អ្នកវិភាគ៖ អាមេរិក​ខិតខំ​ជំរុញ​របៀបវារៈ​មិនឲ្យ​លម្អៀង​ទៅ​ចិន​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន

0 views
Skip to first unread message

samlot chit

unread,
Jul 12, 2021, 12:11:59 PMJul 12
to samrain...@googlegroups.com
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថតផ្ដល់ឲ្យដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា)

អ្នកវិភាគ៖ អាមេរិកខិតខំជំរុញរបៀបវារៈមិនឲ្យលម្អៀងទៅចិនពេលកម្ពុជាធ្វើប្រធានអាស៊ាន

10 កក្កដា 2021
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថតផ្ដល់ឲ្យដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា) Photo: Courtesy Photo

វ៉ាស៊ីនតោន — 

បញ្ហាចាស់និងការប្រឈមថ្មីលើផ្នែកនយោបាយនិងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងត្រូវធ្លាក់បន្តមកឲ្យកម្ពុជាដោះស្រាយក្នុងខណៈពេលដែលប្រទេសនេះត្រូវដឹកនាំជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣នៅឆ្នាំ២០២២ខាងមុខ។

ក្នុងចំណោមបញ្ហាទាំងនោះមានវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលកាន់តែរីកធំឡើងជម្លោះនៅសមុទ្រចិនខាងត្បូងការគោរពសិទ្ធិមនុស្សនិងសន្តិសុខអ៊ីនធឺណិត។ ស្របពេលជាមួយគ្នានេះដែរការប្រទាញប្រទង់គ្នារវាងសហរដ្ឋអាមេរិកនិងចិនក៏កំពុងតែក្លាយជាចំណោទដ៏ធំមួយសម្រាប់តំបន់នេះផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។

សហរដ្ឋអាមេរិកមិនបានលាក់បាំងចេតនាក្នុងការចង់បានរបៀបវារៈមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលមិនងាកទៅបម្រើផលប្រយោជន៍ចិនជ្រុលហួសហេតុ។ ការណ៍នេះបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់អ្នកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅកម្ពុជាកាលពីដើមខែមិថុនា។

លោក James Gomez ប្រធានមជ្ឈមណ្ឌលអាស៊ី (Asia Center) ដែលមានមូលដ្ឋាននៅប្រទេសថៃយល់ថាដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់អ្នកស្រី Sherman គឺដើម្បីកំណត់សញ្ញាឲ្យច្បាស់រវាងកម្ពុជានិងចិន។

លោក James Gomez បានថ្លែងប្រាប់វីអូអេខេមរភាសាកាលពីចុងខែមិថុនាថា៖ «ពាក់ព័ន្ធនឹងបញ្ហាអាស៊ានគឺកម្ពុជាកំពុងតែក្លាយជារដ្ឋចំណុះរបស់ចិនកាន់តែខ្លាំងឡើងដូច្នេះហើយអ្វីដែលកើតឡើងនៅក្នុងប្លុកអាស៊ានអាចត្រូវធ្វើឲ្យខូចខាតតាមរយៈកម្ពុជាហើយខ្ញុំគិតថាសារច្បាស់ណាស់នៅពេលដែលអ្នកស្រីអនុរដ្ឋមន្ត្រីShermanទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា»។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសកម្ពុជាអ្នកស្រីWendy R. Sherman បានប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើការងារជាមួយនឹងកម្ពុជាក្នុងនាមជាប្រធានអាស៊ាននិងជួយធានាថាអាមេរិកអាចដើរ«តួនាទីស្ថាបនា»ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនិងនយោបាយសំខាន់ៗក្នុងតំបន់។ បញ្ហាទាំងនោះលាតសន្ធឹងតាំងពីបញ្ហាកូរ៉េខាងជើងសមុទ្រចិនខាងត្បូងរហូតដល់តំបន់មេគង្គ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

រូបឯកសារ៖សកម្មភាពប្រទេសចិនបូមខ្សាច់នៅតំបន់កោះផ្កាថ្ម Mischief Reef នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។ (Reuters)
រូបឯកសារ៖សកម្មភាពប្រទេសចិនបូមខ្សាច់នៅតំបន់កោះផ្កាថ្ម Mischief Reef នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

កម្ពុជាអះអាងថាសំណួរដែលគ្រប់ប្រធានប្តូរវេនរបស់អាស៊ានតែងតែចោទសួរខ្លួនឯងនៅរាល់ពេលដឹកនាំបណ្តាប្រទេសក្នុងក្រុមគឺថាតើអាស៊ានត្រូវឈរលើភូមិសាស្ត្រនយោបាយឬត្រូវឈរលើជំហររបស់ខ្លួន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេកាលពីចុងខែមិថុនាថាកម្ពុជានឹងខិតខំជៀសវាងពីកត្តាភូមិសាស្ត្រនយោបាយ៖ «យើងគ្មានជម្រើសអ្វីក្រៅពីគោលការណ៍របស់អាស៊ានគឺឈរនៅលើកុងសង់ស៊ីសនិងទីពីរមិនឲ្យខាងក្រៅណាមួយលូកដៃមកជួយហើយយើងថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ។ ដូច្នេះក្នុងន័យនេះគឺការអភិវឌ្ឍហើយដែលជាគោលដៅខ្ពស់របស់អាស៊ានពីព្រោះបើទោះជាតំបន់យើងមិនទាន់ឈានមុខប្រកួតជាងគេអស្ចារ្យយ៉ាងណាក៏ដោយក៏ជាតំបន់ដែលគេយកចិត្តទុកដាក់ខ្ពស់លើចំណុចនៃការអភិវឌ្ឍនេះឯង»។

អ្នកជំនាញខ្លះមើលឃើញថាក្នុងខណៈពេលដែលប្រធានអាស៊ានមានសិទ្ធិកំណត់របៀបវារៈនិងបញ្ហាអាទិភាពដែលក្រុមប្រទេសក្នុងតំបន់ត្រូវផ្តោតប៉ុន្តែពួកគេខិតខំជៀសវាងបញ្ហាសន្តិសុខនយោបាយនិងសិទ្ធិមនុស្សដោយផ្តោតលើបញ្ហាសេដ្ឋកិច្ចវប្បធម៌និងការអភិវឌ្ឍជាចម្បង។

លោកឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានលើកឡើងថា៖ «និយាយឲ្យចំកម្ពុជាមិនចង់ទៅប៉ះបញ្ហាសន្តិសុខនៅក្នុងតំបន់ទេពីព្រោះបញ្ហាសន្តិសុខជាបញ្ហារសើបហើយពិបាកសាងកុងសង់ស៊ីស។ ប៉ុន្តែចង់ឬមិនចង់ប្រទេសជាសមាជិកអាស៊ាននឹងលើកហើយដូចជាបញ្ហាសមុទ្រចិនខាងត្បូង»។

សិទ្ធិមនុស្សនៅតែបញ្ហាចោទនៅក្នុងអាស៊ានបើទោះបីជាវាមិនមែនជាបញ្ហាអាទិភាពរបស់បណ្តាសមាជិកទេដោយសារតែប្រវត្តិមិនល្អផ្ទាល់ខ្លួនរបស់ពួកគេប៉ុន្តែសហរដ្ឋអាមេរិកដែលជាដៃគូសន្ទនាមួយនឹងនៅតែជំរុញជាពិសេសក្រោមរដ្ឋបាលលោក Joe Biden។ នេះបើតាមការបញ្ជាក់របស់លោក ឈាង វណ្ណារិទ្ធ។

បាតុករមីយ៉ាន់ម៉ាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងការដើរក្បួនមួយក្នុងទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ (AP)
បាតុករមីយ៉ាន់ម៉ាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងការដើរក្បួនមួយក្នុងទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ (AP)

បញ្ហាប្រទេសមីយ៉ាន់ម៉ានៅតែដោះស្រាយមិនទាន់ចេញចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី១ខែកុម្ភៈ។ សភាពការណ៍បានធ្លាក់ដុនដាបដោយឈានទៅមានជម្លោះប្រដាប់អាវុធនៅតាមតំបន់ខ្លះ។ ដូច្នេះនៅឆ្នាំ២០២២មីយ៉ាន់ម៉ានៅតែបន្តស្មុគស្មាញ។

អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ក៏បានស្នើឲ្យកម្ពុជាក្នុងនាមជាសមាជិកអាស៊ានឲ្យដាក់គំនាបលើរបបយោធាភូមាទទួលខុសត្រូវចំពោះការព្រមព្រៀង៥ចំណុចរបស់អាស៊ានដែលស្វែងរកការដោះស្រាយវិបត្តិដោយអហិង្សាដោយមានការចូលរួមគ្រប់ភាគីហើយសម្របសម្រួលដោយបេសកជនរបស់ប្រធានអាស៊ាននិងការផ្តល់ជំនួយមនុស្សធម៌ជាដើម។

នេះជាបញ្ហាដ៏ធំមួយទៀតដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានត្រូវយកចិត្តទុកដាក់ដោះស្រាយ។ប្រទេសព្រុយណេដែលជាប្រធានបច្ចុប្បន្នបានរងការរិះគន់ថាមិនបានដោះស្រាយដោយត្រឹមត្រូវទេ។ រហូតមកដល់ពេលនេះមិនមានចំណុចណាមួយដែលក្រុមយោធាបានគោរពតាមឡើយ។

រដ្ឋាភិបាលកម្ពុជាបានអះអាងពីការខិតខំដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធីគឺមិនគាំទ្រអំពើហិង្សាទេពោលគឺត្រូវដោះស្រាយជាផ្នែកនយោបាយហើយក៏មិនអនុញ្ញាតឲ្យមានការលូកដៃចូលរបស់ភាគីទីបីឡើយ។ កម្ពុជាមានជំនឿលើភាពចាស់វស្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទាំងលើការដឹកនាំប្រទេសនិងបទពិសោធលើការដោះស្រាយជម្លោះផ្ទៃក្នុងតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ដែលបានបញ្ចប់សង្គ្រាមស៊ីវិល។

លោកផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖ «ដូច្នេះកម្ពុជាគឺស្ថិតនៅក្នុងការដោះស្រាយដោយសន្តិវិធីដោយគ្មានអ្នកណាមួយបាត់បង់ផលប្រយោជន៍ក្នុងនាមជាភាគីជម្លោះនៅក្នុងភូមា»។

ប៉ុន្តែលោកJames Gomez យល់ថាកម្ពុជាមិនមានឥទ្ធិពលខ្លាំងលើប្រទេសមីយ៉ានម៉ាទេបើប្រៀបធៀបនឹងប្រទេសថៃដោយសារតែមិនមានទំនាក់ទំនងប្រវត្តិសាស្ត្រនិងជំនួញអ្វីធំដុំ។

លោក Gomez បានបន្ថែមថា៖«ដូច្នេះក្នុងន័យនេះខ្ញុំគិតថាកម្ពុជានឹងចំណាយពេលក្នុងឆ្នាំនេះគ្រាន់តែជាអ្នកកំដរអាសនៈ។ ខ្ញុំមិនគិតថាអ្នកអាចពឹងពាក់លើកម្ពុជាធ្វើកិច្ចការអ្វីវិជ្ជមានចំពោះមីយ៉ាន់ម៉ាទេ។ ខ្ញុំគិតថាការវិវត្តណាមួយដោះស្រាយវិបត្តិនេះដើម្បីឲ្យមានរដ្ឋាភិបាលស៊ីវិលមកកាន់អំណាចវិញគឺត្រូវស្វែងរកក្រៅពីយន្តការអាស៊ាន»។

ចំណោទថ្មីស្រឡាងមួយទៀតសម្រាប់កម្ពុជាគឺសន្តិសុខតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យាព្រោះជាបញ្ហាដែលចិននិងសហរដ្ឋអាមេរិកកំពុងតែប្រកួតប្រជែងគ្នាហើយវាមិនបានចេញរូបរាងធំដុំទេកាលពី១០ឆ្នាំមុន។

កម្ពុជាគឺជាប្រទេសដំបូងគេនៅអាស៊ានដែលទទួលប្រើបច្ចេកវិទ្យា5Gរបស់ចិនខណៈប្រទេសសមាជិកមួយចំនួនទៀតនៅស្ទាក់ស្ទើរដោយសារការបារម្ភពីតាមដានមើលនិងលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

លោក ឈាង វណ្ណារិទ្ធ យល់ថាការប្រកួតប្រជែងគ្នានេះនឹងមានផលប៉ះពាល់ដល់តំបន់៖«អីចឹងទេការប្រកួតប្រជែងបច្ចេកវិទ្យាថ្មីជាពិសេស Cyberspace កាន់តែស្មុគស្មាញ។ អីចឹងទេបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតក៏ស្មុគស្មាញដែរពីពេលនេះដល់ឆ្នាំបន្តបន្ទាប់»។

រូបឯកសារ៖ មន្ត្រីម្នាក់សម្រួលទង់ជាតិប្រទេសចិននៅមុនការមកដល់របស់នាយករដ្ឋមន្ត្រីចិនលោក Wen Jiabao ដើម្បីកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២។ (Reuters)
រូបឯកសារ៖ មន្ត្រីម្នាក់សម្រួលទង់ជាតិប្រទេសចិននៅមុនការមកដល់របស់នាយករដ្ឋមន្ត្រីចិនលោក Wen Jiabao ដើម្បីកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២។ (Reuters)

ស្រមោលអតីតកាលនៅតែតាមលងកម្ពុជា៖

បញ្ហាចុងក្រោយដែលនៅរ៉ាំរ៉ៃគឺជម្លោះនៅសមុទ្រចិនខាងត្បូងដែលមានការទាមទារជាន់គ្នារវាងប្រទេសចិននិងសមាជិកខ្លះរបស់អាស៊ានដែលមានដូចជាវៀតណាមហ្វីលីពីនម៉ាឡេស៊ីនិងព្រុយណេដោយសារចិនបានទាមទារយកស្ទើរតែទាំងស្រុង។ វាបានធ្វើឲ្យសមាគមថ្នាក់តំបន់នេះមិនអាចចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៥ឆ្នាំរបស់ខ្លួនក្រោមការដឹកនាំរបស់កម្ពុជាកាលពីឆ្នាំ២០១២។ ការណ៍នេះដោយសារតែគេមើលឃើញថាកម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិនបានរារាំងមិនឲ្យបញ្ចូលខ្លឹមសារធ្ងន់ៗស្តីពីជម្លោះសមុទ្រចិនខាងត្បូងចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន។

បើទោះបីជាសហរដ្ឋអាមេរិកមិនមែនជាភាគីមួយទាមទារក្នុងសមុទ្រចិនខាងត្បូងក៏ដោយប៉ុន្តែក្រុងវ៉ាស៊ីនតោនលើកកម្ពស់សេរីភាពចរាចរណ៍នាវានិងការធ្វើពាណិជ្ជកម្មដោយសេរីឆ្លងកាត់តំបន់នោះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសរសេរនៅក្នុងខ្ទង់មតិនៃគេហទំព័ររបស់ស្ថានទូតកាលពីដើមខែឧសភាថា៖«ពេលនេះរឿងនេះសំខាន់ជាងពេលណាៗទាំងអស់ដោយនៅក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះសាធារណរដ្ឋប្រជាមានិតចិនបានបង្កើនការចាក់ដីការសាងសង់ និងការធ្វើយោធូបនីយកម្មនៅកន្លែងមានជម្លោះនៅក្នុងតំបន់នោះ»។

រដ្ឋាភិបាលកម្ពុជាអះអាងថានោះមិនមែនជាបរាជ័យរបស់កម្ពុជាទេដោយសារតែកម្ពុជាឈរលើគោលនយោបាយបង្កើនការទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះដោយមធ្យោបាយការទូត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមថាសូម្បីមេដឹកនាំអាស៊ានបន្តដែលមានដូចជាឡាវក៏នៅតែប្រកាន់ជំហរដូចកម្ពុជាដែរហើយកម្ពុជានឹងមិនផ្លាស់ប្តូរអ្វីទេនៅពេលនេះ៖ «ក្នុងគំនិតហ្នុងកម្ពុជានៅតែមានគំនិតដដែលគឺរៀបចំឲ្យមានវេទិកាក្នុងការជជែកគ្នាហើយយើងតែងតែអំពាវនាវដល់រាល់ភាគីពាក់ព័ន្ធសូមមេត្តាកុំបង្កើតការប្រឈមដែលមានភាពហិង្សាពីព្រោះកាលណាមានភាពហិង្សានៅឈូងសមុទ្រចិនខាងត្បូងគឺវាប៉ះពាល់មិនត្រឹមតែប្រទេសដែលពាក់ព័ន្ធនោះទេគឺវាប៉ះពាល់ដល់តំបន់ឬអន្តរជាតិឬពិភពលោកផងដែរ»។

ការខូចខាតដល់កេរ្តិ៍ឈ្មោះអាស៊ានដែលកម្ពុជាបានបង្កឡើងកាលពីជិតមួយទសវត្សរ៍មុននៅតែមិនទាន់ស្តារបាននៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក James Gomez នៃមជ្ឈមណ្ឌលអាស៊ី។

លោក Gomez បានបន្ថែមថា៖ «ប្រសិនបើកម្ពុជានឹងធ្វើឲ្យខូចការណ៍ជាថ្មីនៅពេលនេះខ្ញុំគិតថាការខូចខាតនឹងកាន់តែធំឡើង»។

រយៈពេល១០ឆ្នាំនេះកម្ពុជាបានងាកមកជិតស្និទ្ធនឹងប្រទេសចិនកាន់តែខ្លាំងដោយបានដំឡើងចំណងទាក់ទងរហូតដល់កម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងបានទទួលជំនួយចិនជាច្រើន។ កាលពីដើមខែកក្កដានេះលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងសរសើរជំនួយចិនមកកម្ពុជាថាមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាអាចធានាបាននូវ«ឯករាជ្យភាពខាងនយោបាយ»របស់កម្ពុជាទៀតផងដោយសារវាមិនមានចំណងភ្ជាប់ជាមួយការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ។

លោក ឈាង វណ្ណារិទ្ធ ស្នើឲ្យកម្ពុជាផ្តោតសំខាន់លើការបន្តឯកភាពរបស់អាស៊ានដើម្បីជៀសវាងជាន់ដានប្រវត្តិសាស្ត្រដែលមានសមាជិកអាស៊ានត្រូវបែកទៅតាមការទាក់ទាញរបស់មហាអំណាចធំៗ។

លោកវណ្ណារិទ្ធបានបន្ថែមថា៖ «វាពិបាកណាស់ប្រទេសតូចដូចខ្មែរមិនអាចមានឥទ្ធិពលណាមួយដល់ប្រទេសធំទេ។ វាយ៉ាប់។ អីចឹងទេត្រូវមានការទូតឆ្លាតមួយដើម្បីឲ្យទូកអាស៊ានអាចឆ្លងកាត់ព្យុះសមុទ្រអាមេរិកចិនបាន»។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ«ដៃគូរវាងតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិក» (Mekong-US Partnership) លើកទី១តាមអនឡាញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ«ដៃគូរវាងតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិក» (Mekong-US Partnership) លើកទី១តាមអនឡាញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ដៃគូល្អប្រសើរនិងឱកាសថ្មី៖

យ៉ាងណាក៏ដោយមានកិច្ចការខ្លះដែលអ្នកវិភាគមើលឃើញថាកម្ពុជានិងសហរដ្ឋអាមេរិកបានធ្វើការជាមួយគ្នាបានល្អក្នុងនោះមាន«កិច្ចផ្តួចផ្តើមមេគង្គក្រោម» (Lower Mekong Iniative) ដែលបច្ចុប្បន្នត្រូវបានដំឡើងជា«ដៃគូរវាងតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិក» (Mekong-US Partnership)។ ប្រទេសក្នុងតំបន់មេគង្គក្រោមមានកម្ពុជា មីយ៉ានម៉ា ថៃ ឡាវ និងវៀតណាម។ អ្នកស្រីអនុរដ្ឋមន្ត្រី Sherman ក៏បានកោតសរសើរដល់ការងាររបស់កម្ពុជាក្នុងនាមជាសហប្រធានដៃគូតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិកផងដែរ។

កម្ពុជាបានដើរតួនាទីសំខាន់នៅក្នុងការប្រែក្លាយមកជាដៃគូយុទ្ធសាស្ត្រនេះដែលបានធ្វើឲ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោនហាក់ដូចជាទន់ភ្លន់ជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញផងដែរក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ នេះបើតាមការវាយតម្លៃរបស់លោក ឈាង វណ្ណារិទ្ធ។

លោកវណ្ណារិទ្ធបានបន្ថែមថា៖ «អីចឹងបញ្ហាមេគង្គកម្ពុជាបានដើរតួនាទីសំខាន់ណាស់ដើម្បីជំរុញទំនាក់ទំនង US [អាមេរិក] មេគង្គ។ ឆ្នាំទៅឥឡូវសម្រេចហើយនិងជំរុញបន្ថែមទៀត។ នៅពេលធ្វើខួបលើកទី១០នៃគំនិតផ្តួចផ្តើមមេគង្គក្រោមឃើញតែកម្ពុជាទេដែលធ្វើអឹកអធិកជាងគេជាមួយនឹងអាមេរិកដោយមានលោកនាយករដ្ឋមន្ត្រីទៅថ្លែងសុន្ទរកថា។ នេះជាបាល់មួយដែលកម្ពុជាបានបោះទៅជួយអាមេរិកបានមួយហើយ»។

រីឯលោក James Gomez វិញមើលឃើញថាបើទោះបីជាទំនាក់ទំនងអាមេរិកនិងកម្ពុជាហាក់សោះអង្គើយក្នុងរយៈពេលជាង៤ឆ្នាំមកនេះជាពិសេសនៅពេលដែលកម្ពុជាផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំនៅដើមឆ្នាំ២០១៧ប៉ុន្តែឆ្នាំ២០២២គឺជាឆ្នាំដែលសហរដ្ឋអាមេរិកអាចផ្តល់ការគាំទ្រដល់កម្ពុជាដើម្បីនៅរក្សាឥទ្ធិពលបាន។ ក្នុងចំណោមនេះមានការផ្តល់វ៉ាក់សាំងកូវីដ១៩ជំនួយដល់ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣និងការជួយដល់សង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាដើម។

លោក James Gomez បានបន្ថែមថា៖ «នេះជាឆ្នាំសំខាន់បំផុតមួយពីព្រោះប្រសិនបើអាមេរិកមិនមានឥទ្ធិពលខ្លះលើកម្ពុជាក្នុងពេលនេះទេនោះកម្ពុជានឹងក្លាយជារថភ្លើងរបស់ចិនដែលចាកចេញពីស្ថានីយ៍ហើយអាចធ្វើឲ្យខូចខាតជាច្រើនដល់ក្រុមប្រទេសក្នុងតំបន់ហើយប្រហែលជាអាចប៉ះពាល់ដល់ឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់ប្រទេសក្នុងតំបន់ផងដែរពាក់ព័ន្ធចិននិងអាមេរិក»៕

Reply all
Reply to author
Forward
0 new messages