រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន

0 views
Skip to first unread message

samlot chit

unread,
Jul 23, 2021, 2:41:49 PM7/23/21
to samrain...@googlegroups.com

រដ្ឋបាលខេត្តកំពង់ស្ពឺអនុវត្តដីកាចាប់ខ្លួនសកម្មជនបក្សប្រឆាំង ប៉ុន្តែកម្លាំងនគរបាលខេត្តនិងស្រុកថា មិនដឹងព័ត៌មាន

24 កក្កដា 2021

រូបឯកសារ៖ អ្នកស្រី កឹម តុលា នៅពេលដែលអ្នកស្រីជាបេក្ខនារីមកពីគណបក្សសង្រ្គោះជាតិ ប្រកួតប្រជែងយកតំណែងមេឃុំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ អ្នកស្រី កឹម តុលា នៅពេលដែលអ្នកស្រីជាបេក្ខនារីមកពីគណបក្សសង្រ្គោះជាតិ ប្រកួតប្រជែងយកតំណែងមេឃុំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

ភ្នំពេញ — 

ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងអធិការនគរបាលស្រុកភ្នំស្រួច នៅថ្ងៃសុក្រនេះបានអះអាងថា ពួកគេមិនបានដឹង និងពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅឃុំត្រែងត្រយឹង អ្នកស្រី កឹម តុលា នោះទេ។

អភិបាលខេត្តកំពង់ស្ពឺ បានការពារការអនុវត្តនោះថា ជាវិធីសាស្រ្តនៃការអនុវត្តរបស់រដ្ឋបាលខេត្តក្នុងការចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ។

ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដែលជាអតីតមេឃុំជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា អាយុ៣៤ឆ្នាំ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការធ្វើទុក្ខបុកម្នេញសកម្មជននៅថ្នាក់ក្រោម នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន ហាក់ស្ទាក់ស្ទើរក្នុងការ អត្ថាធិប្បាយ។ លោកបានថ្លែងប្រាប់វីអូអេនៅព្រឹកថ្ងៃសុក្រនេះថា លោកមិនមានព័ត៌មានអ្វីទាក់ទងនឹងការចាប់ខ្លួននេះទេ។

លោកបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងដែរ មិនដឹងសួរខាងៗណា[ទេ]»។

ចំណែកលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានអះអាងថា ការចាប់ខ្លួននោះ ជាការបញ្ជាផ្ទាល់របស់រដ្ឋបាលខេត្ត ហើយមិនមានការ«សហការ»ជាមួយកម្លាំងនគរបាលខាងក្រោមឡើយ។

លោកប្រាប់វីអូអេថា៖ «ពាក់ព័ន្ធនឹងខាងខេត្តទេ យើងអត់[ពាក់ព័ន្ធទេ]។ ខេត្តគេអត់មានសហការ អ៊ីចឹង បានសួរទៅខាងខេត្តវិញ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ពិតជាមានការចាប់ខ្លួនអ្នកស្រី កឹម តុលា មែន ដោយអនុវត្តតាមសាលក្រមរបស់តុលាការ ដែលលោកថា តុលាការបានកាត់ទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ ចាប់ពីថ្ងៃចាប់ខ្លួន ពាក់ព័ន្ធនឹងបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបន្ថែមថា សកម្មជនបក្សប្រឆាំងរូបនោះ បានត្រឡប់ពីប្រទេសថៃវិញ កាលពីកន្លងទៅ ហើយអាជ្ញាធរទើបដឹង និងមានការចាប់ខ្លួនតែម្តង។

ពាក់ព័ន្ធនឹងការមិនដឹងព័ត៌មានរបស់ស្នងការខេត្តនិងអធិការស្រុក អំពីការចាប់ខ្លួននេះ អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា៖ «អូហ៍ អូនឯងទៅសួរចំប៉ូលិសខុស។ ជួនកាលអូនឯងទៅសួរចំប៉ូលិសចរាចរណ៍ ទៅសួរប៉ូលិសសណ្តាប់ធ្នាប់ ទៅសួរប៉ូលិសគ្រឿងញៀន»។

លោកបន្ថែមថា៖ «យើងមានវិធីសាស្រ្តនៃការប្រើប្រាស់ប៉ូលិស។ ហើយអាហ្នឹងអូនឯងមិនបាច់លូកមាត់ថាគួរតែប្រើអាណាទេ ព្រោះខ្ញុំប្រើប្រាស់ វាមានរឿងត្រូវប្រើប្រាស់ ពេលខ្លះខ្ញុំត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពេលខ្លះ យើងប្រើតែម្នាក់ពីរនាក់ ក៏បានដែរ អត់អីទេ»។

បើតាមអភិបាលខេត្ត បច្ចុប្បន្ននេះ អ្នកស្រី កឹម តុលា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់វីអូអេថាការចាប់ខ្លួនអ្នកស្រី កឹម តុលា គឺអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

លោកបញ្ជាក់ថាជាធម្មតា នគរបាលនិងកម្លាំងកងរាជអាវុធហត្ថមាននីតិសម្បទាជានគរបាលយុត្តិធម៌ ដែលអាចអនុវត្តសាលដីកាចាប់ខ្លួនរបស់តុលាការបាន។

វីអូអេមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីពាក់ព័ន្ធនៃសាលាដំបូងខេត្តកំពង់ស្ពឺបាននៅឡើយទេនៅថ្ងៃសុក្រនេះ។

លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាជាធម្មតា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថជានគរបាលយុត្តិធម៌ ដែលតុលាការតែងតែសហការក្នុងការចាប់ខ្លួនបុគ្គលណាមួយ ជាការអនុវត្តតាមសាលក្រម និងដីកាបញ្ជាឲ្យចាប់ខ្លួនអ្វីមួយ។ លោកថាករណីនេះនាំឲ្យមានការរិះគន់បន្ថែមទៀតលើនីតិវិធីនៃការចាប់ខ្លួន បន្ថែមលើការរិះគន់អំពីការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនៅថ្នាក់ក្រោមជាតិ។

លោកថ្លែងថា៖ «ព្រោះអនុវត្តដីកា បើសិនជាអ្នកដែលមិនពាក់ព័ន្ធ ឬក៏មន្រ្តីរាជការស៊ីវិលធម្មតា គឺគ្មានតួនាទីទេក្នុងការអនុវត្តនោះ ព្រោះដីកាភាគច្រើន គឺខាងតុលាការ គេបញ្ជូនទៅមន្រ្តីនគរបាលយុត្តិធម៌ដូចជាស្នងការ ឬក៏រាជអាវុធហត្ថក្នុងការអនុវត្តនៃការចាប់ខ្លួន»។

អ្នកស្រី កឹម សេដ្ឋា អាយុ៥២ឆ្នាំ ជាបងស្រីរបស់អ្នកស្រី កឹម តុលា បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាប្អូនស្រីត្រូវបានចាប់ខ្លួននៅតូបលក់ចាប់ហួយនៅម៉ោងប្រមាណ៣រសៀលកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមព័ត៌មានដែលអ្នកស្រីទទួលបានពីប្រជាពលរដ្ឋនៅជុំវិញនោះ។ អ្នកស្រីបន្ថែមថាប្អូនស្រីបានត្រឡប់មកពីប្រទេសថៃ មករស់នៅក្នុងឃុំត្រែងត្រយឹង ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ប៉ុន្តែទើបតែត្រូវបានចាប់ខ្លួន។

អ្នកស្រីឲ្យដឹងថានៅរសៀលថ្ងៃសុក្រនេះដែរ អ្នកស្រីបានធ្វើដំណើរទៅសួរសុខទុក្ខប្អូនស្រីក្នុងពន្ធនាគារ។

នេះជាការចាប់ខ្លួនចុងក្រោយបន្ថែមទៀតពាក់ព័ន្ធនឹងសំណុំរឿងគាំទ្រការវិលត្រឡប់ចូលប្រទេសវិញរបស់លោក សម រង្ស៊ី។ សកម្មជនខ្លះក៏ត្រូវបានកាត់ទោសហើយ។ អ្នកខ្លះទៀតក៏កំពុងរង់ចាំការកាត់ទោស៕

Reply all
Reply to author
Forward
0 new messages