អ្នកវិភាគ៖ ទំនាក់ទំនង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប ក្រោយ​អាមេរិក​​បញ្ចប់​កម្មវិធី​​អាហារូបករណ៍​យោធា​ដល់​និស្សិត​កម្ពុជា​

0 views
Skip to first unread message

samlot chit

unread,
Jul 5, 2021, 12:31:48 PMJul 5
to samrain...@googlegroups.com
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin ថ្លែងទៅកាន់និស្សិតនាយទាហានដែលបានបញ្ចប់ការសិក្សាចូលរួមពិធីប្រគល់សញ្ញាបត្រនៅឯបណ្ឌិតសភាយោធាជើងគោកសហរដ្ឋអាមេរិក West Point នៅរដ្ឋ New York កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

អ្នកវិភាគ៖ ទំនាក់ទំនងកាន់តែធ្លាក់ចុះដុនដាប ក្រោយអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍យោធាដល់និស្សិតកម្ពុជា

05 កក្កដា 2021
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin ថ្លែងទៅកាន់និស្សិតនាយទាហានដែលបានបញ្ចប់ការសិក្សាចូលរួមពិធីប្រគល់សញ្ញាបត្រនៅឯបណ្ឌិតសភាយោធាជើងគោកសហរដ្ឋអាមេរិក West Point នៅរដ្ឋ New York កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ Photo: AP

ភ្នំពេញ — 

អ្នកវិភាគនិងអ្នកតាមដាននយោបាយក្នុងប្រទេសកម្ពុជាបានលើកឡើងពីការបន្តធ្លាក់ចុះដុនដាបបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ក៏ដូចជាផលវិបាកបន្ថែមទៀតដែលអាចកើតមានខណៈកម្ពុជាកាន់តែខិតទៅជិតប្រទេសចិន។

ការលើកឡើងនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់កម្មវិធីអាហារូបករណ៍ផ្នែកយោធាដល់និស្សិតកម្ពុជាចំនួន៦នាក់ ដែលពួកគេក៏បានស្នើសុំជំនួយពីរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលបានប្រកាសជួយធានាថ្លៃសិក្សាទាំងនោះដល់ពួកគេ។ ការបញ្ចប់កម្មវិធីសិក្សាផ្នែកយោធានេះ ត្រូវបានអាមេរិកលើកឡើងថាដោយសារទំនាក់ទំនងមិនល្អរវាងប្រទេសទាំងពីរ។ ចំណុចប្រទាំងប្រទើសមួយដែលគេមើលឃើញចុងក្រោយនេះ គឺការមិនអនុញ្ញាតឲ្យមន្ត្រីយោធាអនុព័ន្ធអាមេរិកចូលមើលគ្រប់ជ្រុងជ្រោយក្នុងតំបន់កងទ័ពជើងទឹករាមដែលអាមេរិកសង្ស័យថានឹងក្លាយជាមូលដ្ឋានកងទ័ពចិន។

លោក អ៊ូ វីរៈ ប្រធាននិងស្ថាបនិកអង្គការវេទិកាអនាគតបានថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថាព្រឹត្តិការណ៍វិវត្តនាពេលថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដែលលោកសង្កេតឃើញបានធ្លាក់ចុះ ចាប់តាំងពីការរំលាយគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេស កាលពីឆ្នាំ២០១៧។

លោកបន្ថែមថាទំនងជាសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចកំពុងងាកចេញពី«យុទ្ធសាស្ត្រលួងលោម» មកដាក់កំហិតលើកម្ពុជាវិញដើម្បីជាការព្រមានទៅដល់ប្រទេសផ្សេងទៀត។

យ៉ាងណាក្តី លោក អ៊ូ វីរៈ ជឿថាការកែប្រែនូវលម្ហសិទ្ធិសេរីភាពនយោបាយ និងការពង្រឹងអព្យាក្រឹតក្នុងបរិបទនយោបាយការបរទេសអាចជួយលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាឡើងវិញ។

លោកប្រាប់វីអូអេថា៖ «បើសិនជាយើងអាចដើរថយក្រោយរឿងចិនក៏ដោយរឿងប្រជាធិបតេយ្យក៏ដោយ ប្រហែលជាអាចបង្កើននូវទំនាក់ទំនងល្អជាងឥឡូវនេះ។ បានន័យដូចស្រដៀងពីមុន ស្រដៀងទសវត្សរ៍ ២០០០ជាងអីហ្នឹង។ ប៉ុន្តែនេះជាសេណារីយ៉ូមួយដែលខ្ញុំមើលទៅពិបាក»។

អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក បានជួបលោក កឹម សុខា មេដឹកនាំប្រឆាំងកម្ពុជា ក្នុងអំឡុងទស្សនកិច្ចរបស់អ្នកស្រីនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (Facebook/US Embassy Phnom Penh)
អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក បានជួបលោក កឹម សុខា មេដឹកនាំប្រឆាំងកម្ពុជា ក្នុងអំឡុងទស្សនកិច្ចរបស់អ្នកស្រីនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (Facebook/US Embassy Phnom Penh)

លោកបន្ថែមថា ៖ «កែប្រែទំនាក់ទំនងហ្នឹងគឺវាចេញពីលំហគណបក្សសង្គ្រោះជាតិឬក៏បុគ្គលធំៗចេញមកពីគណបក្សសង្គ្រោះជាតិ ជាពិសេសលោក កឹម សុខាសេរីភាពលោក កឹម សុខា អីអញ្ចឹង ហើយអ្នកនយោបាយគណបក្សប្រឆាំងមានការចូលរួមប្រកួតប្រជែងឡើងវិញ។ ទីពីរគឺទាក់ទងរឿងចិន។ រឿងចិនហ្នឹងតាមពិតទៅជារឿងធំមែនទែនទោះបីសហរដ្ឋអាមេរិកនិងពិភពលោកមិននិយាយក៏ដោយ ប៉ុន្តែជារឿងធំជាងគេសម្រាប់លោកខាងលិច។ ទាក់ទងរឿងចិននេះមានន័យថាតើកម្ពុជានៅបន្តមានទំនាក់ទំនងផ្នែកយោធាជាមួយនឹងចិនទៀតឬក៏អត់»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមមួយរូប បានថ្លែងប្រាប់ VOA ថាការបញ្ចប់កម្មវិធីអាហារូបករណ៍ផ្នែកយោធាដល់និស្សិតកម្ពុជា ជាសញ្ញាបង្ហាញពីការបាត់បង់ជំនឿទុកចិត្តរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។

លោកបន្តថា ការធ្លាក់ចុះទំនាក់ទំនងផ្នែកយោធាក៏អាចបង្កផលវិបាកដល់ផ្នែកការទូតនិងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

លោកថ្លែងថា៖ «បើសិនជាវិស័យនេះ និងភាពមន្ទិលនៅក្នុងវិស័យយោធាហ្នឹងវាមិនល្អ វាអាចជះឥទ្ធិពលលើវិស័យនយោបាយការបរទេស នយោបាយការទូត ទំនាក់ទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិកព្រមទាំងវិស័យការទូតកម្ពុជាជាអន្តរជាតិដែរព្រោះសហរដ្ឋអាមេរិកមានឥទ្ធិពល ធំ។ ចំណុចមួយទៀតអាចប៉ះពាល់ដល់វិស័យទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានអត្ថប្រយោជន៍GSP [ប្រព័ន្ធអនុគ្រោះពន្ធ]ពីសហរដ្ឋអាមេរិក»។

ចំពោះលទ្ធភាពនៃការស្តារឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកបានលើកឡើងថាគឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយនៅកម្ពុជា។

គួរបញ្ជាក់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមក ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។ នៅក្នុងលិខិតឆ្លើយឆ្លងនោះ លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជានិងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោក Trump បានប្រាប់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump អតីតប្រធានាធិបតីអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump អតីតប្រធានាធិបតីអាមេរិក។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាលោកនឹងឲ្យក្រុមការងារកិច្ចការបរទេសរបស់កម្ពុជា ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយ បានថ្លែងប្រាប់VOAថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរកាំរកូសជាយូរមកហើយ ដែលលោកថា នៅពេលកម្ពុជា«បោះបង់អាមេរិកចោល ហើយស្រវារកចិន»។លោកបន្ថែមថាសហរដ្ឋអាមេរិកបានកាត់ផ្តាច់នូវជំនួយអាហារូបករណ៍ គឺដោយសារតែកម្ពុជាមិនបានបំពេញតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក។

លោកបន្តថាការឃ្លាតឆ្ងាយពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អាចធ្វើឲ្យកម្ពុជាជាប់ក្នុងអន្ទាក់នយោបាយភូមិសាស្ត្រពីសំណាក់ប្រទេសចិន ហើយបាត់បង់នូវអំណាចអធិបតេយ្យភាពរបស់ខ្លួន។

លោកមាស នី និយាយថា៖ «ស្ថានភាពដែលអាក្រក់ជាងនេះទៅទៀតគឺនៅពេលដែលយើងធ្លាក់ចូលទៅក្នុងភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរមែនទែននោះគឺជាញឹកញាប់ ប្រទេសសាមីខ្លួនជាពិសេសប្រទេសយើងដែលតូចហ្នឹង ច្រើនតែមិនសូវជាមានអំណាចអីនៅក្នុងការតតាំងជាមួយនឹងបញ្ហាអំណាចទោះបីជាបញ្ហាអំណាចជិតស្និទ្ធយ៉ាងម៉េចក៏ដោយដូចជាប្រទសចិនក៏ដោយក៏ប៉ុន្តែយើងហាក់ដូចជាមានលម្ហតិចណាស់នៅក្នុងការប្រើនូវអធិបតេយ្យរបស់ខ្លួននៅពេលខាងមុខ ពិសេសនៅពេលគេស្នើសុំអីមួយ យើងអត់អីប្រកែកជាមួយគ្នាដោយសារយើងអត់មានជម្រើសអីផ្សេងទៀត»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា បញ្ហាទំនាក់ទំនងធ្លាក់ចុះរវាងសហរដ្ឋអាមេរិកនិងកម្ពុជាផ្នែកយោធាមិនមែនជាបញ្ហាធំដុំនោះទេ ដោយលោកធ្លាប់បានលើកឡើងពីការផ្តាច់ជំនួយផ្សេងៗពីសហរដ្ឋអាមេរិកកាលពីពេលកន្លងមក។

លោកនិយាយថា៖ «នេះជារឿងធម្មតានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកក៏ប៉ុន្តែយើងមានវិស័យច្រើនទៀតដែលសហរដ្ឋអាមេរិកជួយកម្ពុជានោះ។ ដូច្នេះគ្មានអ្វីដែលជារូបភាពបង្កប់នោះទេ។ គ្រាន់តែជាសារមួយប្រាប់ថា គេដាក់សម្ពាធយើងបន្តិចបន្តួចនៅក្នុងវិស័យយោធាប៉ុណ្ណោះ»។

លោកបន្តថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ការពារឯករាជ្យ អធិបតេយ្យភាព និងគោលនយោបាយការបរទេស ខណៈកម្ពុជាបន្តសហការជាមួយប្រទេសដទៃទៀតដែលមិនមានទំនាក់ទំនងល្អជាមួយចិនដូចជាជប៉ុន វៀតណាម និងឥណ្ឌាជាដើម។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ការលើកឡើងពីសំណើឲ្យមានការកែប្រែលម្ហស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្រាន់តែរបៀបវារៈនយោបាយនៃបណ្តាប្រទេសប្រជាធិបតេយ្យនិយមប៉ុណ្ណោះ។

VOA មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិបាននោះទេនៅថ្ងៃចន្ទនេះ។

និស្សិត នូ ច័ន្ទយុទ្ធា ដែលកំពុងសិក្សាដល់ឆ្នាំទី៣ ខាងជំនាញវិស្វកម្មកងទ័ពអាកាសនៃសាលាបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក បញ្ជាក់ប្រាប់វីអូអេថាលោកត្រេកអរដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសចេញថ្លៃសិក្សា។ (រូបផ្តល់ឱ្យដោយ នូ ច័ន្ទយុទ្ធា)
និស្សិត នូ ច័ន្ទយុទ្ធា ដែលកំពុងសិក្សាដល់ឆ្នាំទី៣ ខាងជំនាញវិស្វកម្មកងទ័ពអាកាសនៃសាលាបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក បញ្ជាក់ប្រាប់វីអូអេថាលោកត្រេកអរដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសចេញថ្លៃសិក្សា។ (រូបផ្តល់ឱ្យដោយ នូ ច័ន្ទយុទ្ធា)

ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថាការផ្តាច់អាហារូបករណ៍នោះគឺជាចំណាត់ការឯកតោភាគីពីខាងសហរដ្ឋអាមេរិកដែលភាគីកម្ពុជាត្រូវមានចំណាត់ការ«បន្ទាន់និងចាំបាច់»ដើម្បីជួយនិស្សិតទាំងនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការពារជាតិកម្ពុជាដែលចេញផ្សាយកាលពីសប្តាហ៍មុន។ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង់ថ្លៃសិក្សាដល់និស្សិតយោធាកម្ពុជាចំនួន៦នាក់ដែលកំពុងសិក្សានៅអាមេរិក។

និស្សិតទាំង៦នាក់នោះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូបកងទ័ពជើងទឹកចំនួន១រូបនិងឆ្មាំសមុទ្រចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់និស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រាប់វីអូអេខេមរភាសាក្នុងពេលកន្លងមក។

ការផ្តាច់អាហារូបករណ៍ដល់និស្សិតយោធាកម្ពុជានៅសហរដ្ឋអាមេរិកគឺកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកក៏សម្តែងការព្រួយបារម្ភកាលពីពេលថ្មីៗនេះពីវត្តមានយោធាចិននៅកម្ពុជាដោយសារចិនកំពុងជួយអភិវឌ្ឍមូលដ្ឋានយោធាជើងទឹករាមនៅក្រុងព្រះសីហនុនិងការណ៍ដែលកម្ពុជាវាយកម្ទេចចោលអគារពីរដែលសហរដ្ឋអាមេរិកទើបសាងសង់ថ្មី៕

Reply all
Reply to author
Forward
0 new messages