ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​របស់កញ្ញា សេង ធារី ធ្វើឲ្យ​នាងជាប់​ពន្ធនាគារ ខណៈ​ព្រឹទ្ធសភា​អាមេរិក​កំពុង​តាម​​ឃ្លាំ​មើល

0 views
Skip to first unread message

samlot chit

unread,
Aug 15, 2022, 9:28:33 AM8/15/22
to samrain...@googlegroups.com

ការប្រកាន់ខ្ជាប់នូវគោលការណ៍របស់កញ្ញា សេង ធារី ធ្វើឲ្យនាងជាប់ពន្ធនាគារ ខណៈព្រឹទ្ធសភាអាមេរិកកំពុងតាមឃ្លាំមើល

14 សីហា 2022

រូបឯកសារ៖ កញ្ញា សេង ធារី ស្លៀកពាក់ដូចរូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។  ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ុល រស្មី/ វីអូអេ)
រូបឯកសារ៖ កញ្ញា សេង ធារី ស្លៀកពាក់ដូចរូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ុល រស្មី/ វីអូអេ)

វ៉ាស៊ីនតោន/រាជធានីភ្នំពេញ — 

កញ្ញា សេង ធារី បានដឹងថានឹងមានអ្វីកើតឡើង នៅពេលដែលនាងទៅបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ហើយនាងបានត្រៀមខ្លួនរួចជាស្រេច។ ដោយលាបពណ៌បៃតងភ្លឺនៅលើផ្ទៃមុខ ជាមួយឈុតពណ៌បៃតងរុំជុំវិញខ្លួន និងមានមកុដ ធ្វើពីក្រដាសកាតុងនៅលើក្បាលរបស់នាង សេង ធារី បានបង្ហោះវីដេអូដែលនាងអង្គុយនៅកៅអីផ្នែកខាងក្រោយរថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ ដើម្បីទៅស្តាប់សាលក្រមក្នុងសវនាការកាត់ក្តីនាងពីបទញុះញង់។

នាងបាននិយាយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំគឺជាស្រ្តីនៃសេរីភាព។ ខ្ញុំគឺជាសេរីភាព។ ខ្ញុំគឺជាដង្ហើមរបស់អ្នក។ អ្នកមិនអាចរស់នៅបានល្អ ដោយគ្មានខ្ញុំនោះទេ។ ខ្ញុំគឺជាចម្រុះពណ៌ដែលធ្វើឱ្យជីវិតរបស់អ្នកមានន័យ។ ខ្ញុំគឺជាតន្ត្រីដែលចិញ្ចឹមដួងព្រលឹងរបស់អ្នក។ ខ្ញុំគឺជាអុកស៊ីសែនដែលអ្នកដកដង្ហើម។ របបផ្តាច់ការនេះចង់រារាំងអ្នកមិនឱ្យដកដង្ហើម។ របបផ្តាច់ការនេះចង់ឃុំឃាំងសេរីភាព»។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសកញ្ញា សេង ធារី ឲ្យជាប់ពន្ធនាគារចំនួន ៨ ឆ្នាំ បើទោះជាភស្តុតាងដែលប្រឆាំងនឹងកញ្ញា មានត្រឹមតែការបង្ហោះហ្វេសប៊ុកដែលរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានប្រមូលផ្ដុំការគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងតែប៉ុណ្ណោះ។ សកម្មជន និងមន្ត្រីបក្សប្រឆាំងចំនួន ៥០ នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសនៅក្នុងសវនាការកាត់ក្តីដ៏ធំនោះផងដែរ បើទោះបីជាមានមនុស្សមួយចំនួនបានរត់ភៀសខ្លួនរួចហើយក្តី។

បើតាមអង្គការសិទ្ធិមនុស្សលីកាដូ កញ្ញា សេង ធារី បច្ចុប្បន្នស្ថិតក្នុងចំណោម «អ្នកទោសមនសិការ» ចំនួន ៥០ នាក់ នៅប្រទេសកម្ពុជា ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ដោយសារសកម្មភាពនយោបាយ បរិស្ថាន សង្គម ឬការងារ។ ទោះជាយ៉ាងណាក៏ដោយ ករណីរបស់នាងអាចបង្កផលលំបាកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែកញ្ញា សេង ធារី ជាជនជាតិអាមេរិក ហើយករណីរបស់នាងទទួលបានការទាក់ទាញយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អន្តរជាតិ។

វាមានរយៈពេលជិតពីរខែមកហើយដែលកញ្ញា សេង ធារី បានជាប់ពន្ធនាគារ ហើយការណ៍នេះអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏រឹងមាំរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក។

ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសកញ្ញា សេង ធារី គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលទំនងជាសញ្ញាបង្ហាញថា ការចាប់កញ្ញា សេង ធារី ទៅដាក់ពន្ធនាគារ អាចប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជា។

លោក Jared Genser មេធាវីសិទ្ធិមនុស្សអន្តរជាតិតំណាងឲ្យកញ្ញា សេង ធារី ថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថា វាយុត្តិធម៌ក្នុងការនិយាយថាលោក ហ៊ុន សែន បានធ្វើកំហុសដ៏ធំមួយ។ ហើយយើងនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីប្រាកដថា គាត់ទទួលខុសត្រូវចំពោះបញ្ហានេះ»។

កិច្ចខំប្រឹងប្រែងទាំងនោះបានផ្តើមចេញនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលលោក Genser បាននិយាយថា លោកបានទទួលការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកដូចជាលោក Ed Markey សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachussetts លោក Dick Durbin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois និងលោក Marco Rubio សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida។

អ្នកនាំពាក្យរបស់លោក Markey បានប្រាប់ VOA ថា៖ «ការជាប់ពន្ធនាគាររបស់កញ្ញា សេង ធារី គូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់មួយនៅក្នុងការជំរុញបន្ថែមលើដំណើរលទ្ធិប្រជាធិបតេយ្យ និងច្បាប់សិទ្ធិមនុស្សនៅកម្ពុជា»។

អ្នកនាំពាក្យរូបនោះបានថ្លែងបន្ថែមថា ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករំពឹងថា ច្បាប់នេះនឹងទៅដល់តុរបស់លោកប្រធានាធិបតី Joe Biden នៅចុងឆ្នាំនេះ។

លោក Jared Genser បានថ្លែងថា លោកក៏នឹងយកសំណុំរឿងរបស់កញ្ញា សេង ធារី ទៅកាន់ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពានផងដែរ ដោយសារតែ «ចរិតក្លែងក្លាយនៃការចោទប្រកាន់ និងអត្ថិភាពនៃការរំលោភបំពានលើដំណើរការត្រឹមត្រូវនៅក្នុងការកាត់ក្តី»។

លោក Genser មានទំនុកចិត្តថា ការដាក់សំណុំរឿងនេះទៅកាន់អង្គការសហប្រជាជាតិនឹងទទួលបានជ័យជម្នះ។ ហើយលោកបានអះអាងថា លោក និងសហការី នឹងបន្តកិច្ចប្រឹងប្រែងនេះ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចទៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ និងនៅពេលដែលលោក ហ៊ុន សែន ឬមន្ត្រីមេដឹកនាំកម្ពុជាផ្សេងទៀត ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះ។

មេដឹកនាំបក្សប្រឆាំងកំពូលពីរនាក់ក្នុងចំណោមបីនាក់ដែលប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែអ្នកទាំងពីរបានភៀសខ្លួន ឬបន្តរស់នៅក្រៅប្រទេស មុនពេលពួកគេអាចត្រូវបានចាប់ខ្លួន។

បច្ចុប្បន្ននេះ ពួកគេត្រូវបានហាមឃាត់យ៉ាងតឹងតែងមិនឲ្យធ្វើដំណើរវិលចូលប្រទេសកម្ពុជាវិញ។ លោក កឹម សុខា ក៏កំពុងត្រូវបានបន្តការកាត់ទោសពីបទក្បត់ជាតិ ដែល អូសបន្លាយជាច្រើនឆ្នាំមកហើយ។ លក្ខខណ្ឌតុលាការបានហាមឃាត់លោក កឹម សុខា មិនឲ្យធ្វើសកម្មភាពនយោបាយ ហើយលោកប្រឈមនឹងការរឹតត្បិតតាមផ្លូវច្បាប់យ៉ាងច្រើន។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីអាមេរិកាំងដើមកំណើតខ្មេរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៨។
រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីអាមេរិកាំងដើមកំណើតខ្មេរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៨។

កញ្ញា សេង ធារី អាយុ ៥១ ឆ្នាំ បានជ្រើសរើសវិធីសាស្រ្តតស៊ូមតិផ្សេងៗ នៅពេលដែលនាងត្រូវបានចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ ២០២០។ ក្នុងពេលសវនាការម្តងៗ នាងបានស្លៀកសម្លៀកបំពាក់ដែលកាន់តែមានភាពលេចធ្លោ និងលម្អដោយសម្លៀកបំពាក់ពណ៌ក្រហមភ្លឺ សម្លៀកបំពាក់របស់អ្នករាំរបាំអប្សរា ឈុតអាវធំរបស់បុរស ឯកសណ្ឋានអ្នកទោស និងចុងក្រោយជារូបសំណាកសេរីភាព។

នាងបានប្រាប់កាសែត New York Times កាលពីដើមឆ្នាំនេះថា៖ «ខ្ញុំគឺជាអ្នកតស៊ូមតិសិទ្ធិពេញមួយជីវិតវ័យជំទង់របស់ខ្ញុំ។ ខ្ញុំនឹងមិនចាកចេញពីកិច្ចការនេះនាពេលឥឡូវនេះទេ។ រាប់សិបឆ្នាំនៃការបណ្តុះបណ្តាលអំពីសិទ្ធិមនុស្សរបស់ខ្ញុំ នឹងត្រូវទុកជាអសារបង់ បើខ្ញុំមិននៅ និងមិនតស៊ូទៅមុខទៀត»។

កញ្ញា ធារី បានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបានធំឡើងនៅសហរដ្ឋអាមេរិក ជាកន្លែងដែលនាងបានចូលរៀននៅសាកលវិទ្យាល័យ Georgetown ហើយបន្ទាប់មកបានសិក្សានៅសាកលវិទ្យាល័យ Michigan ដើម្បីក្លាយជាមេធាវីសិទ្ធិមនុស្ស។ នៅឆ្នាំ ២០០៤ នាងបានផ្លាស់ទៅរស់នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាអ្នកតស៊ូមតិដោយឥតសំចៃមាត់សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងអ្នកដែលរងទុក្ខក្រោមរបបដឹកនាំបច្ចុប្បន្ននៅកម្ពុជា។

លោក Genser ដែលជាមិត្តរួមថ្នាក់របស់កញ្ញា សេង ធារី នៅសាកលវិទ្យាល័យ Michigan បាននិយាយថា ក្នុងអំឡុងពេលសវនាការម្តងៗ នាងបានបញ្ចេញមតិខ្លាំងៗប្រឆាំងនឹងសវនាការលើរូបនាង។ នាងមិនញញើតនឹងរិះគន់ចំពោះរបបដែលកាត់ទោសនាង និងអ្នកប្រឆាំងផ្សេងទៀតឡើយ។

កាលពីពេលកន្លងទៅ កញ្ញា សេង ធារី បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសវនាការថា៖ «ពួកគេកំពុងប្រើតុលាការជាវាំងននដើម្បីបិទបាំង ទិដ្ឋភាពនៃការពិតជាក់ស្តែង ដែលជាឆាកល្ខោននយោបាយនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

បណ្តាញព័ត៌មានជុំវិញពិភពលោកបានរាយការណ៍អំពីការកាត់ទោសកញ្ញា ធារី ដោយបង្ហាញរូបថតជាច្រើនសន្លឹករបស់នាងក្នុងសម្លៀកបំពាក់តំណាងឲ្យសេរីភាពខ្មែរ ដែលត្រូវបានមន្រ្តីប៉ូលីសចាប់អូសចេញពីបរិវេណតុលាការក្រុងភ្នំពេញ។ ក្រុមអ្នកឃ្លាំមើល ក្នុងនោះរួមមានគណៈមេធាវីអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរិះគន់ដំណើរការកាត់ទោសនេះ។

លោក Genser បានថ្លែងអំពីលោក ហ៊ុន សែន ថា៖ «វាជាឱកាសមួយនៅក្នុងកាលៈទេសៈនេះពីការតស៊ូប្រឆាំងរបស់នាង។ វាជាឱកាសមួយ ដែលលោក [ហ៊ុន សែន] បានដាក់ [សេង ធារី] ក្នុងពន្ធនាគារ ដោយសារនាងមិនអាចធ្វើបានច្រើនដើម្បីទាញយកចំណាប់អារម្មណ៍ចំពោះរឿងដ៏អាក្រក់ ដែលលោក ហ៊ុន សែន កំពុងធ្វើនៅក្នុងប្រទេសកម្ពុជា [...] ដូច្នេះបើលោក ហ៊ុន សែន ដឹងកាន់តែឆាប់ថា នេះជាកំហុស ហើយអនុញ្ញាតឲ្យនាង [សេង ធារី] ចេញពីពន្ធនាគារ នោះស្ថានភាពនឹងកាន់តែប្រសើរដល់លោក ហ៊ុន សែន»។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានរៀបចំផែនការឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បន្តតំណែងជានាយករដ្ឋមន្ត្រី ដោយបង្ហាញពីការបង្រួមអំណាចទាំងក្នុងគណបក្សប្រជាជនកម្ពុជា និងលើស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ លោក ម៉ាណែត អាយុ ៤៤ ឆ្នាំ កំពុងទទួលបន្ទុកផ្នែកកងទ័ពរួចទៅហើយ ហើយបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ។

ក្រៅពីធ្វើការរឹតត្បិតលើសកម្មភាពរបស់គណបក្សប្រឆាំង ហើយបច្ចុប្បន្នកំពុងកាន់គ្រប់អាសនៈក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ ទប់ស្កាត់ការតវ៉ាគ្រប់ទម្រង់ និងបង្កើនការចូលរួមជាមួយយុវជនក្នុងប្រទេសតាមរយៈស្ថាប័ន គណបក្សដូចជា កាយរឹទ្ធិ និងកាកបាទក្រហមកម្ពុជាជាដើម។

ភាពស្ងប់ស្ងាត់នៅកម្ពុជា

ក្រោយត្រូវបានចាប់ខ្លួន កញ្ញា សេង ធារី ត្រូវបានបញ្ជូនខ្លួនចេញពីរាជធានីភ្នំពេញ ទៅឃុំក្នុងពន្ធនាគារដាច់ស្រយាលមួយក្នុងខេត្តព្រះវិហារ។ មេធាវីជនជាតិកម្ពុជាលោក ជូង ជូងី បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ។ លោក ជូង ជូងី បានបន្តថា នាងបានសម្រេចចិត្តមិនស្នើសុំផ្ទេរមកភ្នំពេញវិញទេ ព្រោះលក្ខខណ្ឌនៅពន្ធនាគារខេត្តព្រះវិហារមានភាពល្អប្រសើរជាងពន្ធនាគារព្រៃស។

លោក ជូងី បានបន្តថា៖ «ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង គឺល្អ»។ លោកប្រាប់ VOA បន្ថែមថា សាររបស់កញ្ញា សេង ធារី ចំពោះសាធារណជន ជាពិសេសយុវជនគឺថា៖ «តស៊ូដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន និងដោយសន្តិវិធី»។

ទោះបីជាសព្វថ្ងៃនេះមានការចាប់អារម្មណ៍តិចតួចសម្រាប់ការតស៊ូមតិជាសាធារណៈដើម្បីសេរីភាពនៅក្នុងប្រទេសកម្ពុជាក្តី ក៏ក្រុមបាតុករដែលបន្តតស៊ូមតិប្រឆាំងនឹងភាពអយុត្តិធម៌ជុំវិញបញ្ហាជម្លោះដីធ្លី ឧក្រិដ្ឋកម្ម និងអំពើពុករលួយ ដែលគេហៅថា «ស្រ្តីថ្ងៃសុក្រ» កំពុងគិតចង់ទៅទៅសួរសុខទុក្ខកញ្ញា សេង ធារី នៅពន្ធនាគារក្នុងខេត្តព្រះវិហារ។ ប៉ុន្តែពួកគេបានសម្រេចមិនទៅវិញ បន្ទាប់ពីបានដឹងថាកញ្ញា សេង ធារី អាចនឹងត្រូវផ្លាស់មកភ្នំពេញវិញ។ ហើយពួកគេកំពុងគិតគូរអំពីផែនការថ្មី។ នេះបើយោងតាមអ្នកដឹកនាំក្រុមស្ត្រីថ្ងៃសុក្រនេះ។

លោក សេង ម៉ារ៉ាឌី ជាបងប្រុសរបស់កញ្ញា សេង ធារី គឺជាឥស្សរជននយោបាយប្រឆាំងយូរលង់ម្នាក់ ដែលនៅបន្តរស់នៅក្នុងប្រទេសកម្ពុជា។ លោកបានបដិសេធមិនផ្តល់អត្ថាធិប្បាយ។

លោកស្រី មូរ សុខហួរ ដែលធ្លាប់ជាអនុប្រធានគណបក្សសង្គ្រោះជាតិមុនពេលគណបក្សនេះត្រូវបានរំលាយកាលពីឆ្នាំ ២០១៧ បាននិយាយថា ប្រជាពលរដ្ឋខ្លះភ័យខ្លាចក្នុងការដើរតាមផ្លូវ។

លោកស្រីបានថ្លែងបញ្ជាក់ថា៖ «លំហសម្រាប់លទ្ធិប្រជាធិបតេយ្យកំពុងតែរួមតូច ប៉ុន្តែយើងព្យាយាម ក្នុងនាមគណបក្សសង្គ្រោះជាតិ យើងបានព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យមនុស្សដើរតាម ហើយក្រុមតែមួយគត់ដែលនៅតែមានសំឡេងខ្លាំង និងអាចមើលឃើញនោះគឺ ស្ត្រីថ្ងៃសុក្រ និងកូដករណាហ្គាវើលដ៍»។

លោកស្រី មូរ សុខហួរ បានថ្លែងបន្តថា៖ «ខ្ញុំគិតថា យើងត្រូវតែមានភាពប្រាកដនិយម។ ប្រជាជនមិនហ៊ាន (តវ៉ា)។ ខ្លះរស់នៅកន្លែងសុខស្រួល ទោះបីដីត្រូវគេយក ពួកគេធ្វើការតវ៉ា ប៉ុន្តែបែរជាត្រូវបែកបាក់គ្នាទៅវិញ ដោយសារបញ្ហាញបច្ចេកទេស និងកលល្បិចរបស់លោក ហ៊ុន សែន ដែលប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ឬអាវុធរបស់លោក។ អាវុធរបស់តុលាការ មានប្រសិទ្ធភាពណាស់»។

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) និងលោកស្រី មូរ សុខហួរ (ស្តាំ) ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) និងលោកស្រី មូរ សុខហួរ (ស្តាំ) ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ការបង្កើនសម្ពាធ

នៅសហរដ្ឋអាមេរិក សំឡេងប្រឆាំងនឹងលោក ហ៊ុន សែន នៅក្នុងចំណោមសហគមន៍ខ្មែរអាមេរិកាំង ដោយផ្ទាល់និងតាមអ៊ីនធឺណិត នៅបន្តកើតឡើង ទោះជាមានករណីប្តឹងផ្តល់លើពលរដ្ឋអាមេរិកដើមកំណើតខ្មែរម្នាក់ក្តី។

សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បានផ្ញើសារយ៉ាងច្បាស់ទៅកាន់លោក ហ៊ុន សែន កាលពីប៉ុន្មានខែមុន ក្នុងអំឡុងទស្សនកិច្ចរបស់លោកមករដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ក្នុងពេលស្វាគមន៍អ្នកគាំទ្រ លោក ហ៊ុន សែន ត្រូវបានបុរសខ្មែរអាមេរិកាំងម្នាក់ គប់ស្បែកជើងដាក់។

នៅតាមរដ្ឋដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ដូចជារដ្ឋ Massachusetts និងរដ្ឋ California សមាជិកនៃរដ្ឋាភិបាលសហព័ន្ធដូចជាសមាជិករដ្ឋសភានិងព្រឹទ្ធសភា ជាទូទៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ ទោះយ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងក្លាយជាឧទាហរណ៍ដ៏កម្រមួយដែលសភា ឬព្រឹទ្ធសភាអាមេរិកទាំងមូល គាំទ្រឲ្យមានការដាក់ទណ្ឌកម្មនេះ។ កាលពីពេលកន្លងមក សេចក្តីស្នើច្បាប់បែបនេះចំនួនពីរ ត្រូវបានទម្លាក់ចោលត្រឹមគណៈកម្មាធិការប្រចាំព្រឹទ្ធសភាអាមេរិក។

លោក មាជ សុវណ្ណារ៉ា អតីតបេក្ខភាពតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានជាប់ពន្ធនាគាររយៈពេល ៥ ខែកាលពីឆ្នាំ ២០១៥ បាននិយាយថា លោកជឿជាក់ថា ការចរចានឹងកើតឡើង នៅពីក្រោយឆាកនៅប៉ុន្មានខែខាងមុខនេះ ដើម្បីដោះលែងកញ្ញា សេង ធារី និងទម្លាក់ ឬកាត់បន្ថយការចោទប្រកាន់លើលោក កឹម សុខា ដែលមានអាយុ ៦៩ ឆ្នាំ ដោយអនុញ្ញាតឲ្យលោកវិលចូលធ្វើនយោបាយវិញ។

លោកបានអះអាងថា សហរដ្ឋអាមេរិកនៅតែមានតួនាទីអានុភាពដ៏សំខាន់នៅកម្ពុជា ដោយសារលទ្ធភាពនៃការផ្តល់ឲ្យកម្ពុជាវិញនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មតាមរយៈប្រព័ន្ធ Generalized System of Preferences (GSP) ដែលបានផុតកំណត់ កាលពីឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថា អាចនឹងបន្តជាថ្មីនៅចំណុចណាមួយនាពេលខាងមុខនេះ។ ប្រសិនបើកម្ពុជាទទួលបានការអនុគ្រោះពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកម្តងទៀត នោះវានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យកាត់ដេរដ៏សំខាន់នៅកម្ពុជា។

លោក មាជ សុវណ្ណារ៉ា ដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ា លើកឡើងថា៖ «ពួកគេបារម្ភអំពី GSP… និងទណ្ឌកម្ម»។

ប៉ុន្តែលោកអះអាងថា លោកគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។ លោកក៏បានកត់សម្គាល់ថា មន្ត្រីគណបក្សប្រជាជន និងសមាជិកនៃក្រុមគ្រួសាររបស់លោក ហ៊ុន សែន មានក្រុមហ៊ុនផ្ទាល់ខ្លួនដែលពឹងផ្អែកលើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។

លោក សុវណ្ណារ៉ា សង្ឃឹមថា កិច្ចប្រជុំកំពូលការទូតនាពេលខាងមុខ រួមជាមួយនឹងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មន្ត្រីអាមេរិក ដូចជាបុគ្គលិកជាន់ខ្ពស់របស់គណៈកម្មាធិការព្រឹទ្ធសភា លោក Paul Grove ដែលជាអតីតសកម្មជនប្រជាធិបតេយ្យនៅអាស៊ី នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាមួយចំនួននៅកម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានផ្តល់ព័ត៌មានតិចតួចអំពីស្ថានភាពនៃការពិភាក្សាចរចាទាំងនោះ។ អ្នកនាំពាក្យស្ថានទូត លោកស្រី Stephanie Arzate បានបង្វែរសំណួរអំពីសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ទៅកាន់សមាជិកសភាអាមេរិក ហើយបានកត់សម្គាល់ថា កម្មវិធី GSP មិនត្រូវបានផ្តល់ឡើងវិញដោយសភាអាមេរិកនោះទេ។

លោកស្រី Arzate បានថ្លែងថា៖ «សហរដ្ឋអាមេរិកអំពាវនាវឲ្យដោះលែងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ជាបន្ទាន់ រួមទាំងកញ្ញា សេង ធារី ផងដែរ។ យើងតែងតែលើកឡើងនូវការព្រួយបារម្ភរបស់យើង អំពីសិទ្ធិមនុស្សនៅក្នុងគ្រប់កិច្ចប្រជុំជាមួយមន្ត្រីកម្ពុជា»។

លោក Jared Genser មេធាវីរបស់កញ្ញា សេង ធារី មានប្រសាសន៍ថា លោក ហ៊ុន សែន ចាំបាច់ត្រូវមើលឃើញ «នូវភាពចាំក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់លោកដើម្បី ទប់ទល់នឹងសម្ពាធនិងការយកចិត្តទុកដាក់[ពីសហគមន៍អន្តរជាតិ] ដើម្បីជឿថា លោកចាំបាច់ត្រូវតែធ្វើអ្វីមួយដើម្បីផ្លាស់ប្តូរស្ថានភាពតានតឹងនេះ»។

លោក Genser បានថ្លែងទៀតថា៖ «ជនផ្តាច់ការមិនដែលដោះលែងអ្នកទោសនយោបាយ នៅពេលពួកគេចង់នោះទេ។ ពួកគេដោះលែងអ្នកទោស នៅពេលស្ថានការណ៍ចាំបាច់ និងនៅពេលពួកគេខាតបង់ប្រយោជន៍ច្រើន ដោយសារតែការឃុំឃាំងអ្នកទោសនយោបាយនោះ»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

ហានិភ័យក្នុងតំបន់

លោក John Ciorciari សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌលការទូតនៃសាកលវិទ្យាល័យ Michigan's Gerald R. Ford School of Public Policy មានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន មិនព្រមដោះលែងកញ្ញា សេង ធារី ឬសកម្មជនផ្សេងទៀតទេ នោះការដាក់ទណ្ឌកម្មលើកម្ពុជាក៏អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិកផងដែរ។

«វិធានការរបស់សហរដ្ឋអាមេរិក… អាចធ្វើឲ្យអាមេរិកធ្លាក់ក្នុងអន្ទាក់របស់កិច្ចប្រឹងប្រែងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកពីការជ្រៀតជ្រែករបស់ប្រទេសលោកខាងលិចលើបញ្ហាសេដ្ឋកិច្ច និងសង្គម។ សម្ពាធបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ក៏អាចជំរុញឲ្យទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកាន់តែរឹងមាំបន្ថែមទៀតផងដែរ»។

ហើយការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកម្ពុជា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ដែលជា និមិត្តរូបតាមការអញ្ជើញមេដឹកនាំអាស៊ានទៅកាន់សេតវិមានក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន កាលពីខែឧសភាកន្លងទៅ។

លោក Ciorciari បានថ្លែងថា៖ «ពេលខ្លះគម្លាតរវាងវិធីសាស្រ្តនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ គឺមានប្រយោជន៍ ដែលអនុញ្ញាតឲ្យអ្នកការទូតដើរតួជាអ្នកជំរុញឲ្យមានការអនុវត្តច្បាប់ដ៏ល្អ ខណៈដែលសភាអាមេរិកគំរាមចាត់វិធានការតឹងរ៉ឹងនោះ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលសភាអាចមេរិកបានចងដៃរដ្ឋបាលប្រធានាធិបតីតឹងពេក ដោយលុបបំបាត់ឱកាសក្នុងការប្រើវិធីសាស្ត្រការទូត។ នោះជាហានិភ័យពិតប្រាកដ នៅពេលនេះ»។

រូបឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា មានប្រសាសន៍ថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងមិនមានឥទ្ធិពលលើករណីកញ្ញា សេង ធារី នោះទេ។ ហើយលោកបានអះអាងថា ច្បាប់ដាក់ទណ្ឌកម្មរបស់ព្រឹទ្ធសភាអាមេរិក មិនសំដៅលើសិទ្ធិមនុស្ស ឬតុលាការរបស់ប្រទេសកម្ពុជាទេ តែដើម្បីភូមិសាស្ត្រនយោបាយក្នុងតំបន់របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។

លោក ម៉ាលីន បានលើកឡើងអំពីការគំរាមកំហែងដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថា៖ «អាហ្នឹងវាជាទម្លាប់នយោបាយអន្តរជាតិគ្មានសណ្តាប់ធ្នាប់របស់គាត់ ដើម្បីសម្រេចមហិច្ឆតានយោបាយភូមិសាស្រ្តតំបន់របស់គាត់។ ភាគីណាក៏ដោយដែលចង់ជួយដល់បុគ្គលដែលប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា មិនត្រូវយកជំនួយហ្នឹងមកគំរាមនោះទេ ហើយដាក់សម្ពាធ ដាក់ទណ្ឌកម្មលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ»។

ទោះជាយ៉ាងណាក៏ដោយ កញ្ញា សេង ធារី គ្រាន់តែជាសញ្ញាចុងក្រោយនៃការផ្លាស់ប្តូរដើរឆ្ពោះទៅរករបបផ្តាច់ការនៅកម្ពុជា ដែលអ្នកតវ៉ានិងអ្នកបញ្ចេញមតិជាបន្តបន្ទាប់ ត្រូវបានចាប់ខ្លួនពីបទល្មើសនានា ក្នុងនោះរួមមានការសម្តែងមតិបែបលេងសើចនឹងគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល ការចងក្រងឯកសារបង្ហាញពីសកម្មភាពបង្ហូរកាកសំណល់របស់ក្រុមហ៊ុនចូលក្នុងបឹងទន្លេសាបនៅរាជធានីភ្នំពេញ និងការច្រៀងចម្រៀងរ៉េបអំពីបញ្ហាសង្គមជាដើម។

កញ្ញា សេង ធារី គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដោយបើកចំហ។ នាងបានបង្ហោះរូបថតក្នុងទំព័រហ្វេសប៊ុករបស់នាងជាមួយលោក សម រង្ស៊ី និងពាក់ស្លាកសញ្ញាគណបក្សមុនការបោះឆ្នោតឆ្នាំ ២០១៤ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែររាប់សែននាក់បានដើរតាមដងផ្លូវ។ កញ្ញា សេង ធារី បានចូលរួមធ្វើសកម្មភាពទាំងនេះ ដើម្បីបញ្ជាក់ពីជីវិតការងាររបស់នាង រួមជាមួយនឹងសកម្មជនជាច្រើននាក់ ដែលបានជ្រោមជ្រែងឲ្យមានការបើកលំហចំហលទ្ធិប្រជាធិបតេយ្យ។

កញ្ញា សេង ធារី បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១០ ជាមួយមជ្ឈមណ្ឌល Berkley សម្រាប់សាសនា សន្តិភាព និងកិច្ចការពិភពលោកនៃសាកលវិទ្យាល័យ Georgetown ថា៖ «ចន្លោះប្រហោងគឺនៅទីនោះ [កម្ពុជា]។ គំនិតខ្ញុំគឺការគិតថាតើកន្លែងណាដែលយើងអាចគ្រាន់តែរុញ រុញ រុញ [ដើម្បីឲ្យមានការផ្លាស់ប្តូរ] ព្រោះនេះជាតួនាទីរបស់ខ្ញុំគឺរុញឲ្យមានការផ្លាស់ប្តូរ ហើយបន្ទាប់មកខ្ញុំបន្តទៅកន្លែងផ្សេងទៀត ហើយឲ្យអ្នកផ្សេងទៀតចូលមកបំពេញចន្លោះប្រហោងពីមុននោះ»។

លោក Jared Genser បាននិយាយថា កូនក្តីរបស់លោកនឹងបន្តសកម្មភាពជំរុញឲ្យមានការផ្លាស់ប្តូរភ្លាមៗនៅពេលដែលនាងចេញពីពន្ធនាគារ។ ប៉ុន្តែនៅមិនច្បាស់ទេថា តើការផ្លាស់ប្តូរនឹងត្រូវចំណាយពេលយូរប៉ុណ្ណា តើសកម្មភាពរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ ឬជួយដល់បុព្វហេតុរបស់កញ្ញា សេង ធារី ដល់កម្រិតណា? ឬថាតើមានចន្លោះប្រហោងណាមួយដែលត្រូវស្វែងរកបន្ថែមទៀតនោះ?៕

Reply all
Reply to author
Forward
0 new messages