មន្ត្រី​ការ​បរទេស​អាមេរិក​និង​សង្គម​ស៊ីវិល៖​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ មាន​សារៈសំខាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​​​

0 views
Skip to first unread message

samlot chit

unread,
Oct 15, 2021, 2:37:21 PMOct 15
to samrain...@googlegroups.com

មន្ត្រីការបរទេសអាមេរិកនិងសង្គមស៊ីវិល៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានសារៈសំខាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ

15 តុលា 2021

រូបថតពីវេទិកាអនឡាញស្តីពី«ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រទេសកម្ពុជា»រៀបចំដោយវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក/វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក)
រូបថតពីវេទិកាអនឡាញស្តីពី«ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រទេសកម្ពុជា»រៀបចំដោយវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក/វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក)
ភ្នំពេញ — 

ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកជម្លោះនិងការរក្សាស្ថិរភាពគឺអ្នកស្រី Ariel Eckblad លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារីតនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដើម្បីបានជាទុនក្នុងការកែលម្អឲ្យបានពេញលេញខណៈស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានធ្លាក់ចុះខ្សោយគួរឲ្យកត់សម្គាល់ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។

ដំណាលគ្នានេះក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានវាយតម្លៃថាកម្ពុជាមិនទាន់អនុវត្តបានល្អតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅឡើយទេដោយពួកគេទទូចឲ្យភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជម្លោះនយោបាយក្នុងប្រទេសដើម្បីទទួលបានសុខសន្តិភាពពេញលេញ។

បើតាមវេទិកាអនឡាញស្តីពី«ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រទេសកម្ពុជា»រៀបចំដោយវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (UnitedStates Institute of Peace) ក្រុមវាគ្មិនបានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។

អ្នកស្រី Ariel Eckblad ឧបការីរងរដ្ឋមន្ត្រីទទួលបន្ទុកប្រតិបត្តិការដោះស្រាយជម្លោះនិងរក្សាស្ថិរភាព នៅក្រសួងការបរទេសអាមេរិកបានវាយតម្លៃថាកម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អ្នកស្រីបន្តថា អាមេរិក និងកម្ពុជា នៅតែជាដៃគូរដ៏ល្អជាមួយគ្នាក្នុងការធ្វើកិច្ចការរួមគ្នាលើវិស័យជាច្រើនជាពិសេសការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

អ្នកស្រីបានថ្លែងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាក្នុងន័យដើមថា៖ «ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានស្ថិរភាពនិងមើលឃើញពីកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ។

អ្នកស្រីបន្ថែមថា៖ «កម្ពុជាកំពុងទទួលបានជោគជ័យលើដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រជាជនអាមេរិកបានក្លាយជាដៃគូគួរឲ្យមានមោទនភាពជាមួយកម្ពុជាក្នុងអំឡុងពេលនៃការរីកចម្រើននេះ។កម្ពុជាគឺជាដៃគូដ៏មានតម្លៃមួយនៅក្នុងវេទិកាអន្តរជាតិរួមមានការការពារកុមារការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសុខភាពសាធារណៈនិងការអប់រំកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរនិងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម»។

អ្នកស្រី Ariel Eckblad ក៏បានលើកឡើងអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា និងការគាបសង្កត់ផ្នែកនយោបាយផងដែរ និងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាការពារសេរីភាពជាមូលដ្ឋាននិងលទ្ធិប្រជាធិបតេយ្យពហុបក្សដោយផ្អែកលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស»នេះផងដែរ។

អ្នកស្រីបានថ្លែងថា៖ «ទិដ្ឋភាពខ្លះនៃកិច្ចព្រមព្រៀងនៅតែមិនទាន់ត្រូវបានបំពេញ។ ជាជាងការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យពហុបក្សប្រកបដោយការប្រកួតប្រជែងនិងចក្ខុវិស័យកាលពី៣០ឆ្នាំមុន។ ថ្ងៃនេះប្រទេសកម្ពុជាបានឃើញនូវការគាបសង្កត់និងការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ គណបក្សប្រឆាំងចម្បងរបស់ប្រទេសនេះត្រូវបានរំលាយហើយមេដឹកនាំរបស់ខ្លួនត្រូវប្រឈមមុខនិងការកាត់ក្តីដែលជាប់ហេតុផលនយោបាយ។ គណបក្សប្រឆាំងរិះគន់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចត្រូវបានចោទប្រកាន់ពីបទញុះញង់និងដាក់ពន្ធនាគារ»។

អ្នកស្រីបានបន្ថែមថា៖ «ឥឡូវនេះច្រើនជាងពេលណាៗទាំងអស់វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជានិងប្រទេសហត្ថលេខីទាំងអស់ក្នុងការឈរជាមួយប្រជាជនកម្ពុជាដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។សហរដ្ឋអាមេរិកនឹងបន្តគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យ ទៅជាប្រទេសរុងរឿងខាងប្រជាធិបតេយ្យ និងជាដៃគូឯករាជ្យ»។

អ្នកស្រីគូសបញ្ជាក់ត្រួសៗថាចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់ពេលបីទសវត្សរ៍មកនេះសហរដ្ឋអាមេរិកបានវិនិយោគជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យប្រសើរឡើងវិស័យសុខាភិបាលការអភិវឌ្ឍធនធានមនុស្សនិងសន្តិសុខស្បៀងអាហាររបស់ប្រជាជនកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១បានបញ្ជាក់អំពីការឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ការនាំមកនូវការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសតាមលំនាំប្រជាធិបតេយ្យសេរីពហុបក្ស ការបើកផ្លូវឲ្យបដិសេធចោលនូវសន្ធិសញ្ញាអន្តរជាតិនានាដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កម្ពុជាអំឡុងពេលសង្គ្រាមជាដើម។

រូបឯកសារ៖ រូបភាពទិដ្ឋភាពទូទៅនៅសន្និសីទស្តីពីសន្តិភាពនៅកម្ពុជាដែលប្រព្រឹត្តធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
រូបឯកសារ៖ រូបភាពទិដ្ឋភាពទូទៅនៅសន្និសីទស្តីពីសន្តិភាពនៅកម្ពុជាដែលប្រព្រឹត្តធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ការចុះកិច្ចព្រមព្រៀងនេះ មានប្រទេសហត្ថលេខីចំនួន១៨រួមទាំងប្រទេសចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាទោះបីជាសន្ធិសញ្ញាទីក្រុងប៉ារីសបានកន្លងហួសអស់រយៈពេល៣០ ឆ្នាំទៅហើយក្តី ក៏កម្ពុជានៅតែមើលឃើញពីតួនាទីសំខាន់របស់កិច្ចព្រមព្រៀងនោះ។

លោកបន្ថែមថាកម្ពុជានៅតែរក្សាស្មារតីនៃកិច្ចព្រមព្រៀងមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តអនុវត្តក្នុងនោះរួមមានការរក្សារដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរការរក្សាឯករាជ្យភាពបូរណភាពទឹកដី ការអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងរបបសេដ្ឋកិច្ចទីផ្សារសេរី។

លោកថ្លែងថា៖ «កិច្ចព្រមព្រៀងវានៅជាស្មារតីប៉ុន្តែកិច្ចព្រមព្រៀងវាអស់សុពលភាពហើយ ព្រោះបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ចំណុចអស់ហើយ។ អាហ្នឹងយើងមិនអាចថាយកកិច្ចព្រមព្រៀងមកធ្វើជាឯកសារគតិយុទ្ធសម្រាប់ជាយោងសម្រាប់ដឹកនាំប្រទេសជាតិយើងទេ ព្រោះការយកគតិយុទ្ធនេះយកមកប្រើប្រាស់គឺយើងយកច្បាប់ជាគោល»។

លោកសង្កត់ធ្ងន់ថា៖ «ហើយបញ្ហាសំខាន់ចុងក្រោយគឺយើងត្រូវថែរក្សា ការពារឲ្យបានគោលបំណងនិងសំណូមពរដ៏ពិសិដ្ឋនៃកិច្ចព្រមព្រៀងប៉ារីស ទោះបីជា UNTAC រកអត់បានក៏ដោយក៏គណបក្សប្រជាជនរកបានគឺសន្តិភាព ស្ថេរភាពនយោបាយការឯកភាពជាតិដែលយើងចាំបាច់ត្រូវតែ ខិតខំថែរក្សាឲ្យបានគង់វង្សជាយូរអង្វែងតរៀងទៅ» ។

ដោយឡែកក្រុមអង្គការសង្គមស៊ិវិល ចង់ឲ្យរដ្ឋាភិបាលដាក់បញ្ជូលថ្ងៃ២៣តុលាជាថ្ងៃឈប់សម្រាកជាធម្មតាវិញដើម្បីឲ្យប្រជាជនខ្មែរបានដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា ដោយពួកគេចាត់ទុកថា«ថ្ងៃ២៣តុលា»នេះសំខាន់ដល់កម្ពុជា។

រដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ២៣តុលានេះចេញដោយលែងអនុញ្ញាតមានការឈប់សម្រាកជាសាធារណៈជាថ្មីម្តងទៀតកាលពីឆ្នាំ២០២០។

រូបឯកសារ៖ កងសន្ដិសុខរឹបអូសឧបករណ៍បំពងសំឡេងពីបាតុករម្នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មមួយដើម្បីប្រារព្ធខួបទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខរឹបអូសឧបករណ៍បំពងសំឡេងពីបាតុករម្នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មមួយដើម្បីប្រារព្ធខួបទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថា CHRAC លោក រស់ សុដ្ឋា បានប្រាប់វីអូអេថាអង្គការសង្គមស៊ីវិលនឹងចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយអំពី «កិច្ចព្រមព្រៀងទីក្រុងប៉ារីស»នេះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២១ ដើម្បីឲ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់និងអនុវត្តនូវចំណុចសំខាន់ៗ ដូចជាការឯកភាពជាតិយន្តការសម្របសម្រួលបញ្ចប់ជម្លោះនយោបាយ និងការគោរពសិទ្ធិមនុស្ស។

លោកថ្លែងថា៖ «ត្បិតតែយើងបានដាក់[ចំណុចកិច្ចព្រមព្រៀងក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស] មួយចំនួនចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ប៉ុន្តែឃើញថាមិនទាន់អនុវត្តបានល្អប្រសើរនោះទេ។ ទីមួយឃើញថាការឯកភាពជាតិ ការសម្របសម្រួល...ការរួបរួមជាតិ នៅតែជាបញ្ហានៅឡើយដោយសារយើងនៅបែកបាក់គ្នារវាងបក្សនយោបាយសំខាន់ៗ»។

ប្រធានការពារសមាគមសិទ្ធិមនុស្សអាដហុកលោក នី សុខា ក៏ស្នើឲ្យរដ្ឋាភិបាលគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដើម្បីឲ្យប្រទេសកម្ពុជាអាចដើរតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស និងការរៀបចំដំណើរការបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។

លោកបានប្រាប់វីអូអេថា៖ «យើងឃើញនៅមានចំណែកខ្លះៗដែលរដ្ឋាភិបាលនៅមិនទាន់អាចអនុវត្តបានក៏ដូចជា[ព្រឹត្តិការណ៍]សំខាន់នូវដំណាក់កាលចុងក្រោយនេះគឺការផ្សះផ្សារការបង្រួបបង្រួមជាតិនេះ យើងឃើញថាមិនទាន់មានដំណើរការល្អទេ។ ហើយការអនុវត្តគោលការណ៍ប្រជាធិបតេយ្យដូចជាការបោះឆ្នោតការគោរពសិទ្ធិមនុស្សយើងមើលឃើញថានៅមិនទាន់ប្រតិបត្តិល្អត្រឹមត្រូវតាមអ្វីដែលជាស្មារតីនូវកិច្ចព្រមព្រៀងនេះដែរ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព យល់ថាទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុកាលជិត៣០ ឆ្នាំហើយក៏ដោយក៏កិច្ចព្រមព្រៀងមួយនេះនៅតែមានសុពលភាពសម្រាប់កម្ពុជាដែលបញ្ហាសិទ្ធិមនុស្សនៅតែជាការរំខានចិត្តដល់ប្រទេសជាហត្ថលេខីមួយចំនួន។

អ្នកស្រីបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះហើយបានធ្វើឲ្យមានការចូលរួមពីប្រទេសពាក់ព័ន្ធពីអង្គការសហប្រជាជាតិដែលភាគីផ្សេងៗខិតខំប្រឹងប្រែងទាំងអស់គ្នា។ អ៊ីចឹងវាគឺជាឱកាសជាស្មារតីមួយដែលជួយផ្តួចផ្តើមឲ្យយើងឈានដល់គន្លឹះនៃការកសាងប្រទេសយើងឡើងវិញក្នុងការធានាគោរពដល់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ»។

អ្នកស្រី ចក់ សុភាព បន្ថែមថាកិច្ចព្រមព្រៀងខាងលើបានរួមចំណែកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលការណ៍នេះគឺជារឿងល្អមួយផ្នែក ប៉ុន្តែប្រជាពលរដ្ឋមិនទាន់មានសេរីភាពពេញលេញក្នុងការបញ្ចេញមតិការជួបជុំដោយសន្តិវិធី សិទ្ធិក្នុងការចូលរួមនយោបាយនិងការចងក្រងជាសមាគមដែលពេលនេះត្រូវកំណត់ដោយច្បាប់។

បើតាមគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសកាលពី៣០ឆ្នាំ មុននោះ គឺភាគីហត្ថលេខីទាំងអស់រួមមានទាំងកម្ពុជាខ្លួនឯងផងនោះបានព្រមព្រៀងគ្នាថានាំកម្ពុជាឲ្យមានសន្តិភាព ការរីកចម្រើនផ្នែកប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងការអភិវឌ្ឍពេញលេញសម្រាប់ពលរដ្ឋគ្រប់រូបនិងគ្រប់និន្នាការនយោបាយ។

ក៏ប៉ុន្តែភាគីនយោបាយខ្មែរត្រូវបានមើលឃើញថានៅបន្តចោទប្រកាន់គ្នានិងវាយប្រហារគ្នាឥតឈប់ឈរដោយមានអំណះអំណាងរៀងៗខ្លួនទៅលើគោលការណ៍សំខាន់នៃកិច្ចព្រមព្រៀងនេះបន្ថែមពីលើការទាមទាររបស់ក្រុមជំទាស់ដែលបន្តស្នើសុំឲ្យមានការជួយពីអន្តរជាតិលើបញ្ហាកម្ពុជាដែលបានរងគ្រោះដោយការដកខ្លះឬមិនទាន់បន្តប្រព័ន្ធអនុគ្រោះពន្ធនាំចូលទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិកដោយសារបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្ស។

អ្នកវិភាគនយោបាយលោក មាស នី មើលឃើញការបែកបាក់នយោបាយផ្ទៃក្នុងរបស់ប្រទេសថាជាដំណើរប្រាសចាកចេញពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបានប្រាប់វីអូអេបន្ថែមថា សម្ពាធមកលើកម្ពុជានឹងមានច្រើនជាងការមិនស្រុះស្រួលខាងនយោបាយនេះទៅទៀត ពោលគឺកម្ពុជាអាចប្រឈមមុខនឹងការឈ្លានពានពីបរទេសដែលជារឿងមួយមិនអាចស្មានទុកមុនបានប្រសិនបើកម្ពុជាងាកចេញពីកិច្ចព្រមព្រៀងសំខាន់មួយនេះ។

លោកថ្លែងថា៖«កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែជាផែនទីសំខាន់មួយដែរសម្រាប់ទាញកម្ពុជាមិនឲ្យមហាអំណាចណាមួយទាញកម្ពុជាធ្លាក់ចូលទៅក្រៅឬទាញចេញពីគន្លងឬក៏ទាញចូលទៅក្រោមឥទ្ធិពលរបស់ខ្លួនបានដែរ»។

អ្នកវិភាគនយោបាយម្នាក់ទៀត លោក សេង សារី ចាត់ទុកថ្ងៃទី២៣ តុលា ប្រៀបដូចជាសំបុត្រអាពាហ៍ពិពាហ៍ក្នុងការផ្សះផ្សាប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីជម្លោះរវាងជនជាតិខ្មែរនិងខ្មែរ។ លោកនិយាយថាកម្ពុជាបានឃើញសមិទ្ធផលនៃការអភិវឌ្ឍនមកទល់ពេលនេះគឺដោយសារឥទ្ធិពលនៃកិច្ចព្រមព្រៀងសន្តិភាពនេះផងដែរ។

លោក សេង សារី ថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថាវាជាថ្ងៃពិសេសមួយសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាដែលគួរតែរក្សាទុកដើម្បីឲ្យពលរដ្ឋបានដឹងថាជាថ្ងៃដែលយើងបញ្ចប់សង្គ្រាមហើយត្រូវបានទទួលស្គាល់ដោយប្រទេស១៨ រួមទាំងអង្គការសហប្រជាជាតិមួយទៀតដែលទាក់ទងទៅនឹងការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា»។

គួរបញ្ជាក់ថាកាលពីខែពាក់កណ្តាលខែកញ្ញាកន្លងទៅ អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំង អ្នកស្រី Elizabeth Becker ដែលបានតាមដានកិច្ចការកម្ពុជាជាងកន្លះសតវត្សរ៍ ក៏បានស្នើកម្ពុជារក្សាគុណតម្លៃ និងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅក្នុងខួប៣០ឆ្នាំនេះផងដែរ៕

Reply all
Reply to author
Forward
0 new messages