចាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។

លោកបន្ថែមថា៖ «យើងមានជំហរនឹងនរទៀងទាត់ក្នុងការលើកការពារជំហរថាជាឧទាហរណ៍មានការចរចាបង្កើតនូវក្រមប្រតិបត្តិមួយកំពុងប្រព្រឹត្តទៅនាពេលនេះដែលសម្រាប់អូស្ត្រាលីវាមានសារៈសំខាន់ឱ្យយើងគូសបញ្ជាក់អំពីសេរីភាពនាវាចរណ៍សេរីភាពនៃការហោះហើរដោយសេរីពីលើតំបន់ជលមាគ៌ាអន្តរជាតិនៅសមុទ្រចិនខាងត្បូងសេរីភាពក្នុងការប្រតិបត្តិសកម្មភាពរុករកធនធានធម្មជាតិឬក៏ការធ្វើសមយុទ្ធទ័ពជើងទឹក ដែលទាំងនេះជាគោលដៅជួរមុខរបស់យើង»។

រូបឯកសារ៖ កងនាវាចម្បាំងអាមេរិក Theodore Roosevelt និងកងនាវាចម្បាំង Makin Island Amphibious Ready Group បើកឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ កងនាវាចម្បាំងអាមេរិក Theodore Roosevelt និងកងនាវាចម្បាំង Makin Island Amphibious Ready Group បើកឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

លោក Kang Pablo បន្តថាអូស្ត្រាលីក៏គិតថាប្រធានបទទាក់ទងនឹងវិបត្តិក្រោយរដ្ឋប្រហារភូមានឹងបន្តជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានហើយអូស្ត្រាលីស្នើថា គ្រប់ចំណុចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចត្រូវ«អនុវត្តដោយពេញលេញ»។

លោកបញ្ជាក់ថា៖ «ក្នុងនាមជាប្រធានអ្នកត្រូវដើរតួនាទីដើម្បីធានានូវតុល្យភាពដើម្បីធានាផលប្រយោជន៍និងមតិយោបល់ជាធរមាននានាត្រូវបានគេដឹងឮនិងអាចត្រូវបានលើកឡើងអំឡុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំដែលពាក់ព័ន្ធ»។

លោក ឯម សុវណ្ណារ៉ា អ្នកតាមដាននយោបាយកម្ពុជាបានលើកឡើងថាបទពិសោធន៍កាលពីឆ្នាំ២០១២ដែលកម្ពុជាបានខកខានក្នុងការចេញសេចក្តីថ្លែងការណ៍រួមបានធ្វើឲ្យសមាជិកប្រទេសអាស៊ានដទៃបង្ហាញការមិនពេញចិត្តដល់កម្ពុជាចំពោះទំនោរលម្អៀងទៅខាងភាគីចិន។ ហេតុនេះលោកថាកម្ពុជាគួរយកជំហរអព្យាក្រឹតដែលរក្សាប្រយោជន៍និងភាពជាឯកច្ឆន្ទរបស់អាស៊ានព្រមទាំងរក្សាតុល្យភាពរវាងភាគីចិននិងលោកខាងលិច។

លោកថ្លែងថា៖ «ធម្មតាយើងពិបាកបង្ហាញថារដ្ឋណាមួយអព្យាក្រឹត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញណាស់ប៉ុន្តែឥរិយាបទ អាកប្បកិរិយាដែលកម្ពុជាស្តែងចេញតាមនយោបាយការបរទេសឧទាហរណ៍ថាយើងលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនិងអូស្ត្រាលីតែយើងទុកតែសមយុទ្ធយោធានាគមាសជាមួយចិន។ អ្វីដែលលោកខាងលិចលើកឡើងគឺចង់ឲ្យអាស៊ានរួមទាំងកម្ពុជាធ្វើយ៉ាងម៉េចឲ្យមានការប្រកួតប្រជែងស្មើគ្នារវាងចិននិងលោកខាងលិច»។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃព្រហស្បតិ៍ថាកម្ពុជានឹងខិតខំបំពេញតួនាទីជាប្រធានអាស៊ានប្រកបដោយ«ភាពអព្យាក្រឹត ក្នុងឋានៈជាប្រទេសមានឯករាជ្យភាពនិងអធិបតេយ្យភាពមួយ»ដោយឆ្លើយតបទៅនឹងបញ្ហានិងភាពមិនប្រាកដប្រជានានាក្នុងតំបន់។

លោកបញ្ជាក់ថា៖ «ការបំពេញតួនាទីលក្ខណៈមានអព្យាក្រឹតនេះមិនពិបាកទេដរាបណាកុំឲ្យមានការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់ប្រទេសណាមួយជាពិសេសប្រទេសមហាអំណាចណាមួយនោះ»។

ក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តកំពង់ចាមដែលជាជំនួយរបស់ចិនកាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើរជំនួយហិរញ្ញប្បទានជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាដែលលោកហៅថាជាជំនួយមាន«ចំណុចពិសេស»ដោយគោរពនូវការចង់បានរបស់កម្ពុជា។

លោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ថាលោកលម្អៀងទៅប្រទេសចិនហើយចោទជាសំណួរថាបើលោកមិនពឹងចិនតើលោកពឹងអ្នកណា? ទោះជាយ៉ាងណាលោកប្រកាសថាលោកក៏ទទួលស្វាគមន៍គម្រោងកសាងពិភពលោកឲ្យប្រសើរឡើងវិញ (Build Better Back) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ហើយលោកសង្ឃឹមថាកម្ពុជានឹងទទួលបានគម្រោងអភិវឌ្ឍន៍មួយចំនួនពីគំនិតផ្តួចផ្តើមមួយនេះ៕

Reply all
Reply to author
Forward
0 new messages