កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

0 views
Skip to first unread message

samlot chit

unread,
Jul 15, 2021, 11:38:56 AM7/15/21
to samrain...@googlegroups.com

កម្ពុជាបញ្ជាក់គោលការណ៍«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ខណៈអាមេរិកជំរុញអាស៊ានឲ្យចាត់វិធានការរឹងមាំលើវិបត្តិនៅមីយ៉ាន់ម៉ា

15 កក្កដា 2021

រូបឯកសារ៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីអឺរ៉ុប (ASEM) នៅឯមជ្ឈមណ្ឌលសន្និបាតអន្តរជាតិមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីអឺរ៉ុប (ASEM) នៅឯមជ្ឈមណ្ឌលសន្និបាតអន្តរជាតិមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

ភ្នំពេញ — 

នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាមេរិកក្នុងកិច្ចប្រជុំពិសេសអាមេរិក-អាស៊ានកាលពីថ្ងៃពុធ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានគូសបញ្ជាក់អំពីគោលការណ៍«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ទាក់ទងនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលអាមេរិកបានអំពាវនាវឲ្យអាស៊ានចាត់វិធានការជាបន្ទាន់។

កាលពីថ្ងៃពុធ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន តាមប្រព័ន្ធអនឡាញ ដោយអាមេរិកបានលើកឡើងបញ្ហាមួយចំនួន។

បញ្ហាមីយ៉ាន់ម៉ា ជាប្រធានបទមួយ ដែលសហរដ្ឋអាមេរិកបានលើកឡើងបន្ថែមពីរឿងសមុទ្រចិនខាងត្បូង ដែលអាមេរិកបញ្ជាក់ជំហរថា នឹងនៅជាមួយអាស៊ាន ដើម្បីតទល់នឹង«ការបង្ខំ»របស់ចិន បញ្ហាកិច្ចសហប្រតិបត្តិការទន្លេមេគង្គ និងការរួមគ្នាដោះស្រាយវិបត្តិជំងឺកូវីដ១៩ជាដើម។

រដ្ឋមន្រ្តីការបរទេសអាមេរិក បានជំរុញឲ្យអាស៊ានចាត់វិធានការរួមគ្នា និងជាបន្ទាន់ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា បញ្ចប់ហិង្សាដែលបានសម្លាប់មនុស្សជាង៩០០នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ និងដោះលែងអ្នកនយោបាយដែលកំពុងជាប់ឃុំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។

ចំណែកក្រសួងការបរទេសកម្ពុជាដែលជាភាគីសមាជិកអាស៊ានមួយក្នុងចំណោម១០ប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ដោយលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ាយ៉ាងដូច្នេះថា៖ «ឯកឧត្ដម [ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា] ក៏បានលើកឡើងពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយឯកឧត្ដមបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។ ឯកឧត្ដមបានគូសបញ្ជាក់អំពីការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១ និងឆន្ទៈនយោបាយរបស់អាស៊ានក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា»។

រូបឯកសារ៖ ក្រុមបាតុករកាន់ទង់ និងលើកម្រាមដៃ៣ ក្នុងពេលតវ៉ាប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing នៅថ្ងៃកំណើតរបស់លោក នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករកាន់ទង់ និងលើកម្រាមដៃ៣ ក្នុងពេលតវ៉ាប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing នៅថ្ងៃកំណើតរបស់លោក នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកបានថ្លែងថា ការប្រើប្រាស់ភាសារបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ជា«ការបារម្ភខ្លាំងមួយ» ដែលនេះជាការបណ្តែតបណ្តោយឲ្យមេដឹកនាំយោធានៅមីយ៉ាន់ម៉ាធ្វើអ្វីតាមដែលពួកគេចង់ធ្វើ។

លោកប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថា៖ «វាមើលទៅដូចជាគាត់[លោក ប្រាក់ សុខុន] មិនមានឆន្ទៈគិតអ្វីក្រៅពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន ដែលមានន័យថា ទុកឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើអ្វីស្រេចតែចិត្តទៅ»។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់ប្រទេស កាលពីខែមេសា សមាជិកអាស៊ានមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍នៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយមានការលុបចោលឃ្លាដោះលែងអ្នកនយោបាយ ហើយមិនមានការអំពាវនាវរឹងមាំណាមួយឲ្យដោះលែងអ្នកនយោបាយដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ានោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែមេសា

ប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ដែលអ្នកវិភាគបានចោទជាសំណួរលើការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយបារម្ភថា កម្ពុជានឹងធ្វើតាមប្រទេសចិន ដូចកាលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។

លោកបណ្ឌិត អ៊ា សុផលដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៅអាមេរិក ថ្លែងថា កម្ពុជានឹងធ្វើបែបនេះសម្រាប់ប្រទេសមីយ៉ាន់ម៉ា «ជំនួសប្រទេសចិន» ដែលលោកថា កម្ពុជា«រណបតាម»។

លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំបារម្ភ និយាយដោយស្មោះទៅថា កម្ពុជាជាប្រធានអាស៊ាននឹងធ្វើដើម្បីគាំទ្រមីយ៉ាន់ម៉ា និងរដ្ឋប្រហារ ដូចអ្វីដែលកម្ពុជាបានធ្វើសម្រាប់ប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២»។

លោកបន្ថែមថា៖ «ខ្ញុំគិតថាកម្ពុជានឹងមិនទទួលបានការទុកចិត្តពីសមាជិកអាស៊ានផ្សេងទៀតទេ។ ឥណ្ឌូណេស៊ី នឹងខកចិត្តម្តងទៀតនឹងកម្ពុជា ដូចកាលពីឆ្នាំ២០១២»។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman បានអះអាងថា អាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។ អ្នកស្រីថែមទាំងបានអំពាវនាវឲ្យកម្ពុជា ក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន កំណត់ឲ្យ«របបយោធាភូមា» មានការទទួលខុសត្រូវចំពោះការឯកភាពគ្នាជាឯកច្ឆន្ទលើ៥ចំណុចរបស់អាស៊ាន ដែលមានបំណងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅប្រទេសមីយ៉ាន់ម៉ា។

រូបឯកសារ៖ អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថតផ្ដល់ឲ្យដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា)
រូបឯកសារ៖ អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថតផ្ដល់ឲ្យដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា)

ទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងសមាជិកខ្លះរបស់អាស៊ានដែលមានដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ខណៈចិន បានទាមទារយកស្ទើរតែទាំងស្រុង វាបានធ្វើឲ្យសមាគមថ្នាក់តំបន់នេះមិនអាចចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៥ឆ្នាំរបស់ខ្លួន ក្រោមការដឹកនាំរបស់កម្ពុជា កាលពីឆ្នាំ២០១២។ ការណ៍នេះដោយសារតែគេមើលឃើញថា កម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន បានរារាំងមិនឲ្យបញ្ចូលខ្លឹមសារធ្ងន់ៗស្តីពីជម្លោះសមុទ្រចិនខាងត្បូងចូលក្នុងសេចក្តីថ្លែងការណ៍រួម។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងកាលពីថ្ងៃពុធនៅចំពោះមុខអាមេរិកថាលោកលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់«ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរមា» និងស្វែងរកដំណោះស្រាយចំពោះជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕

Reply all
Reply to author
Forward
0 new messages