ទូត​វៀតណាម បដិសេធ​មិន​ទទួល​ញត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​

3 views
Skip to first unread message

Khemara Jati

unread,
Oct 8, 2011, 10:08:22 AM10/8/11
to Kjti
ទូត​វៀតណាម បដិសេធ​មិន​ទទួល​ញត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​


ដោយ : មុនីរ័ត្ន
ថ្ងៃទី 7 តុលា 2011
CEN
ភ្នំពេញ: មន្ត្រី​ស្ថានទូត​វៀតណាម បាន​បដិសេធ​មិន​ទទួលយក​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ​។ ប៉ុន្តែ​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​រសៀល​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ត្រូវបាន​បញ្ជូន​ទៅកាន់​ទូត​វៀតណាម​ប្រចាំ​កម្ពុជា តាមរយៈ​បុគ្គលិក ដែល​ធ្វើការ​នៅ​ស្ថានទូត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ថាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​។​
 
​លោក សឺ​ន ជុំ​ជួន ដែល​កាន់​ការងារ​ខាង​ដាក់​ញត្តិ​នោះ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ខាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​នោះ​ទៅ​ហើយ​។ តែ​ខាង​ស្ថានទូត​វៀតណាម មិន​បាន​ទទួល​ជា​ផ្លូវការ​ទេ ដោយ​ស្ថានទូត មិន​បាន​ប្រាប់​ពី​មូលហេតុ​យ៉ាងណា​ឡើយ​។​
 
​ប៉ុន្តែ​លោក សឺ​ន ជុំ​ជួន បញ្ជាក់ថា ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​ញត្តិ​នោះ ទៅតាម​បុគ្គលិក ដែល​ធ្វើការ​នៅ​ស្ថានទូត​វៀតណាម​។ បុគ្គលិក​នោះ បាន​ប្រាប់ថា បើ​យក​ទៅ​ដាក់​ដោយ​ផ្ទាល់​ដៃ នៅ​ស្ថានទូត​វៀតណាម​នោះ គេ​មិន​ទទួល​ទេ​។​
 
​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១១ នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ ជូន​លោក ង្វៀង តឹង​យុង នាយករដ្ឋមន្ត្រី នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ស្នើសុំ​ចាត់វិធានការ​ជាបន្ទាន់​ទៅ​លើ​ករណី​មួយ​ចំនួន​
​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិដើម​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ​ជា​ទឹកដី​វៀតណាម​ខាងត្បូង​។​
 
​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​អះអាង​ថា ជា​តំណាងអោយ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១២ លាន​នាក់ កំពុងតែ​រស់នៅ​លើ​ទឹក​ដី​​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រាប​ទៅ​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​ថា យោង​តាម​ការតាមដាន និង​អង្កេត​យ៉ាង​យកចិត្តទុកដាក់​របស់​អង្គការ សមាគម​ខ្មែរ​​កម្ពុជា​ក្រោម​បាន​រកឃើញថា បច្ចុប្បន្ន​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ​តាម​វត្ត​​អារាម​នានា និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ប្រឈម​ទៅ​ហ្នឹង​ការរំលោភ​សិទ្ធិមនុស្ស ដូចជា ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​​ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​ស្ថាប័ន​ពុទ្ធសាសនា​វៀតណាម គ្រប់​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរ ត្រូវ​បង្ខំ​អោយ​ប្រើប្រាស់​ត្រា ជា​អក្សរ​វៀតណាម ការសិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ តាម​វត្ត​អារាម​នានា ត្រូវ​បាន​ហាមឃាត់ មិន​អោយ​បង្កើត​អង្គការ សមាគម ហាមឃាត់ មិន​អោយ​រៀន​វិញ្ញាសារ​ភូមិសាស្ត្រ​ ប្រវត្តិសាស្ត្រ ហាមឃាត់​ក្នុង​ការប្រជុំ​នយោបាយ និង​ការតស៊ូ​មតិ ជាដើម​។​
 
​ញត្តិ​នោះ បាន​លើកឡើង​ថា ដើម្បី​បង្ហាញ​មតិ​ជាតិ និង​អន្តរជាតិ អោយ​បាន​ឃើញ​អំពី​សុ​ឆន្ទៈ​ពិតប្រាកដ របស់​រដ្ឋាភិបាល​វៀត​ណា​ម ក្នុង​ការអនុវត្ត​សេចក្តីប្រកាស​ជា​សាកល ស្តីពី សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ផ្តល់​សច្ចាប័ន​ផង​ដែរ​នោះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​វៀតណាម ពិនិត្យ និង​ចាត់វិធានការ​ជាបន្ទាន់ ទៅ​លើ​ករណី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន ១៣ ចំណុច​៖ ១-​អនុញ្ញាត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដាច់​​ដោយឡែក​របស់​ខ្លួន ដូច​មុន​ថ្ងៃទី​៣០ មេសា ឆ្នាំ​១៩៧៥​។ ២-​បង្កើត​ពុទ្ធ​សាសន​បណ្ឌិត នៅ​ខេត្ត​ឃ្លាំង​ឡើងវិញ​។ ៣-​អនុញ្ញាត​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការសិក្សា​រៀនសូត្រ​ដោយ​សេរី​។ ៤-​គ្រប់​វត្ត​អារាម​ខ្មែរ​នៅ​ទូ​ទាំង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​ពេញលេញ ក្នុង​ការគ្រប់គ្រង​របស់ខ្លួន និង​ថែរក្សា​នូវ​កេរ្តិ៍តំណែល​វប្បធម៌​របស់​ខ្លួន ជាពិសេស​វត្ថុ​​បុរាណ​ខ្មែរ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​វៀតណាម យកទៅ​រក្សាទុក​នៅ​​កន្លែង​ផ្សេងៗ​ឡើយ​។ ៥-​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​បង្កើត​អង្គការ​ដោយ​សេរី​។ ៦-​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ទទួល​ព័ត៌មាន ការសិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ការទិញ និង​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ ( ដី​វី​ធី ) ​នៅតាម​ផ្ទះ មិន​ត្រូវ​បាន​ហាមឃាត់​ឡើយ​។ ៧-​អនុញ្ញាត​អោយ​ខ្មែរ​កម្ពុជា​ក្រោម ស្តាប់​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ តាម​ទូរស័ព្ទ​ដោយ​សេរី​។ ៨-​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។​ ៩-​បញ្ឈប់​ជា​បន្ទាន់ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ នូវ​រាល់​ការគំរាមកំហែង បំភិតបំភ័យ​​បំបាក់ស្មារតី ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ល​ក្រោម​។​
 
​ចំពោះ​លិខិត​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ខាងលើនេះ ត្រូវបាន​លោក ឡេ មិញ​ង៉ុក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ថ្លែង​ថា លោក​ជាប់រវល់​ប្រជុំ​។​
 
​ប៉ុន្តែ​អំពី​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​វៀតណាម ដាក់​ជា​ជនជាតិ​ភាគ​តិច​មួយ ក្នុងចំណោម​ជនជាតិភាគតិច ៥៤ ផ្សេងទៀត ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​វៀតណាម ត្រូវបាន​លោក ឡេ មិញ​ង៉ុក លើក​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៦​តុលា ឆ្នាំ​២០១១​ថា ប្រជាជន​រស់នៅ​ប្រទេស​វៀតណាម ត្រូវតែ​គោរព​ទៅតាម​ច្បាប់​របស់​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម មិន​ដែល​រើសអើង ឬ​បំបិទ​សិទ្ធិសេរីភាព ចំពោះ​ជនជាតិ​ណាមួយ​នោះ​ទេ​។​
​ចំពោះ​ការទាមទារ​របស់​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ខាងលើ ត្រូវបាន​មន្ត្រី​នាំពាក្យ​ដដែល លើកឡើងថា សមត្ថកិច្ច​របស់​វៀត​ណា​ម អនុវត្ត​ទៅតាម​ច្បាប់ ហើយ​ក៏​គ្មាន​ការបង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងនោះ ឲ្យ​រៀនអក្សរ​វៀតណាម​ដែរ​៕
 
http://www.camnews.org/2011/10/07/%e1%9e%91%e1%9e%bc%e1%9e%8f%e2%80%8b%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98-%e1%9e%94%e1%9e%8a%e1%9e%b7%e1%9e%9f%e1%9f%81%e1%9e%92%e2%80%8b%e1%9e%98%e1%9e%b7%e1%9e%93%e2%80%8b%e1%9e%91/#.To8cEM6DitM.facebook
 
Reply all
Reply to author
Forward
0 new messages