លោក ហ៊ុន សែន​ ប្រកាស​តាម​ចាប់​ខ្លួន​បណ្ឌិត ​សេង សារី​ ដែល​វិភាគ​រឿង​លទ្ធភាព​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ

0 views
Skip to first unread message

samlot chit

unread,
Sep 17, 2021, 12:58:55 PMSep 17
to samrain...@googlegroups.com

លោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនបណ្ឌិត សេង សារី ដែលវិភាគរឿងលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ

លោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនបណ្ឌិត សេង សារី ដែលវិភាគរឿងលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ
 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងបណ្ឌិត សេង សារី
ស្ដាប់ ឬទាញយកសំឡេង

02:35/07:41
ស្តាប់សំឡេង ថតសំឡេង

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី បន្ទាប់ពីលោក វិភាគអំពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលលោក សម រង្ស៊ី បានលើកឡើង។ បណ្ឌិត សេង សារី ឆ្លើយតបថា ការវិភាគរបស់លោកកន្លងមក គឺជាការបង្ហាញទស្សនៈស្របតាមច្បាប់ ដើម្បីឲ្យកម្ពុជាដើរនៅលើគន្លងប្រជាធិបតេយ្យ និងចង់ឲ្យអ្នកនយោបាយខ្មែរចរចាគ្នា ដោយលោកមិនបានគាំទ្រចលនានយោបាយណាមួយប្រឆាំងរដ្ឋាភិបាលនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញអារម្មណ៍ខឹងសម្បារ ជេរប្រមាថជាសាធារណៈ និងប្រកាសតាមចាប់ខ្លួនអ្នកវិភាគនយោបាយមួយរូប គឺបណ្ឌិត សេង សារី ដោយសារអ្នកវិភាគរូបនេះបានបញ្ចេញទស្សនៈអំពីបញ្ហានយោបាយ ខុសពីចិត្តរបស់លោក។

លោក ហ៊ុន សែន អះអាងថា តុលាការបានចេញដីកាតាមចាប់ខ្លួនបណ្ឌិត សេង សារី រួចហើយដោយសារតែលោក បង្ហោះទស្សនៈវិភាគនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពីលក្ខខណ្ឌ ៦ចំណុច ដែលអាចបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិតាមការអំពាវនាវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី៖ «មានអាបណ្ឌិតមួយទៀត មានដីកាចាប់ខ្លួនរួចហើយ ព្រោះហ្អែងគាំទ្រលក្ខខណ្ឌ ៦ចំណុច ដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន។ តុលាការចេញដីកាបាត់ហើយ។ បើរត់ៗ ឲ្យបានឆ្ងាយបន្តិច រត់ក្បែរៗ ហ្នឹងរត់មិនរួចទេ។ ប្រាប់ឲ្យហើយឲ្យតែរឿងទាក់ទងនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេស ត្រូវតែចាប់ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ»

លោក ហ៊ុន សែន ឲ្យដឹងថា សមត្ថកិច្ច បានស្វែងរកចាប់ខ្លួនបណ្ឌិត សេង សារី ដល់ស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែរកមិនឃើញ ព្រោះលោកកំពុងស្នាក់នៅប្រទេសថៃ។ មេដឹកនាំរបបក្រុងភ្នំពេញរូបនេះ បន្តថា ប្រសិនបើអ្នកវិភាគរូបនេះ មិនព្រម ដកអត្ថបទវិភាគរបស់ខ្លួនចេញពីហ្វេសបុកទេ លោកចាត់ទុកថា ជាបទល្មើសជាក់ស្ដែង ដែលឃើញទីណាចាប់នៅទីនោះ ទោះម៉ោង ១២យប់ក៏ដោយ។ លោក ហ៊ុន សែន មិនត្រឹមតែព្រមានចាប់ខ្លួននោះទេ ប៉ុន្តែថែមទាំងគំរាមបាញ់សម្លាប់ពលរដ្ឋណា ដែលហ៊ានបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិ ដែលលោកហៅថា ជាក្រុមឧទ្ទាម នោះទៀតផង៖ «ខ្ញុំបានជាបង្ហើបទៅហើយ អាហ្នឹងមានដីកាចាប់ខ្លួន មើលយកវាមកសួរមើល។ អា ៦ចំណុចជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសហ្អែងលើកទឹកចិត្តបង្កើតហ្អែងបង្កើត ហ្អែងគុកមិនមែនត្រឹមតែគុកទេ ដែលហៅថា ចលនាឧទ្ទាម គេបាញ់ផងគេឃើញ គេបាញ់មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមបញ្ជាក់ឱ្យហើយអារឿងក្របខ័ណ្ឌនយោបាយផ្សេង អាចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា»

ការព្រមានរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុចន្លោះពី ៦ឆ្នាំដល់ ១១ឆ្នាំ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា។ ក្រៅពីប្រកាសតាមចាប់បណ្ឌិត សេង សារី ហើយ មេដឹកនាំក្រាញអំណាចរូបនេះ ក៏បានព្រមានអ្នកវិភាគបញ្ហាសង្គម និងនយោបាយមួយរូបទៀតដែរ គឺបណ្ឌិត មាស នី ឱ្យប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិរិះគន់ទំនាក់ទំនងកម្ពុជា-ចិន។

ទាក់ទងនឹងការប្រកាសតាមខ្លួនបណ្ឌិត សេង សារី ពីប្រទេសថៃនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើងថា អាជ្ញាធរកម្ពុជា នឹងសហការជាមួយអាជ្ញាធរថៃ ដើម្បីនាំខ្លួនលោក សេង សារី មកដាក់ទោសនៅកម្ពុជា៖ «តាមធម្មតាយើង មានអាំងទែរប៉ូល (Interpol) ដែលជាកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ម្ល៉ោះហើយយើងមានលទ្ធភាពបញ្ជូនមកវិញ»

ទោះជាយ៉ាងណា អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី ប្រាប់អាស៊ីសេរីថា ពេលនេះ លោក កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ ប៉ុន្តែលោក នៅតែព្រួយបារម្ភពីសុវត្ថិភាពរបស់គ្រួសារលោក នៅឯស្រុកកំណើត។ លោក ឆ្លើយតបថា ការវិភាគរបស់លោកកន្លងមក មិនមែនមានន័យថា លោកគាំទ្រចលនានយោបាយ ប្រឆាំងរដ្ឋាភិបាលដោយខុសច្បាប់នោះទេ។ លោក យល់ថា ការចោទប្រកាន់របស់ លោក ហ៊ុន សែន ថា លោកចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការភ័ន្តច្រឡំ ដូច្នេះលោកទាមទារឲ្យផ្តល់យុត្តិធម៌សម្រាប់លោកវិញ ព្រោះលោកគ្រាន់តែជាអ្នកវិភាគឯករាជ្យម្នាក់ មិនមានកម្លាំងនយោបាយ ឬកម្លាំងប្រដាប់អាវុធនោះទេ៖ «ការវិភាគរបស់ខ្ញុំទាំង៦ចំណុចនេះ គឺជាលក្ខខណ្ឌដែលជា ការវិភាគបែបសេណារីយ៉ូដែលមានន័យថាគំនិតផ្ដួចផ្ដើមនោះវាអាចទៅរួច លុះត្រាតែវាមាន ៦ចំណុច ដូច្នេះហើយវាអត់មានចំណុចណាមួយដែលខ្ញុំគាំទ្រទៅលើការផ្ដួចផ្ដើមបង្កើតចលនា ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិទេ។ ប៉ុន្តែខ្ញុំជាអ្នកវិភាគ គឺខ្ញុំ វិភាគជាសេណារីយ៉ូ ហើយខ្ញុំដាក់លក្ខខណ្ឌជូនហើយទៅរួច ឬមិនទៅរួចវាអាស្រ័យទៅលើអ្នកនយោបាយ។ ខ្ញុំអត់មានកម្លាំងនយោបាយ ខ្ញុំមានតែមាត់មានតែសំឡេង ដើម្បីចូលរួមចំណែកនៅក្នុងសង្គមរបស់ខ្ញុំ»

កាលពីខែកក្កដា កន្លងទៅ បណ្ឌិត សេង សារី បានបង្ហោះអត្ថបទវិភាគខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយដាក់ចំណងជើងថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី អាចទៅរួច ឬមិនទៅរួច?។ លោក បានសាកល្បងវិភាគថា មានកម្លាំង៦ ធំៗ ដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលតាមការអំពាវនាវរបស់លោក សម សរង្ស៊ី។ ទី១ កម្លាំងអ្នកគាំទ្រគណបក្សប្រឆាំង។ ទី២ កម្លាំងមហាជន ដែលចង់ឲ្យមានការផ្លាស់ប្តូរ ហើយរងអយុត្តិសង្គម ការំលោភបំពាន ការជិះជាន់ និងពោរពេញដោយការឈឺចាប់។ ទី៣ គឺកម្លាំងយុវជនដែលចំណាកស្រុក និងបាត់បង់ការងារ ហើយទី៤ គឺ កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច ដែលបែកបាក់។ ទី៥ កម្លាំងប្រដាប់អាវុធ ដែលទទួលអំពើអយុត្តិធម៏ក្នុងការបំពេញការងារ និងទី៦ គឺ កម្លាំងអន្តរជាតិ និងប្រទេសជិតខាង។ ដូច្នេះ លោកយល់ថា លទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិអាចទៅរួច លុះត្រាតែមានកម្លាំងលើសពី ៣ ក្នុងចំណោមកម្លាំងទាំង៦ ងើបឡើងព្រមគ្នា។ មួយវិញទៀត លោកថា ប្រសិនបើរដ្ឋាភិបាលមិនបន្ធូរបន្ថយបរិយាកាសនយោបាយ ធានាយុត្តិធម៌សង្គម ឈប់រំលោភបំពានពលរដ្ឋ ធ្វើទុក្ខបុកម្នេញអ្នកមានគំនិតផ្ទុយ និងឲ្យកម្ពុជាត្រឡប់ទៅគន្លងប្រជាធិបតេយ្យនោះទេ ស្ថានភាពពិតជាពិបាកប៉ាន់ស្មានណាស់។

ជុំវិញករណីនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន ករុណា មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកវិភាគទាំងនេះ គឺសុទ្ធតែជាទស្សនៈ ដែលស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដែលមិនគួរទទួលរងការដាក់ទោសទណ្ឌនោះទេ។លោក បារម្ភថា សារព្រមានរបស់ប្រមុខរដ្ឋាភិបាលនេះ នឹងធ្វើឲ្យសេរីភាព បញ្ចេញមតិ កាន់តែធ្លាក់ចុះថែមទៀត៖ «ជារឿងមួយដែលយើងព្រួយបារម្ភចំពោះសាររបស់ប្រមុខរដ្ឋាភិបាលអ៊ីចឹង ហើយធ្វើឲ្យធនធានអ្នកវិភាគលើរឿងនយោបាយនិងសង្គមទាំងអស់នេះកាន់តែថមថយទៅ ហើយធ្វើឲ្យពួកគាត់មានការភ័យខ្លាច ហើយក៏ជះឥទ្ធិពលទៅដល់អ្នកធ្វើកិច្ចការងារសង្គម ឬក៏ប្រជាពលរដ្ឋផ្សេងៗ ទៀត ព្រោះអ្នកចេះដឹងគាត់ បញ្ចេញទស្សនៈ និងគំនិតតែប៉ុណ្ណឹង ពួកគាត់រងការគំរាមកំហែង ចុះទម្រាំពលរដ្ឋសាមញ្ញ តើគាត់ហ៊ានបញ្ចេញមតិយោបល់ដោយរបៀបម៉េច?»

តាំងពីដើមមក អ្នកដែលនិយាយការពិតដើម្បីប្រយោជន៍ជាតិ តែមិនស្របនឹងទស្សនៈរបស់លោក ហ៊ុន សែន តែងតែត្រូវបានរបបលោក ហ៊ុន សែន ចាត់ទុកជាសត្រូវ ជាក្រុមអគតិ ឬក្បត់ជាតិ ហើយត្រូវអាជ្ញាធរចាប់ដាក់គុក ឬត្រូវភៀសខ្លួនទៅក្រៅប្រទេសរស់នៅបែកបាក់គ្រួសារ។ ជាមួយគ្នានេះ អ្នកវិភាគខ្លះត្រូវទៀត ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ដូចជាបណ្ឌិត កែម ឡី ជាដើម ហើយសមត្ថកិច្ចមិនបានស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យ និងពេញលេញនោះឡើយ។សហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា ទង្វើរបស់ក្រុមមេដឹកនាំរបបលោក ហ៊ុន សែន ទៅវិញទេ ដែលកំពុងជាន់ឈ្លីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីបន្តក្ដោបក្ដាប់អំណាចតវង្សត្រកូលតាមបែបផ្ដាច់ការ៕

Reply all
Reply to author
Forward
0 new messages