អ្នក​នយោ​បាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការ​ធ្វើ​ច្បាប់​កំណត់​​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ

0 views
Skip to first unread message

samlot chit

unread,
Oct 11, 2021, 12:54:44 PMOct 11
to samrain...@googlegroups.com

អ្នកនយោបាយបន្តខ្វែងគំនិតគ្នាលើការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរដ្ឋ

11 តុលា 2021

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាសាធារណ:ជួបជាមួយអ្នកគាំទ្រ នៅក្នុងបណ្ណាល័យ Tyson Pimmit Regional Library នៅក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាសាធារណ:ជួបជាមួយអ្នកគាំទ្រ នៅក្នុងបណ្ណាល័យ Tyson Pimmit Regional Library នៅក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

ភ្នំពេញ — 

អ្នកនយោបាយមកពីគណបក្សគ្រប់គ្រងប្រទេស និងមេដឹកនាំគណបក្សជំទាស់ បន្តតទល់គ្នានឹងសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យអ្នកកាន់តំណែងបួនសំខាន់ៗ គឺប្រធានសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ ទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការបន្តពាក់មុខយក្សដាក់គ្នានេះកើតមានឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានអនុម័តលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ«សញ្ជាតិខ្មែរតែមួយគត់» ហើយនឹងត្រូវរដ្ឋសភាលើកយកមកពិនិត្យនៅក្នុងពេលឆាប់ៗនេះ។

មេដឹកនាំគណបក្សជំទាស់លោក សម រង្សី ចាត់ទុកថា សំណើវិសោធនកម្មខាងលើមិនមានប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិនោះទេ។ ផ្ទុយទៅវិញ លោកយល់ថាការធ្វើច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីក្នុងការកាន់អំណាច និងការកំណត់មន្ត្រីរាជការកាន់តំណែងក្នុងមុខងារសាធារណៈឲ្យចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងនោះជារឿងប្រសើរជាង។

កាលពីថ្ងៃទី ០៨ ខែតុលា អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកក្នុងន័យដើមថា៖«ជាជាងធ្វើច្បាប់អត់ប្រយោជន៍ខាងលើនេះ គួរតែធ្វើច្បាប់មួយទៀត ដែលមានសារៈប្រយោជន៍ខ្ពង់ខ្ពស់ជាទីបំផុត គឺច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ»។

លោកបន្ថែមថា៖ «ច្បាប់បែបនេះ គឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់»។

អតីតមេបក្សជំទាស់រូបនេះ បានបញ្ជាក់ទៀត មានច្បាប់មួយទៀត ដែលមានសារៈសំខាន់ផងដែរនោះ គឺច្បាប់កំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រី ឲ្យត្រឹមតែ ២ អាណត្តិ គឺ១០ឆ្នាំ យ៉ាងច្រើន «ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទប់ស្កាត់ជនផ្តាច់ការណាម្នាក់ ដែលចង់ក្រាញអំណាចមួយជីវិត»។

ការប្រកែកគ្នារបស់អ្នកនយោបាយខ្មែរ ក្នុងសំណុំរឿងកំណត់សញ្ជាតិខ្មែរតែមួយ ដើម្បីចូលកាន់តំណែងកំពូលៗរដ្ឋនេះ ធ្វើឡើង ក្រោយពីសារព័ត៌មាន The Guardian បានចេញផ្សាយលទ្ធផលស្រាវជ្រាវ«The Pandora Papers» ដែលដើមឡើយថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន មានលិខិតឆ្លងដែនរបស់ប្រទេសស៊ីប ឬ (Cyprus) ដែលជាប្រទេសដែនកោះមួយនៅទ្វីបអឺរ៉ុប។ ប៉ុន្តែក្រោយមក កាសែតនៅចក្រភពអង់គ្លេសមួយនេះ កែតម្រូវថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានលិខិតឆ្លងដែនរបស់ប្រទេសស៊ីបទេ។

មុនការចេញសេចក្តីកែតម្រូវរបស់សារព័ត៌មាន The Guardianនោះ មេដឹកនាំបក្សជំទាស់លោក សម រង្ស៊ី បានចោទ លោក ហ៊ុន សែន ថាជាជនដែលគ្មានភក្តីភាពចំពោះជាតិ ដោយលើកហេតុផលថា មេដឹកនាំកម្ពុជារូបនេះបានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសស៊ីបនោះ។ លោក ហ៊ុន សែន ប្រធានគណបក្សគ្រប់គ្រងប្រទេសបានច្រានចោលភ្លាមៗការចោទប្រកាន់នេះ រួចក៏ផ្តួចផ្តើមឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ការទទួលបានតំណែងកំពូលៗរដ្ឋនេះតែម្តង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការចង់ធ្វើច្បាប់ដើម្បី «កំណត់អាណត្តិកាន់អំណាចសម្រាប់នាយករដ្ឋមន្ត្រីនិងច្បាប់កំណត់អាយុឲ្យមន្ត្រីរាជការចូលនិវត្តន៍»ដែលជាគំនិតផ្តួចផ្តើមរបស់លោក សម រង្ស៊ីនោះ គឺមិនអាចទៅរួចទេ។

លោកបានប្រាប់វីអូអេថា៖ «រង្សីដូចគាត់លើកឡើងគឺលើកឡើងតាមមនោសញ្ចេតនារបស់គាត់។ យើងធ្វើទៅតាមអ្វីក្រឹត្យក្រម នូវអ្វីដែលជាការប្រព្រឹត្តទៅនិងដំណើរការរបស់គណបក្សរបស់នីមួយៗដែល[ប្រកាន់នូវ]របបសភានិយម»។

លោកបន្ថែមថា៖«នាយករដ្ឋមន្ត្រីឬក៏បេក្ខភាពរបស់មន្ត្រី បើគណបក្សគេយល់ឃើញថាមន្ត្រីនោះនៅមានសមត្ថភាពធ្វើការបានប្រកបដោយជោគជ័យប្រកបដោយផល។ បក្សនីមួយៗហ្នឹងត្រូវថែរក្សាដែលជាបេក្ខភាពរបស់មន្ត្រីនោះ។ គ្មានអ្នកណាមួយដែលហ៊ានសម្រេចជំនួសគណបក្សរបស់គេទេ»។

បើតាមលោក ផៃ ស៊ីផាន សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរនោះ «គឺប្រញាប់» ហើយ សភានឹងធ្វើការពិនិត្យ និងសម្រេចនៅក្នុងសប្តាហ៍នេះ។

លោកថ្លែងថា៖ «ថ្ងៃសុក្រហ្នឹងក៏បញ្ចប់[ការពិនិត្យរបស់]គណៈរដ្ឋមន្ត្រី ហើយចាប់ផ្តើមពីថ្ងៃចន្ទ ថ្ងៃអង្គារទៅបានច្បាប់ហ្នឹង ដាក់ចូលទៅសភា ដើម្បីសភាពិនិត្យមើល»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់វីអូអេនៅថ្ងៃចន្ទនេះថា សភាមិនទាន់បានទទួលសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះទេ។ ប៉ុន្តែលោកមានប្រសាសន៍ថា សេចក្តីព្រាងនោះនឹងអាចមកដល់សភាក្នុងសប្តាហ៍នេះ ក្រោមហេតុផលថា នេះជាកិច្ចការបន្ទាន់មួយ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានបណ្តោះអាសន្នរបស់«គណបក្សកែទម្រង់កម្ពុជា» លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដំណើរធ្វើច្បាប់កំណត់សញ្ជាតិនេះ មានចេតនាយកឈ្នះគ្នាខាងនយោបាយ ដែលមិនចំណេញដល់ប្រទេសកម្ពុជានោះទេ។

លោកថ្លែងថា៖ «ការកំណត់សញ្ជាតិមួយនេះមិនចំណេញដល់កម្ពុជាទេ វាធ្វើឲ្យប៉ះពាល់ដល់ស្មារតីឯកភាពជាតិ ស្មារតីក្នុងការចូលរួមក្នុងវិស័យនយោបាយនិងការអភិវឌ្ឍន៍ប្រទេសហ្នឹង...។ ហើយវាបង្ហាញនូវការរើសអើង នយោបាយរវាងខ្មែរនិងខ្មែរគ្នាឯង»។

អ្នកនយោបាយខ្មែរ ដែលមានសញ្ជាតិអាមេរិកាំងរូបនេះ ក៏ចង់ឃើញប្រមុខរាជរដ្ឋាភិបាលពិចារណា កុំយកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាកិច្ចការអាទិភាពសម្រាប់ប្រទេសជាតិ ទោះបីជាច្បាប់នេះអាចនឹងធ្វើទៅរួច ក្នុងពេលឆាប់ៗខាងមុខក៏ដោយ បើមើលទៅលើស្ថាប័នសភាទាំងពីរដែលគ្រប់ដណ្តប់ដោយសមាជិកស្ទើរតែទាំងអស់មកពីគណបក្សកាន់អំណាច។

អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃចន្ទថា ជម្លោះពាក្យសម្តីដែលកើតជាបន្តរវាងមេដឹកនាំគណបក្សកាន់អំណាចនិងប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ នឹងកាន់តែមានភាពតានតឹងបន្ថែមទៀតក្នុងការចរចា និងសម្របសម្រួលផ្នែកនយោបាយ មុនពេលបោះឆ្នោត នៅឆ្នាំខាងមុខនេះ។

លោកបន្ថែមថា៖ «វាអត់មានអ្វីចំណេញទាល់តែសោះនៅក្នុងករណីដែលជម្លោះវោហារសាស្ត្រនេះនៅតែបន្តឥតឈប់ឈរ ហើយវាធ្វើឲ្យពលរដ្ឋកាន់តែមានអារម្មណ៍មិនសប្បាយចិត្ត ហើយមានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍តប់ប្រមល់ក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងកូវីដ១៩ហើយ ហើយអ្នកនយោបាយនៅតែបន្តសង្គ្រាមវោហារសាស្ត្ររហូតដល់ឥឡូវទៀត»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពីរនាក់ទៀត និងអតីតតំណាងរាស្ត្របក្សជំទាស់ម្នាក់ដែលស្ថិតនៅក្រៅប្រទេស ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពីបទ «រួមគំនិតក្បត់»និង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងសំណុំរឿង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានសញ្ជាតិស៊ីបនោះ៕

Reply all
Reply to author
Forward
0 new messages