«ចិន​​បន្ត​​សង់​សំណង់​​នៅ​​មូលដ្ឋាន​​ទ័ព​​ជើង​​ទឹក​រាម»

14 views
Skip to first unread message

samlot chit

unread,
Oct 14, 2021, 12:25:28 AM10/14/21
to samrain...@googlegroups.com

«ចិនបន្តសង់សំណង់នៅមូលដ្ឋានទ័ពជើងទឹករាម»

ដោយ សេក បណ្ឌិត
2021-10-13 RFA:
«ចិនបន្តសង់សំណង់នៅមូលដ្ឋានទ័ពជើងទឹករាម»រូបភាពពីផ្កាយរណប (AMTI) បង្ហាញពីការសាងសង់អាគារថ្មីសន្លាងចំនួន ៣ខ្នង និងការស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងមូលដ្ឋានទ័ពជើងទឹករាម។ ក្នុងចំណោមអគារទាំង៣នោះ មានអគារ ២ខ្នងត្រូវបានសាងសង់ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែសីហា ខិតទៅភាគខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាម។
 រូប៖ AMTI

https://www.rfa.org/khmer/news/politics/csis-said-china-continues-to-transform-ream-naval-base-10132021204943.html

មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធាចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចរូបរាងឡើង។ ស្ថានទូតសហរដ្ឋអាមេរិកសម្ដែងកង្វល់ជាថ្មីទៀតចំពោះការវិវឌ្ឍចុងក្រោយនេះ ខណៈអ្នកតាមដានស្ថានការណ៍ស្នើឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពចំពោះករណីនេះ។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តកើតមានក្នុងមូលដ្ឋានទ័ពជើងទឹករាម ស្របពេលដែលមានក្ដីបារម្ភថា ទីតាំងថ្មីៗជាច្រើនត្រូវបានសាងសង់ដើម្បីសម្រួលដល់វត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជា។

របាយការណ៍ថ្មីចុងក្រោយឱ្យដឹងថា អំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២១នេះ មានការសាងសង់អាគារថ្មីសន្លាងចំនួន ៣ខ្នង និងការស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងមូលដ្ឋានទ័ពជើងទឹករាម។ ក្នុងចំណោមអគារទាំង៣នោះ មានអគារ ២ខ្នងត្រូវបានសាងសង់ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែសីហា ខិតទៅភាគខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាម។ អគារថ្មីទាំងពីរនេះស្ថិតនៅជាប់នឹងអគារពីរផ្សេងទៀតដែលត្រូវបានសាងសង់កាលពីខែមេសា និងខែឧសភា កន្លងទៅ។ ចំណែកអគារមួយផ្សេងទៀតនោះ ជាអគារតូចដែលត្រូវបានសាងសង់អំឡុងពេលជាមួយគ្នា ស្ថិតនៅលើឆ្នេរផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាម។ នេះបើយោងតាមរូបភាពពីប្រព័ន្ធផ្កាយរណបដែលផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែតុលា ដោយគំនិតផ្ដួចផ្ដើមតម្លាភាពលំហសមុទ្រអាស៊ី ហៅកាត់ថា AMTI (Asia Maritime Transparency Initiative) នៃមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិក។

ប្រភពដដែលឱ្យដឹងទៀតថា កាលពីចុងខែសីហា ផ្លូវថ្មីមួយខ្សែត្រូវបានស្ថាបនាពីច្រកចូលភាគអាគ្នេយ៍នៃមូលដ្ឋានទ័ពជើងទឹករាមទៅកាន់តំបន់ឆ្នេរ ដែលជាកន្លែងសាងសង់អគារថ្មីទាំងនោះ។ ការស្ថាបនាផ្លូវមួយខ្សែនេះបានបន្តរហូតមកដល់ដើមខែតុលានេះ។ ផ្លូវថ្មីដ៏មានសក្ដានុពលមួយនេះឆ្លងកាត់ប្រសព្វគ្នាជាមួយនឹងផ្ទៃដីដ៏ធំដែលភាគីកម្ពុជាបានឈូសឆាយ និងហ៊ុមព័ទ្ធកាលពីឆ្នាំ២០១៩ មុនពេលដំណឹងនៃកិច្ចព្រមព្រៀងស្ដីពីការអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម បានផ្ទុះឡើង។

ក្រៅពីនេះ ការផ្លាស់ប្ដូរមួយចំនួនទៀតក៏កើតមានក្នុងមូលដ្ឋានទ័ពជើងទឹករាមអំឡុងខែសីហា និងខែកញ្ញានោះផងដែរ ដូចជាការឈូសឆាយ និងជម្រះដើមឈើ និងការជីកប្រឡាយទឹកជាដើម។

ស្ថានទូតសហរដ្ឋអាមេរិកប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិកត្រូនិក ឬអ៊ីមែល (E-mail) នៅថ្ងៃទី១៣ ខែតុលាថា ស្ថានទូតទទួលបានរបាយការណ៍ស៊ីសង្វាក់គ្នា និងគួរឱ្យទុកចិត្តបានថា ការស្ថាបនាសំខាន់ៗមួយចំនួនរបស់ចិនបន្តកើតមាននៅមូលដ្ឋានទ័ពជើងទឹករាម។ ស្ថានទូតអាមេរិកថ្លែងទៀតថា រដ្ឋាភិបាលកម្ពុជាមិនមានតម្លាភាពពេញលេញអំពីចេតនា លក្ខណៈ និងវិសាលភាពនៃគម្រោងនេះ ឬក៏តួនាទីរបស់កងទ័ពចិននោះទេ ដែលចំណុចទាំងនេះបង្កឱ្យមានការព្រួយបារម្ភអំពីគោលបំណងនៃការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកនោះ។

វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយអំពីរឿងនេះ ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល នៅថ្ងៃទី១៣ ខែតុលា។ ទោះជាយ៉ាងណា លោក ទៀ បាញ់ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីខែឧសភាថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យចិនអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។ លោកបញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋានទ័ពមួយនេះ គឺជាជំនួយឥតសំណងរបស់ចិន ហើយកងកម្លាំងរបស់ចិនក៏ចូលរួមក្នុងសកម្មភាពទាំងនេះដែរ។

cb8207c8-f1c7-4302-ba3e-4ca06fb2535f.jpegលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរូបភាពពីផ្កាយរណបរបស់មជ្ឈមណ្ឌលដើម្បីការសិក្សាពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS របស់អាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឲ្យដឹងថា អគារថ្មីសន្លាងចំនួនពីរទើបនឹងត្រូវបានសាងសង់រួចរាល់យ៉ាងឆាប់រហ័សនៅក្នុងទីតាំងកំពង់ផែកងទ័ពជើងទឹករាម។

ទាក់ទងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងនេះ លោកថា រដ្ឋាភិបាលក៏ត្រូវធានាថា នឹងមិនមានវត្តមានកងទ័ពបរទេសលើទឹកដីខ្មែរដែរ ពីព្រោះនេះជាគ្រោះថ្នាក់សម្រាប់ជាតិ និងប្រាសចាករដ្ឋធម្មនុញ្ញ។

អ្នកសិក្សាស្រាវជ្រាវរូបនេះបន្ថែមថា ជម្រើសល្អសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពរបស់ខ្លួន គឺការបើកចំហ និងបង្ហាញតម្លាភាពថា ការអភិវឌ្ឍទាំងនោះពិតជាបម្រើផលប្រយោជន៍ជាតិ មិនមែនបម្រើផលប្រយោជន៍បរទេសណាមួយឡើយ៖ «កុំឱ្យតែយើងដាក់គម្រោងហ្នឹងចេញទៅសម្រាប់តែតម្រូវចិត្តឱ្យបរទេសណាមួយក្នុងការជួយយើង។ ប៉ុន្តែបើយើងបង្ហាញពីតម្លាភាព សេចក្តីស្មោះត្រង់ សុចរិតភាពនៅក្នុងគម្រោងហ្នឹង ថាយើងពិតជាចង់ឱ្យគម្រោងអភិវឌ្ឍមូលដ្ឋានទ័ពរបស់កម្ពុជាហ្នឹងអភិវឌ្ឍរីកចម្រើនមែន ហើយយើងត្រូវការភាគីពាក់ព័ន្ធចូលរួម អ៊ីចឹងភាគីណាដែលចង់ចូលរួមជួយយើង គេអាចជួយបាន។ ហើយយើងក៏អាចដោះខ្លួនពីការដែលយើងជ្រុលខ្លួនទៅពឹងពាក់មហាអំណាចណាមួយខ្លាំងពេកផងដែរ»

របបលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនីស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក The Wall Street Journal បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ថា កិច្ចព្រមព្រៀងសម្ងាត់នោះបានអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។

b65d9760-edb2-4631-aff9-b71add5b4e55.jpegអនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

ទាំងរបបក្រុងភ្នំពេញ និងរបបក្រុងប៉េកាំង សុទ្ធតែបានបដិសេធព័ត៌មាននេះ ប៉ុន្តែរបបទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចជឿជាក់បាននោះឡើយ។ ជាការពិត របបលោក ហ៊ុន សែន ធ្លាប់បាននាំអ្នកសារព័ត៌មានមួយក្រុមចុះមើលមូលដ្ឋានទ័ពជើងទឹករាម ប៉ុន្តែដំណើរទស្សនកិច្ចនោះមានរយៈពេលខ្លី និងមិនទូលំទូលាយឡើយ។ ក្រោយមកនៅខែមិថុនា ឆ្នាំ២០២១ នេះ របបលោក ហ៊ុន សែន បានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមូលដ្ឋានទ័ពជើងទឹកនេះដែរ តែមន្ត្រីអាមេរិកបានបញ្ឈប់ដំណើរទស្សនកិច្ចក្នុងរយៈពេលដីខ្លី នៅពេលដឹងថា ភាគីកម្ពុជាមិនអនុញ្ញាតឱ្យពិនិត្យគ្រប់កន្លែង។ មន្ត្រីកម្ពុជាអះអាងថា ការមិនអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យគ្រប់កន្លែងនេះ គឺដោយសារខ្លាចប៉ះពាល់ដល់សន្តិសុខជាតិ។ ទោះជាយ៉ាងណា ព័ត៌មានស្ដីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានទ័ពជើងទឹករាម ក្រោមការជួយជ្រោមជ្រែងពីភាគីចិន ត្រូវបានរកឃើញ និងផ្សព្វផ្សាយជាបន្តបន្ទាប់។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគូសបញ្ជាក់ជាថ្មីទៀតថា វត្តមានយោធាបរទេសណាមួយនៅមូលដ្ឋានទ័ពជើងទឹករាមនឹងប្រឆាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់ទាំងមូល។ ស្ថានទូតដដែលបន្ថែមថា ពលរដ្ឋកម្ពុជាមានសិទ្ធិដឹងឮបន្ថែមទៀតអំពីគម្រោងនៅមូលដ្ឋានទ័ពជើងទឹករាម ហើយនិងបញ្ចេញយោបល់ចំពោះកិច្ចព្រមព្រៀងយោធាប្រភេទនេះ ពីព្រោះវាមានផលប៉ះពាល់រយៈពេលវែងដល់ប្រទេសកម្ពុជា៕

Reply all
Reply to author
Forward
0 new messages