អាមេរិក​ចោទ​ជនជាតិ​ចិន​ថា លួច​ទិន្នន័យ​ពី​កម្ពុជា​ទាក់​ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្

0 Aufrufe
Direkt zur ersten ungelesenen Nachricht

samlot chit

ungelesen,
22.07.2021, 14:07:3422.07.21
an samrain...@googlegroups.com

អាមេរិកចោទជនជាតិចិនថា លួចទិន្នន័យពីកម្ពុជាទាក់ទងនឹងការពិភាក្សាអំពីទន្លេមេគង្គ

22 កក្កដា 2021

ជនជាតិចិន ៤នាក់ ដែលមាន ៣នាក់ជាមន្ត្រីរដ្ឋចិនត្រូវបានចោទប្រកាន់ជាផ្លូវការដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីការលួចទិន្នន័យរសើបនិងសម្ងាត់ពីស្ថាប័នរដ្ឋនិងឯកជន។ (ក្រសួងយុត្តិធម៌អាមេរិក)
ជនជាតិចិន ៤នាក់ ដែលមាន ៣នាក់ជាមន្ត្រីរដ្ឋចិនត្រូវបានចោទប្រកាន់ជាផ្លូវការដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីការលួចទិន្នន័យរសើបនិងសម្ងាត់ពីស្ថាប័នរដ្ឋនិងឯកជន។ (ក្រសួងយុត្តិធម៌អាមេរិក)
ភ្នំពេញ — 

ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ជនជាតិចិន៤នាក់ ទាក់ទងនឹងការលួចទិន្នន័យរសើបនិងសម្ងាត់ពីស្ថាប័នរដ្ឋនិងឯកជនក្នុងប្រទេសមួយចំនួន ក្នុងនោះក៏មានការលួចទិន្នន័យពីស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជាដែរ ពាក់ព័ន្ធនឹងការពិភាក្សាលើបញ្ហាទន្លេមេគង្គ។

កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថា ប្រទេសរងគ្រោះក្នុងយុទ្ធនាការលួចយកទិន្នន័យពីសំណាក់ជនជាតិចិន៤នាក់ដែលមាន៣នាក់ជាមន្ត្រីស្ថាប័នរដ្ឋចិន មានដូចជាអាមេរិក អូស្ត្រាលី កម្ពុជា កាណាដា អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។ ការលួចនោះ មានទិន្នន័យពាក់ព័ន្ធនឹងអាកាសចរណ៍ ការពារជាតិ អប់រំ រដ្ឋាភិបាល សុខាភិបាល និងផ្នែកផ្លូវទឹកជាដើម។

សេចក្តីសម្រេចនៃការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិកដែលវីអូអេទទួលបាន ឲ្យដឹងថា មុន ឬក្រោយខែមករា ឆ្នាំ២០១៨ សមាជិកនៃបណ្តាញលួចនោះ បានជ្រៀតចូលលួចក្នុងបណ្តាញរបស់ក្រសួងមួយនៅកម្ពុជា ដែលក្រសួងយុត្តិធម៌អាមេរិក មិនបានបញ្ជាក់ឈ្មោះនោះទេ។ ឯកសាររបស់អាមេរិកបញ្ជាក់ថា ការជ្រៀតចូលនោះ បានលួចយកទិន្នន័យទាក់ទងនឹងការពិភាក្សាគ្នារវាងរដ្ឋាភិបាលចិន និងកម្ពុជា លើការប្រើប្រាស់ទន្លេមេគង្គ។

មុន ឬប្រហែលខែមករា ឆ្នាំ២០១៨ ក្រុមនោះ បានជួលអ្នកបកប្រែភាសាជនជាតិខ្មែរ ដើម្បីបកប្រែទិន្នន័យដែលលួចបាននោះ ដែលពួកគេ បានដាក់លេខសម្ងាត់ការពារ «goodperson»។ នេះបើតាមសេចក្តីសម្រេចនៃក្រសួងយុត្តិធម៌អាមេរិក។

អាគារទីស្នាក់ការក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អាគារទីស្នាក់ការក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សេចក្តីសម្រេចឲ្យដឹងទៀតថា ការលួចទិន្នន័យពាក់ព័ន្ធនឹងទន្លេមេគង្គបានកើតឡើងម្តងទៀត គឺនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ឬប្រហាក់ប្រហែលនៃកាលបរិច្ឆេទនោះ ដែលពេលនោះ ចិន និងប្រទេសមួយចំនួន រួមមានកម្ពុជាផងដែរ បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការប្រើប្រាស់ទន្លេមេគង្គ។ ក្រុមចោរបច្ចេកវិទ្យានោះ [hackers] បានចូលយកទិន្នន័យពីប្រព័ន្ធមួយដែលដំណើរការដោយក្រសួងមួយរបស់កម្ពុជា ហើយបានដាក់ទិន្នន័យនៅ Domain6 ដែលការពារដោយលេខសម្ងាត់«goodperson»ដដែល។

ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា បុគ្គល៣នាក់ក្នុងចំណោម៤នាក់នោះ ដែលរងការចោទប្រកាន់ ប៉ុន្តែមិនទាន់ចាប់ខ្លួននោះទេ ធ្វើការនៅក្រសួងសន្តិសុខរដ្ឋចិននៃខេត្តហៃណាន់ (Hainan)។ ពួកគេមានឈ្មោះ ទីង ស៊ាវយ៉ាង (Ding Xiaoyang) ជឹង ឈីងមីន (Cheng Qingmin) និង ជូ អ៊ីនមីន(Zhu Yunmin)។ បើទោះជនទាំងនោះ មិនមានវត្តមានលើទឹកដីអាមេរិក ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិកនេះ ត្រូវបានមើលឃើញថា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យប្រទេសចិនមានការទទួលខុសត្រូវចំពោះសកម្មភាពដែលបានធ្វើខុស។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដែលស្ថិតក្នុងកាលបរិច្ឆេទនៃការលួចទិន្នន័យនោះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទីពីរ ដែលនិយាយអំពី«ទន្លេរបស់យើង ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព»។ ពេលនោះ ក៏មានការសម្រេចនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញផងដែរ។

ក្នុងក្របខណ្ឌទន្លេមេគង្គនេះ ប្រទេសចិននិងសមាជិកអាស៊ានដែលនៅជាប់ទន្លេមេគង្គ រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានផ្ដួចផ្ដើមនូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៤។

លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាលោកមិនមានព័ត៌មានទាក់ទងនឹងសេចក្តីសម្រេចនេះទេ ដោយស្នើឲ្យសួរទៅលោក សូ វិសុទ្ធី ជារដ្ឋលេខាធិការរបស់ក្រសួងទទួលបន្ទុកលើកិច្ចការនេះ។

លោក សូ វិសុទ្ធី ប្រាប់វីអូអេថាក្រសួងមិនមានអ្វីអត្ថាធិប្បាយលើសេចក្តីសម្រេចនេះទេ។ ប៉ុន្តែលោកថាលោកនឹងពិនិត្យមើលលើបញ្ហានេះ។

លោកបញ្ជាក់ថា៖ «បាទខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងដែរ ហើយខ្ញុំសូមពិនិត្យមើលទាក់ទងនឹងចំណុចហ្នឹងបន្ថែមទៀត»។

លោកក៏បានបដិសេធមិនអត្ថាធិប្បាយលើសំណួរផ្សេងៗទាក់ទងថាតើមានការប៉ុនប៉ងលួចទិន្នន័យពីស្ថាប័នរដ្ឋផ្សេងៗក្នុងប្រទេសកម្ពុជាឬយ៉ាងណាកាលពីកន្លងទៅ។

ចំណែកលោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាម [Telegram] នៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនមានព័ត៌មានទាក់ទងនឹងការលួចទិន្នន័យនេះទេ។

អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ លោក Chad Roedemeier បានបដិសេធមិនអត្ថាធិប្បាយបន្ថែមពីលើការសម្រេចរបស់ក្រសួងយុត្តិធម៌អាមេរិក។

វីអូអេ មិនអាចសុំការឆ្លើយតបតាមសារអ៊ីមែលពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានទេ។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត កំពុងតែចោទប្រកាន់ក្រសួងសន្ដិសុខរដ្ឋរបស់ប្រទេសចិនថា កំពុងជួលអ្នកលួចព័ត៌មានតាមកុំព្យូទ័រ ដើម្បីធ្វើប្រតិបត្តិការលួចព័ត៌មានលើកុំព្យូទ័រនៅទូទាំងសាកលលោក។ ប៉ុន្តែចិនបានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមិនបានពាក់ព័ន្ធនឹងសកម្មភាពទាំងអស់នោះទេ។

រូបឯកសារ៖ រូបថតមួយ បង្ហាញជនអនាមិកម្នាក់កំពុងប្រើកុំព្យូរទ័រ។
រូបឯកសារ៖ រូបថតមួយ បង្ហាញជនអនាមិកម្នាក់កំពុងប្រើកុំព្យូរទ័រ។

លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាឯករាជ្យលើកិច្ចការសន្ដិសុខប្រព័ន្ធឌីជីថល បានចោទជាសំណួរថាតើមន្ត្រីរដ្ឋាភិបាលកម្ពុជាបានដឹងអំពីការលួចទិន្នន័យនេះឬយ៉ាងណា និងបានចាត់វិធានការបែបណា កាលពីឆ្នាំ២០១៨។ លោកបន្ថែមថាការការពារទិន្នន័យរបស់រដ្ឋជារឿងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលលោកចោទជាសំណួរទៅលើសមត្ថភាពរបស់កម្ពុជាក្នុងការការពារទិន្នន័យ ទាក់ទងនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ក្របខណ្ឌផ្លូវច្បាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់នៅមានកម្រិត«ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាTarget [គោលដៅ] ក្នុងការវាយប្រហារ»។

លោកបន្ថែមថា៖ «ទីពីរគឺផ្នែកផ្ទៃក្នុងនៅក្នុងប្រទេសយើង ថាតើយើងមានមនុស្សគ្រប់គ្រាន់ដើម្បីការពារទិន្នន័យទាំងអស់ហ្នឹងនៅ? ទិន្នន័យដែលយើងយើងហៅថាជាទិន្នន័យរបស់ប្រទេសជាតិ ដើម្បីការពារសន្តិសុខជាតិរបស់យើងកុំឲ្យលេចធ្លាយទៅប្រទេសខាងក្រៅអញ្ចឹងទៅ»។

គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាមានកំណើននៃការវាយប្រហារលើបណ្ដាញតេឡេក្រាម(Telegram)ពីសំណាក់ក្រុមឧក្រិដ្ឋជនហេគឃ័រ [Hackers] ដែលព្យាយាមលួចយកទិន្នន័យនានា៕

Allen antworten
Antwort an Autor
Weiterleiten
0 neue Nachrichten