លោក សម រង្ស៊ី ​ជូនពរ​ខួប​កំណើត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដៃគូ​ប្រជែង​នយោបាយ

0 views
Skip to first unread message

samlot chit

unread,
Aug 5, 2022, 3:45:39 PM8/5/22
to samrain...@googlegroups.com

លោក សម រង្ស៊ី ជូនពរខួបកំណើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដៃគូប្រជែងនយោបាយ

06 សីហា 2022

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ទីក្រុង CHARLOTTE រដ្ឋ NORTH CAROLINA — 

មេដឹកនាំក្រុមជំទាស់លោក សម រង្ស៊ី បានបញ្ចេញសារជូនពរខួបកំណើត ៧០ ឈានចូល៧១ឆ្នាំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាដៃគូប្រជែងនយោបាយដ៏ស្រួចស្រាល់បំផុត ទោះជាប់បណ្តឹងក្តីក្តាំផ្ទាល់ខ្លួននិងបណ្តឹងរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្តី។

លិខិតរបស់លោក សម រង្ស៊ី កើតឡើងខណៈដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ហើយ

បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញបើកលម្ហសិទ្ធិពលរដ្ឋ និងនយោបាយឡើងវិញ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ជាមួយគ្នាដែលលោករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់លើបញ្ហាតំបន់និងសកលជាច្រើន មុនពេលជួបជាមួយលោក កឹម សុខាជាមេដឹកនាំក្រុមជំទាស់ដ៏សំខាន់ផងនោះ។

នៅក្នុងលិខិតមួយដែលគេប្រទះឃើញនៅលើបណ្តាញសង្គមនៅថ្ងៃទី៥សីហានេះ ក្រៅពីស្នើសុំលោកនាយករដ្ឋមន្ត្រីកម្ពុជាឲ្យធ្វើច្បាប់ដាក់មន្ត្រីរាជការរួមទាំងផ្នែកនយោបាយផងឲ្យចូលនិវត្តន៍ត្រឹម អាយុ៧០ឆ្នាំ ដើម្បីផ្តល់ឳកាសដល់មនុស្សជំនាន់ក្រោយ លោក សម រង្ស៊ី បានចាប់ផ្តើមសារលិខិតរបស់លោកតាមខ្លឹមសារដើមថា៖

«ក្នុងឱកាសខួបកំណើត៧០ របស់សម្តេចថ្ងៃនេះ ខ្ញុំសូមជូនពរឲ្យសម្តេចមានសុខភាពល្អ អាយុយឺនយូរនិងស្គាល់តែសុភមង្គលក្នុងគ្រួសាររហូតដល់កូនចៅគ្រប់រូប»។

នៅក្នុងសារដដែលដែលធ្វើចេញពីទីក្រុងប៉ារីស ហើយដាក់រូបថតអង្គុយជាមួយគ្នា គឺលោក សម រង្ស៊ីនិង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងនោះ បានលើកយកគំរូនៅវៀតណាមដែលមន្ត្រីរដ្ឋការក្នុងមុខតំណែងមុខងារសាធារណ:ទាំងអស់ ត្រូវកំណត់ឲ្យចូលនិវត្តន៍អាយុត្រឹម៦៥ឆ្នាំ ដោយគ្មានការលើកលែង។

លោក សម រង្ស៊ី ចាត់ទុកថាការ ការធ្វើច្បាប់នេះជាការផ្តល់តម្លៃ និង ឱកាសដល់យុវជនជំនាន់ក្រោយរាប់ម៉ឺននាក់បន្តតំណែងក្នុងកម្រិតទទួលខុសត្រូវកាន់តែខ្ពស់ ហើយស្របតាមតម្រូវការដែលលោកថាប្រទេសកម្ពុជាត្រូវការកម្លាំងយុវជនជំនាន់ថ្មី ដើម្បីនាំមកឈាមថ្មី និងគំនិតថ្មី សម្រាប់ដំណើរការវឌ្ឍនភាព និងគ្មានការរាំងស្ទះដោយសារតែការមិនដកខ្លួនចេញពីមុខតំណែងបច្ចុប្បន្នរបស់មនុស្សចាស់។

គេមិនទាន់ឃើញមានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមានការបង្កើតច្បាប់កំណត់អាយុ មន្ត្រីរាជការក្នុងមុខងារសាធារណ:គ្រប់រូប ទាំងផ្នែកនយោបាយឲ្យចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ ចំថ្ងៃខួបកំណើត ៧០ ឈានចូល៧១ឆ្នាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក សម រង្ស៊ី ជូនពរនោះទេ។

លោក សម រង្ស៊ី កំពុងជាប់ចោទដោយតុលាការកម្ពុជាជាច្រើនករណីរួមទាំងពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្តឹងផ្ទាល់ខ្លួនមួយចំនួននៅតុលាការបារាំង និង សំណុំរឿងប្រមាថព្រះមហាក្សត្រនិងគ្រួសារលោកនាយករដ្ឋមន្ត្រីផងដែរ ក្នុងពេលលោកសម រង្ស៊ី ស្ថិតនៅនិរទេសខ្លួនជាច្រើនឆ្នាំចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧មុនការបោះឆ្នោតជាសាកលឆ្នាំ២០១៨។

គេមិនទាន់ដឹងថាតើសារជូនពរខួបកំណើត ៧០ ឈានចូល៧១ឆ្នាំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអាចជួយឲ្យស្ថានការណ៍នយោបាយកម្ពុជាត្រឡប់ទៅកាន់ភាពប្រក្រតីវិញឬតានតឹងឬក៏លោក សម រង្ស៊ី អាចវិលមកកាន់កម្ពុជាវិញ នោះយ៉ាងណាទេ ក្នុងពេលកម្ពុជានឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ ហើយនិងមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់មេដឹកនាំប្រទេស និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកា៕

Reply all
Reply to author
Forward
0 new messages