ចិន​ផ្តល់​​ជំនួយ​ឥតសំណង​ប្រមាណ ​២៧០ លានដុល្លារ​អាមេរិក​ដល់​កម្ពុជា ខណៈ​​កម្ពុជា​ត្រៀម​ធ្វើ​ជា​​ប្រធាន​អាស៊ាន

0 views
Skip to first unread message

samlot chit

unread,
Sep 12, 2021, 9:46:08 AMSep 12
to samrain...@googlegroups.com


ចិនផ្តល់ជំនួយឥតសំណងប្រមាណ ២៧០ លានដុល្លារអាមេរិកដល់កម្ពុជា ខណៈកម្ពុជាត្រៀមធ្វើជាប្រធានអាស៊ាន

12 កញ្ញា 2021

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរនៅជិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់សមភាគីចិន នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (រូបថត Facebook/Samdech Hun Sen, Cambodian Prime Minister)
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរនៅជិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់សមភាគីចិន នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (រូបថត Facebook/Samdech Hun Sen, Cambodian Prime Minister)

ភ្នំពេញ — 

មុនពេលកម្ពុជាធ្វើជាប្រធានសមាគមអាស៊ាន(ASEAN)ក្នុងឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានការចុះហត្ថលេខាលើជំនួយឥតសំណងប្រមាណ២៧០លានដុល្លារអាមេរិក។ នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នារសៀលថ្ងៃអាទិត្យនេះ នៅក្នុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ»នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ចិនក្នុងតម្លៃប្រមាណ១៥០លានដុល្លារអាមេរិក។

នៅមុនពិធីចុះហត្ថលេខាលើការផ្តល់ជំនួយឥតសំណង និងឯកសារផ្សេងទៀត លោក ហ៊ុន សែន បានថ្លែងថាដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ទើបកម្ពុជាទទួលបានពហុកីឡដ្ឋានសម្រាប់រៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសផ្សេងទៀត ដែលមានផ្លូវថ្នល់ជាង២ពាន់គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេមេគង្គមួយចំនួន។

លោក ហ៊ុន សែន បានថ្លែងថា៖ «ប៉ុន្តែបន្តិចទៀតនេះ ក្រោមអធិបតីភាពខ្ញុំ និងឯកឧត្តម វ៉ាង យី យើងនឹងចុះហត្ថលេខាលើជំនួយឥតសំណងរបស់មិត្តចិន ចំនួន១៧៥០លានយ័ន ស្មើប្រហាក់ប្រហែល២៥០លានដុល្លារអាមេរិកទៀត។ នេះជាជំនួយ»។

ប៉ុន្តែនៅក្នុងពិធីចុះកិច្ចព្រមព្រៀងនៅវិមានសន្តិភាព វេលាម៉ោងជាង៧ល្ងាចថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ជំនួយឥតសំណងដែលភាគីចិនផ្តល់ឲ្យនេះ មានប្រមាណ ២៧០លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកម្ពុជា និងប្រទេសបីទៀតនៅអាស៊ី គឺវៀតណាម សិង្ហបុរី និងកូរ៉េខាងជើង កើតឡើងក្នុងគ្រាសហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី កាលពីខែសីហា។ ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ក៏ធ្វើឡើងមុនពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេននៅឆ្នាំ២០២២ខាងមុខផងដែរ។

លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State University បានប្រាប់វីអូអេនាសប្តាហ៍នេះថា ចិនជា«មិត្តដែកថែប»របស់កម្ពុជា ដូច្នេះជានិច្ចកាលនឹងមើលថែគ្នាទៅវិញទៅមក។ ក្នុងន័យនេះ លោកលើកឡើងអំពី«របៀបវារៈរបស់ចិន» នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។

លោកនិយាយថា៖ «ជាប្រធានអាស៊ាន កម្ពុជានឹងគាំទ្ររបៀបវារៈរបស់ចិន ហើយទទួលបានមកវិញនូវជំនួយរបស់ចិន ដែលនឹងហូរចូលមកកម្ពុជាអំឡុងពេលវិបត្តិជំងឺជាសាកល[កូវីដ១៩]»។

នៅថ្ងៃអាទិត្យនេះ ភាគីចិនក៏បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកម្ពុជាចំនួន៣លានដូសបន្ថែមទៀតផងដែរ។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី។

កម្ពុជាធ្លាប់រងការរិះគន់អំឡុងពេលធ្វើជាប្រធានឆ្លាស់វេនអាស៊ាននៅឆ្នាំ២០១២ ដែលកាលនោះ នាំឲ្យកើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានលើបញ្ហាសមុទ្រចិនខាងត្បូងដែលប៉ះពាល់ដល់ប្រទេសចិន។

ទិដ្ឋភាពទូទៅនៃពហុកីឡដ្ឋានជាតិមរតកតេជោក្នុងពិធីប្រគល់ពហុកីឡដ្ឋានជាតិនេះដល់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមកម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Tang Chhin Sothy/Pool Photo via AP)
ទិដ្ឋភាពទូទៅនៃពហុកីឡដ្ឋានជាតិមរតកតេជោក្នុងពិធីប្រគល់ពហុកីឡដ្ឋានជាតិនេះដល់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមកម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Tang Chhin Sothy/Pool Photo via AP)

អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា លោក សេង សារី បានប្រាប់វីអូអេនាសប្តាហ៍នេះថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន ជា«ការបោះប្រ៊ីយ៉ុង»ដល់កម្ពុជា មុនពេលធ្វើជាប្រធានអាស៊ាន ហើយលោកជំរុញឲ្យកម្ពុជាគួរធ្វើតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងសហរដ្ឋអាមេរិក។

លោកប្រាប់វីអូអេថា៖ «អញ្ចឹងអ្វីដែលអាចធ្វើឲ្យទទួលបានប្រយោជន៍ច្រើនបំផុតដែលអាចធ្វើទៅបានសម្រាប់កម្ពុជានេះ គឺលុះត្រាតែគោលនយោបាយការបរទេសរបស់យើងហ្នឹង គឺមានលក្ខណៈត្រឹមត្រូវ ហើយមិនមានភាពលម្អៀងទៅប្រទេសមហាអំណាចណាមួយ ដើម្បីបញ្ចៀសទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ដូច្នេះការធ្វើតុល្យភាពរវាងមហាអំណាចទាំងពីរនេះ ជារឿងសំខាន់ណាស់។ ហើយកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាហាក់ដូចជាបង្ហាញនិន្នាការ មានភាពលម្អៀងទៅចិន ដែលធ្វើឲ្យយើងមានការបារម្ភទៅលើទំនាក់ទំនងការបរទេសរបស់ប្រទេសកម្ពុជា»។

កាលពីដើមខែមិថុនា នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានទទូចឲ្យថ្នាក់ដឹកនាំកម្ពុជា«រក្សាគោលនយោបាយការបរទេសឯករាជ្យនិងរក្សាតុល្យភាពដើម្បីផលប្រយោជន៍ដ៏ល្អបំផុតរបស់ពលរដ្ឋកម្ពុជា»។ អ្នកស្រីអះអាងថាអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗនៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គជាដើម។

នៅថ្ងៃអាទិត្យនេះដែរ លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខរដ្ឋមន្រ្តីការបរទេសចិនថាទំនាក់ទំនងកម្ពុជា និងចិន បានបន្សល់ទុកតាំងពីជំនាន់ព្រះបាទនរោត្តមសីហនុ ហើយរូបលោកផ្ទាល់នឹងបន្តរក្សាទំនាក់ទំនងល្អនេះ។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «បន្ទាប់ពីព្រះអង្គទៅ នៅមានព្រះរាជបុត្ររបស់ព្រះអង្គកំពុងគ្រងរាជ្យសព្វថ្ងៃ គឺព្រះបាទបរមនាថ នរោត្តម សីហមុនី ក៏ដូចជាកូនចៅរបស់ព្រះអង្គ រួមមានរូបខ្ញុំផងដែរ បន្តអនុវត្តនយោបាយចិន[តែ]មួយ និងបន្តនូវការគ្រប់គ្រងទំនាក់ទំនងដ៏ល្អនេះបន្ថែមទៀត»។

បន្ថែមពីនេះ លោកក៏បានច្រានចោលការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន ហើយថាកុំ«មើលមកកម្ពុជានៅក្នុងក្រសែភ្នែកមិនត្រឹមត្រូវ»។ លោកអះអាងថា កម្ពុជាក៏ស្វាគមន៍ជំនួយពីប្រទេសផ្សេងទៀតដែរ ហើយមិនយកប្រទេសណាជាសត្រូវនោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅ[មាន]ទំនាក់ទំនងជាមួយនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ?»។

នៅក្នុងពិធីប្រគល់ និងទទួល«ពហុកីឡដ្ឋានមរតកតេជោ» លោក វ៉ាង យី ក៏បានថ្លែងសរសើរអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលជា«មិត្តដែកថែប» និង«មិត្តភាពដ៏ជ្រាលជ្រៅបំផុត»។ រដ្ឋមន្រ្តីការបរទេសចិនរូបនោះ ក៏បានប្រកាសថាប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបន្តរីកចម្រើន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខ និងការការពារជាតិ ព្រមទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។ ក្រសួងការបរទេសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ«នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន»៕

Reply all
Reply to author
Forward
0 new messages