គ្រួសារ ជំរុញ​ស្វែង​រក​ជន​បង្ក​ការកាប់​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ

0 views
Skip to first unread message

samlot chit

unread,
Nov 22, 2021, 10:24:36 AM (12 days ago) Nov 22
to samrain...@googlegroups.com

គ្រួសារ ជំរុញស្វែងរកជនបង្កការកាប់សម្លាប់សកម្មជនគណបក្សប្រឆាំងនៅរាជធានីភ្នំពេញ

22 វិច្ឆិកា 2021

លោក ស៊ិន ខុន នៅក្នុងរូបថតមួយដែលលោកបានបង្ហោះតាមគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពថតពីទំព័រហ្វេសប៊ុក ស៊ិន ខុន)
លោក ស៊ិន ខុន នៅក្នុងរូបថតមួយដែលលោកបានបង្ហោះតាមគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពថតពីទំព័រហ្វេសប៊ុក ស៊ិន ខុន)

ភ្នំពេញ — 

អតីតសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ ត្រូវបានវាយសម្លាប់នឹងកាំបិត កាលពីយប់អធ្រាត្រឈានចូលថ្ងៃអាទិត្យ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ ក្រុមគ្រួសាររបស់ជនរងគ្រោះជំរុញឲ្យអាជ្ញាធរ តាមចាប់ខ្លួនជនបង្ក និងអះអាងថា ជនរងគ្រោះមិនធ្លាប់មានគំនុំអ្វីជាមួយអ្នកណានោះទេ។

លោក ស៊ិន ខុន អាយុ៣១ឆ្នាំ ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំសង្កាត់ជ្រោយចង្វា ត្រូវបានគេរកឃើញថា ស្លាប់នៅយប់ថ្ងៃអាទិត្យរំលងអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា នៅម្តុំវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ដោយជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត។ នេះ បើតាមក្រុមគ្រួសារ។

អ្នកស្រី ស៊ិន យ៉ុន អាយុ៤២ឆ្នាំ ដែលត្រូវជាបងស្រីរបស់លោក ស៊ិន ខុន ប្រាប់វីអូអេនៅថ្ងៃចន្ទថា សភាពសាកសព ត្រូវបានជនល្មើសកាប់ពីក្រោយខ្នងចំនួនបួនកាំបិត និងកាប់ភ្លៅខាងស្តាំ ដោយបន្សល់ទុកនូវស្នាមកាំបិតធំ។ អ្នកស្រីបន្ថែមថា ប្អូនប្រុសជាមនុស្សមានអត្តចរិតស្លូតបូត និងមិនដែលមានទំនាស់ជាមួយអ្នកណាឡើយ ហើយលោកមិនចេះលេងល្បែងស៊ីសង ឬជំពាក់បំណុលគេទេ។

បើតាមបងស្រី លោក ខុន ធ្លាប់បានប្រាប់ថា លោកមកបន្តការសិក្សាផ្នែកបណ្ឌិត នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តចាស់។ អ្នកស្រីបន្តថា ប្អូនប្រុសធ្លាប់ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញកាប់តាមផ្លូវរហូតដល់បាក់ដៃម្តងរួចមកហើយ។

អ្នកស្រីប្រាប់វីអូអេថា៖ «មានតែមនុស្សតែមួយហ្នឹងទេ ដែលហ៊ានធ្វើអ៊ីចឹង។ កាលសាទីមួយ គេវាយ គេព្រមាន។ ដល់សាទីពីរ គេធ្វើដល់យើងដល់ស្លាប់អ៊ីចឹងណា៎»។

អ្នកស្រីបន្ថែមថា៖ «តាមពិត គេតាមវាយវាប៉ុន្មានលើក ប៉ុន្មានសាក៏ដោយ ក៏អត់មានប្រាប់អ្នកផ្ទះឲ្យដឹងដែរ ព្រោះអីកុំឲ្យថា ម៉ែឪចាស់ៗពិបាកចិត្តដោយសារវា»។

អ្នកស្រីទាមទាររកយុត្តិធម៌សម្រាប់ប្អូនប្រុស ដោយនិយាយថា នឹងដាក់ពាក្យបណ្តឹង បន្ទាប់ពីរៀបចំពិធីបុណ្យសពតាមប្រពៃណីរួចរាល់។

ព្រះសង្ឃ អ៊ុ អ៊ុន ដែលគង់នៅវត្តចាស់និងដែលអះអាងថា ជាគ្រូរបស់លោក ស៊ិន ខុន ដែលបានសុំមកស្នាក់អាស្រ័យនៅវត្ត មានសង្ឃដីកាប្រាប់វីអូអេថា លោក ខុន ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានសុំស្នាក់អាស្រ័យក្នុងវត្តដើម្បីសិក្សាអស់រយៈពេលជាង១០ឆ្នាំមកហើយ នឹងមិនដែលឃើញមានជម្លោះជាមួយអ្នកណាឡើយ។

ព្រះអង្គមានសង្ឃដីកាថា៖ «គាត់មានលក្ខណៈស្លូតបូត មិនមែនជាមនុស្សច្រឡើសបើស ។ និយាយទៅគាត់ស្លូតធម្មតាថាអត់មានចេះរញ៉េរញ៉ៃជាមួយពីណាគេ។ នៅក្នុងសមាជិករបស់អាត្មាធម្មតាគាត់អត់ដែលមានបញ្ហាអីផង»។

ព្រះអង្គបញ្ជាក់ថា ការកាប់សម្លាប់លោក ស៊ិន ខុន ជារឿងអយុត្តិធម៌មួយ។

លោក ចាន់ ប៊ុនធឿន នាយនគរបាលប៉ុស្តិ៍សង្កាត់ជ្រោយចង្វា ប្រាប់វីអូអេនៅថ្ងៃចន្ទថា មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញារបស់ជនល្មើសនៅឡើយទេ ដោយនគរបាលផ្នែកព្រហ្មទណ្ឌកំពុងស៊ើបអង្កេតរឿងនេះ បន្តទៀត។ លោកបញ្ជាក់ថា នៅកន្លែងកើតហេតុ នគរបាលរកឃើញកាំបិតផ្គាក់ ហើយត្រូវបានបញ្ជូនទៅឲ្យអ្នកជំនាញពិនិត្យបន្ត។

លោកមានប្រសាសន៍ថា៖ «ហ្នឹងខាងជំនាញព្រហ្មទណ្ឌគេចុះមក។ អត់ទេរកអត្តសញ្ញាណវាអត់ដឹង អត់ស្គាល់អត្តសញ្ញាណអត់ទាន់ច្បាស់ណា៎»។

លោក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វា បដិសេធមិនអត្ថាធិប្បាយ ដោយស្នើឲ្យអ្នកយកព័ត៌មានវីអូអេទៅជួបផ្ទាល់ និងបង្ហាញកាតជាអ្នកសារព័ត៌មាន បើចង់ដឹងព័ត៌មាន។

ការកាប់សម្លាប់សកម្មជននយោបាយរូបនេះ ត្រូវបានគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយថ្កោលទោសដាច់អហង្ការចំពោះ«ឃាតកម្មយ៉ាងឃោរឃៅ»នេះ។ គណបក្សនេះ អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ស្វែងរកចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

គណបក្សភ្លើងទៀនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «នេះមិនមែនជាលើកទីមួយចំពោះយុវជន ស៊ិន ខុន នោះទេ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យុវជន ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខលួចវាយឲ្យរបួសក្បាលយ៉ាងដំណំម្តងរួចហើយរហូតដល់ពេលនេះអាជ្ញាធរមិនទាន់វែកមុខរកឃើញជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ»។

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកស្រីថា លោក ស៊ិន ខុន ជាយុវជនគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌជ្រោយចង្វា។ អ្នកស្រីបញ្ជាក់ថា៖ «យើងខ្ញុំពិតជាមានការសោកស្ដាយ និងអាណិតអាសូរដល់រូបគាត់ខ្លាំងណាស់។ សូមបងប្អូនទាំងក្នុង និងក្រៅប្រទេសជ្រាបជាដំណឹង និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខរកឃាតករយកមកផ្ដន្ទាទោសឲ្យខាងតែបាន»។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា លោកមានការសោកស្តាយចំពោះការមិនបានចាត់វិធានការទាន់ពេលវេលារបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះករណីវាយដំសកម្មជនគណបក្សសង្រ្គោះជាតិ កាលពីពេលកន្លងទៅ។ លោកបន្តថា សកម្មជនលោក ស៊ិន ខុន តែងតែចេញមុខទាមទាររកយុត្តិធម៌ឲ្យសកម្មជនផ្សេងៗដែលត្រូវបានចាប់ខ្លួន ក្នុងនោះមានលោក រ៉ុង ឈុន មេដឹកនាំសហជីព និងសកម្មជនបរិស្ថានផងដែរ។

លោកបញ្ជាក់ថា៖ «ហើយបន្ទាប់ពីការទាមទារម្តងៗ ក្រោយមក យើងឃើញមានការលបវាយបង្កឲ្យមានរបួសស្នាមមកលើគាត់ម្តងហើយ។ បន្ទាប់ពីគាត់ចេញពីការចូលរួមឃ្លាំមើលទាមទារឲ្យមានយុត្តិធម៌នៅមុខតុលាការ ក៏ឃើញមានការជនមិនស្គាល់មុខវាយម្តងរួចមកហើយ ។ រហូតមកដល់ពេលនេះ ថ្វីត្បិតតែយើងមិនទាន់ដឹងថា រឿងនឹងវាពិតប្រាកដថា ជារឿងគំនុំ ឬក៏ជារឿងនយោបាយ ឬក៏ជារឿងវិវាទអីយ៉ាងណាទេ។ យើងអត់ទាន់រកឃើញជាសញ្ញាណាមួយបញ្ជាក់ច្បាស់ទេ។ ក៏ប៉ុន្តែ គេចាប់អារម្មណ៍ថា គាត់ជាមនុស្សសកម្មក្នុងរឿងនយោបាយ ដូច្នេះប្រសិនបើសមត្ថកិច្ចមិនអាចវែកមុខជនដៃដល់មកផ្តន្ទាទោសឲ្យបានទេ មហាជនអាចនឹងដាក់ការសង្ស័យថានឹងមានរឿងនៅពីក្រោយខ្នង[រឿង]ហ្នឹង»។

លោក នី សុខា ក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធព្យាយាមត្រួតពិនិត្យ និងរូតរះក្នុងការវែកមុខជនល្មើសយកមកផ្តន្ទាទោស ដើម្បីជម្រះរាល់មន្ទិលសង្ស័យរបស់មហាជន។ លោកយល់ថា សមត្ថកិច្ចហាក់មានភាពសកម្មក្នុងការចាប់សកម្មជន ជាជាងភាពសកម្មក្នុងការចាត់វិធានការលើជនល្មើសវាយដំសកម្មជននយោបាយ។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ស៊ិន ខុន លោកតែងចែករំលែករឿងនយោបាយ និងបង្ហោះរូបភាពជាមួយសកម្មជនផ្សេងៗទៀតដែលត្រូវបានដោះលែង កាលពីថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១៕

Reply all
Reply to author
Forward
0 new messages