លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ធ្វើឲ្យ​បរិយាកាស​នយោបាយ​តានតឹង ដើម្បី​បន្ត​កាន់​អំណាច

0 views
Skip to first unread message

samlot chit

unread,
Sep 13, 2021, 10:59:02 AMSep 13
to samrain...@googlegroups.com

លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា ធ្វើឲ្យបរិយាកាសនយោបាយតានតឹង ដើម្បីបន្តកាន់អំណាច


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ភ្នំពេញ — 

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បន្តធ្វើឲ្យបរិយាកាសនយោបាយកាន់តែតានតឹង ដើម្បីលោកអាចបន្តកាន់អំណាច។ ប៉ុន្តែសារចោទប្រកាន់របស់មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាច្រានចោល។

លោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងកំពុងប្រឈមនឹងការចោទប្រកាន់មួយចំនួនទៀត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែកញ្ញា ដោយនិយាយពីបរិយាកាសនយោបាយតានតឹងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការដែលលោកមិនអាចផ្ទេរតំណែងទៅកូនប្រុសរបស់លោកបាននៅពេលនេះ។

លោក សម រង្ស៊ី បញ្ជាក់ក្នុងសំណេរដើមថា៖ «ដើម្បីឲ្យការផ្ទេរតំណែង ឲ្យទៅកូនគាត់ អាចធ្វើទៅបានយ៉ាងរលូន ហើយចៀសវាងគ្រោះថ្នាក់ ដែលអាចធ្វើឲ្យ[លោក] ហ៊ុន សែន បាត់ បង់អំណាចទាំងស្រុងតែម្តង ត្រូវតែមានបរិយាកាសនយោបាយមួយដ៏ត្រជាក់។ គេមិនដែលប្តូរទូកកណ្តាលទន្លេ ពេលដែលមានខ្យល់ព្យុះនោះទេ»។

បន្ថែមពីនេះ លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថា ធ្វើឲ្យបរិយាកាសនយោបាយតានតឹង ដើម្បីលោកអាចនៅបន្តអំណាចរបស់លោកទៀត ដែលពេលនេះមានរយៈពេល៣៦ឆ្នាំមកហើយ ដែលលោកដឹកនាំប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

លោក សម រង្ស៊ី បន្តថា៖ «[លោក] ហ៊ុន សែន ត្រូវការបង្កើតឲ្យមានសភាពការណ៍តានតឹង ប្រកបដោយការគំរាមកំហែង និងអំពើហិង្សា ដើម្បីក្រាញអំណាច។ ការគំរាមកំហែងរបស់គាត់ មិនមែនគ្រាន់តែសំដៅទៅគណបក្សប្រឆាំងទេ តែសំដៅទៅមន្រ្តីខ្លះក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ ដែលគាត់សង្ស័យថា មានទំនាក់ទំនងជាមួយគណបក្សសង្រ្គោះជាតិ ក្នុងគោលបំណងទម្លាក់គាត់ពីតំណែង។ មានគេស្អប់ [លោក] ហ៊ុន សែន ច្រើនណាស់ក្នុងជួរគណបក្សគាត់»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប បានច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា មន្រ្តីថ្នាក់ក្រោមមិនពេញចិត្តនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកចាត់ទុកថា នេះជា«រឿងប្រឌិតទាំងស្រុង» ហើយមិនមានហេតុផលណាដែលមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវមានទំនាក់ទំនង ឬចុះចូលជាមួយគណបក្សសង្រ្គោះជាតិឡើយ។

លោកប្រាប់វីអូអេថា៖ «អានេះ គ្រាន់តែជាពាក្យនិយាយលាបពណ៌ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនហ្នឹង ឲ្យមានការសង្ស័យគ្នាតែប៉ុណ្ណឹងទេ។ តែតាមពិត សភាពការណ៍ហ្នឹង អត់មានជាដាច់ខាត»។

លោក សុខ ឥសាន បន្ថែមថា សាររបស់លោក សម រង្ស៊ី មានចរិតលក្ខណៈញុះញង់ និងបំភ្លៃការពិត។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាបរិយាកាសនយោបាយល្អ និងធានាសន្តិសុខដល់ប្រជាពលរដ្ឋ។

លោកថ្លែងថា៖ «ដូច្នេះហើយទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ ដែលកំពុងរត់ចោលស្រុកនេះ យើងឃើញថា និយាយផ្ទុយពីការពិតជាក់ស្តែង។ អញ្ចឹង ជាគោលនយោបាយរបស់គណបក្សប្រជាជន។ អត់មានបានធ្វើឲ្យសភាពការណ៍ក្តៅទេ។ តែផ្ទុយទៅវិញ មានតែក្រុមឧទា្ទមក្រៅច្បាប់ទេ ដែលប្រើទាំងពាក្យសម្តីទាំងសកម្មភាព ធ្វើឲ្យសភាពការណ៍ក្តៅ ដើម្បីធ្វើម៉េចក្រឡុកសភាពការណ៍»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា សុំមិនបញ្ចេញយោបល់ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោក សម រង្ស៊ី ដោយលើកឡើងថា លោកមិនឆ្លើយឆ្លងជាមួយនឹងលោក សម រង្ស៊ី ដែលត្រូវបានចាត់ទុកថា ជាទណ្ឌិតនោះទេ។

លោកថ្លែងថា៖ «ដូចខ្ញុំបានជម្រាបជូនអញ្ចឹង ខ្ញុំអត់ឆ្លងឆ្លើយជាមួយគាត់។ គាត់លើកម៉េចលើកទៅ។ គាត់ជាទណ្ឌិតរួចស្រេចទៅហើយបាទ គឺជាមនុស្សក្រៅច្បាប់រួចស្រេចទៅហើយ»។

លោក សេង សារី អ្នកវិភាគនយោបាយនៅកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជាទូទៅ ការបង្កើតបញ្ហាតានតឹង ជាមធ្យោបាយមួយរបស់រដ្ឋាភិបាលផ្តាច់ការ ដើម្បីបង្វែរការយកចិត្តទុកដាក់ពីសាធារណជនពីរឿងលម្ហនយោបាយដែលកំពុងមានការរឹតត្បិត។

លោកថ្លែងថា៖ «របៀបរបបដឹកនាំរបៀបហ្នឹង មិនមែនតែនៅកម្ពុជាទេ។ ប្រទេសដែលមានរបៀបរបបតាមបែបផ្តាច់ការហ្នឹង គឺតែងតែធ្វើម៉េចកម្តៅបញ្ហា ឲ្យបញ្ហាហ្នឹង វាកើតឡើង បញ្ហាសង្គមកាន់តែច្រើន អសនិ្តសុខផ្លូវចិត្ត វិសមភាពសង្គម អំពើអយុត្តិធម៌កើតឡើងជាច្រើនហ្នឹង គឺធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋហ្នឹងចាប់អារម្មណ៍ពីកិច្ចការងារនយោបាយហ្នឹងឯង»។

លោកបន្តថា ការវិលត្រឡប់មកវិញនៃគណបក្សសង្រ្គោះជាតិ ដែលអាចជាផ្នែកមួយជំរុញនូវលម្ហនយោបាយនៅកម្ពុជា នៅតែជួបការលំបាក ដោយសារតែគណបក្សនេះត្រូវបានចាត់ទុកថា ជា«ការគំរាមកំហែង»ដល់ការបន្តកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា វាអាចមានលទ្ធភាពច្រើនដែលកម្ពុជាបន្តស្ថិតនៅក្រោមការគ្រប់គ្រងដោយឯកបក្ស បើទោះបីជាមានសម្ពាធពីបស្ចិមប្រទេសឲ្យមានការកែប្រែលម្ហប្រជាធិបតេយ្យក៏ដោយ។

គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។ ការរំលាយបក្សជំទាស់នេះធ្វើឡើង បន្ទាប់ពីគណបក្សនេះ បង្ហាញសន្ទុះកំណើនប្រជាប្រិយភាពបន្ថែមទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ ក្រុមមន្ត្រីនិងតំណាងរាស្ត្រជាច្រើនរូបរបស់គណបក្សនេះ បានចាកចេញពីប្រទេស ដោយបារម្ភពីការយាយីខាងផ្លូវច្បាប់មកលើពួកគេ៕

Reply all
Reply to author
Forward
0 new messages