អ្នកវិភាគ៖ ប្រមុខ​ការពារ​ជាតិ​អាមេរិក​មក​កម្ពុជា​ដើម្បី​ទប់​ឥទ្ធិពល​យោធា​ចិន

6 views
Skip to first unread message

samlot chit

unread,
May 27, 2024, 11:45:12 AMMay 27
to samrain...@googlegroups.com
https://khmer.voanews.com/a/visit-of-us-defense-secretary-to-cambodia-to-contain-china-s-military-expansion-say-analysts/7628319.html


អ្នកវិភាគ៖ ប្រមុខការពារជាតិអាមេរិកមកកម្ពុជាដើម្បីទប់ឥទ្ធិពលយោធាចិន


២៧ ឧសភា ២០២៤

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ថ្លែងនៅក្នុងជំនួបមួយ នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ថ្លែងនៅក្នុងជំនួបមួយ នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ភ្នំពេញ — 

នៅគ្រាប្រមុខការពារជាតិអាមេរិកនឹងមកកម្ពុជា នាសប្តាហ៍ក្រោយ អ្នកតាមដានមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺដើម្បីជជែកជាមួយកម្ពុជាពីការរីកឥទ្ធិពលយោធារបស់ចិននៅកម្ពុជា។

លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងមកកម្ពុជា នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី លើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាមេរិកមកលើកម្ពុជា។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏ជាសញ្ញានៃការព្រួយបារម្ភលើកំណើននៃកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខរវាងកម្ពុជានិងចិន។

លោកប្រាប់វីអូអេថា៖ «ជាជំនួបមួយដែលគេមើលឃើញថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ដោយសារតែកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងជិតដិតបំផុតទៅលើគ្រប់វិស័យ ជាពិសេសវិស័យយោធាជាមួយនឹងចិន ហើយក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំគិតថា សហរដ្ឋអាមេរិកនឹងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹងមានភាពប្រុងប្រយ័ត្នទៅលើយុទ្ធសាស្ត្រផ្នែកសន្តិសុខរបស់ខ្លួន ជាពិសេសនឹងជំរុញឱ្យកម្ពុជាធ្វើយ៉ាងណាដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស និងជំរុញឱ្យមានការគ្រប់គ្រងប្រកបដោយនីតិរដ្ឋ។ អានេះជាចំណុចមួយដែលរាំងស្ទះដល់ការជំរុញទំនាក់ទំនង និងការស្តារទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក»។

បើតាមអ្នកវិភាគរូបនេះ បញ្ហាចិនគឺជារឿងដ៏ក្តៅមួយសម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនៅសហរដ្ឋអាមេរិក។ លោកថា ប្រសិនកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានៅតែបន្តកើនឡើង គ្រាមានភាពតានតឹងរវាងប្រទេសមួយចំនួននៅសមុទ្រចិនខាងត្បូងជាមួយចិន នោះភាពស្អិតរមួតរបស់កម្ពុជានិងចិនកាន់តែក្តៅសម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលលោកថា ដំណើរទស្សនកិច្ចនេះនឹងកំណត់ជោគវាសនាទំនាក់ទំនងកម្ពុជា និងអាមេរិកជាមួយរដ្ឋបាលអាមេរិកខាងមុខ។

លោកថ្លែងថា៖ «ប្រសិនបើកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ហើយបន្តគាំទ្រចិនជាពិសេសសកម្មភាពនានារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នោះរដ្ឋាភិបាលអាណត្តិទី ២ របស់លោក Biden នឹងកាន់តែដាក់សម្ពាធកម្ពុជាបន្ថែមទៀត ហើយខ្ញុំគិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមានភាពលំបាក»។

ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលលោករដ្ឋមន្រ្តីការពារជាតិនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។ សន្និសីទកំពូលនេះចាប់ផ្តើមពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤។

អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លោក ស៊ឺន សម ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់កម្ពុជាកន្លងមក តែងតែលើកពីបញ្ហាចិននៅកម្ពុជា ដែលលោកថា បើសិនជារដ្ឋមន្ត្រីការពារជាតិអាមេរិករូបនោះមក ដើម្បីតែជជែករឿងចិនជាមួយកម្ពុជា នោះនឹងមិនមានសារៈសំខាន់អ្វីឡើយ។

លោកបញ្ជាក់ថា៖ «កម្ពុជាអាមេរិកគួរតែផ្តោតទៅលើលទ្ធភាពជាក់លាក់នៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរអាចធ្វើបាន។ ខ្ញុំគិតថា អានោះជារឿងមួយល្អ និងជារឿងមួយសំខាន់។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាលោក Lloyd Austin គាត់ទៅប្រទេសកម្ពុជាហើយលើកយកតែពីរឿងកម្ពុជាចិន ឬក៏ការប្រកួតប្រជែងគ្នារបស់ចិនសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាជាមួយកម្ពុជា ខ្ញុំគិតថា រឿងខ្លះ វាមិនបានពាក់ព័ន្ធនឹងកម្ពុជាដោយផ្ទាល់»។

ថ្នាក់ដឹកនាំនិងកងកម្លាំងដើរចិននិកម្ពុជាពិនិត្យមើលអាវុធដែលត្រូវបានដាក់តាំងក្នុងពិធីបើកសមយុទ្ធ «នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ (ស៊ុន ណារិន/វីអូអេ)
ថ្នាក់ដឹកនាំនិងកងកម្លាំងដើរចិននិកម្ពុជាពិនិត្យមើលអាវុធដែលត្រូវបានដាក់តាំងក្នុងពិធីបើកសមយុទ្ធ «នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ (ស៊ុន ណារិន/វីអូអេ)

បើតាមអ្នកវិភាគរូបនេះ សហរដ្ឋអាមេរិកគួរតែជជែកគ្នាឱ្យច្រើនជាមួយកម្ពុជាពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីធ្វើឱ្យប្រសើរឡើង និងថា ដំណើររបស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនោះក៏អាចសម្របសម្រួលដើម្បីដំណើរការឡើងវិញនូវសមយុទ្ធយោធាដែលប្រទេសទាំងពីរធ្លាប់ធ្វើកន្លងមក។

លោកថ្លែងថា៖ «អ៊ីចឹងទេ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគឺពិតជាមាន ហើយដើម្បីដោះស្រាយបញ្ហានេះបាន គឺទាំងកម្ពុជានិងអាមេរិកគួរតែជួបគ្នាឱ្យបានញឹកញយ ហើយឱ្យមាននូវកិច្ចសហប្រតិបត្តិការដោយផ្ទាល់ ឬក៏និយាយត្រង់ទៅត្រង់មកជាមួយគ្នាឱ្យបានយល់គ្នាកាន់តែច្បាស់បន្ថែមទៀត»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ៤ ខែមិថុនា ហើយថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិជាមួយមេដឹកនាំកម្ពុជាកំពុងត្រូវបានរៀបចំតាមសំណើរបស់ភាគីសហរដ្ឋអាមេរិក។

បើតាមលោក ជុំ សុន្ទរី ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាសហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់ក្នុងវិស័យផ្សេងៗ បើទោះបីជាប្រទេសទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក៏ដោយ។

លោកបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះនឹងជាឱកាសមួយទៀតសម្រាប់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបង្កើនការយល់ដឹងលើទស្សនៈផ្សេងគ្នាដែលមានស្រាប់មួយចំនួន»។

ដំណើរទស្សនកិច្ចនេះកើតឡើង ខណៈកម្ពុជាកំពុងត្រៀមខ្លួនកាន់តួនាទីជាអ្នកសម្របសម្រួលសម្រាប់កិច្ចសន្ទនាអាស៊ាន-អាមេរិកក្នុងពេលឆាប់ៗនេះ រយៈពេល ៣ ឆ្នាំគឺចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ នេះបើតាមលោក ជុំ សុន្ទរី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកកើតឡើងបន្ទាប់ពីកម្ពុជា និងចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នា ដែលគ្រោងបញ្ចប់នាចុងខែឧសភានេះ។ ដំណើរទស្សនកិច្ចនេះក៏កើតឡើង ស្របពេលកងទ័ពចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕

Reply all
Reply to author
Forward
0 new messages