ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ
អ្នកវិភាគគោលនយោបាយលើកឡើងថា ទាល់តែដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ទើបមាន ដំណោះស្រាយនយោបាយ ដែលឈានទៅដោះលែងលោក កឹម សុខា និងស្ដារប្រជាធិបតេយ្យ ឡើងវិញ។
អ្នកជំនាញខាងកិច្ចការទំនាក់ទំនងការទូត និងគោលនយោបាយការបរទេសលោកសាស្ត្រាចារ្យ បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិច ថា”ជាកិច្ចចាប់ផ្ដើម គឺត្រូវដាក់ទណ្ឌកម្មជាក់លាក់ណាមួយសិន។ សំខាន់បំផុតគឺដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម។ បន្ទាប់មកទៀតគឺកុំទទួលស្គាល់របបលោក ហ៊ុន សែន តាមរយៈការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ”។ លោកបញ្ជាក់បន្ថែមថា ការណ៍គ្រាន់តែចេញសេចក្ដីថ្លែងការណ៍មិនសូវមានប្រសិទ្ធភាពដូចការចាត់វិធានការជាក់ស្ដែងនោះឡើយ។ លោកថា “ធ្វើមានប្រសិទ្ធភាពជាងថា”។
ការលើកឡើងរបស់អ្នកវិភាគគោលនយោបាយនេះ គឺស្របពេលដែលលោក រ៉ែនដល ឆ្រាយវើរ៍ (Randle Schriver) ឧបការីរដ្ឋមន្ត្រីការពារជាតិនៃសហរដ្ឋអាមេរិកកាលពីថ្ងៃ ទី៧ ខែសីហា បានស្នើអោយមានការដោះលែង ប្រធានគណបក្សប្រឆាំង ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ដាក់ក្នុងពន្ធនាគារ។ ថ្លែងនៅឯវិទ្យាស្ថានសហគ្រាសអាមេរិក(American Enterprise Institute)ដោយមានការព្រួយបារម្ភ ពីនិន្នាការនយោបាយនៅកម្ពុជា លោក រ៉ែនដល ឆ្រាយវើរ៍ បន្តថា គោលនយោបាយសហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺសម្រាប់តែតំបន់មួយដែលសេរី និងបើកទូលាយ សំដៅដល់ការគោរពអធិបតេយ្យភាព និងសេរីភាពរបស់ពលរដ្ឋ ខណៈដែលមានការចូលរួមពីអន្តរជាតិតាមរយៈការវិនិយោគ និងពាណិជ្ជកម្ម។ លោកបញ្ជាក់ថា ដោយសារប្រទេសចិនកាន់តែមានសមត្ថភាព និងឥទ្ធិពលខ្លាំង សហរដ្ឋអាមេរិកត្រូវតែផ្ដល់នូវជម្រើសផ្សេងដែលប្រសើរជាងនេះ។ បន្ទាប់ពីបានហៅការបោះឆ្នោតនៅកម្ពុជាថាក្លែងក្លាយលោក រ៉ែនដល ឆ្រាយវើរ៍ បញ្ជាក់ជាថ្មីម្ដងទៀតពីសេចក្ដីថ្លែងការណ៍របស់សេតវិមានដែលថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាច្រើនបន្ថែមទៀត។
បើទោះជាយ៉ាងណាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានក្នុងស្រុកថាការស្នើសុំរបស់ឧបការីការពារជាតិអាមេរិករូបនេះគឺខុសទិសដៅ ព្រោះសំណុំរឿងក្ដីលោក កឹម សុខា ពុំស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលឡើយ គឺកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
បណ្ដាប្រទេសប្រជាធិបតេយ្យរួមនឹងសហរដ្ឋអាមេរិកសម្ដែងការសោកស្ដាយចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ថាមិនសេរី យុត្តិធម៌ និងមិនតំណាងឱ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ។
ជុំវិញនឹងសម្ពាធអន្តរជាតិនេះដែរ លោកបណ្ឌិត អៀ សុផល បន្តថា លោក ហ៊ុន សែន ហាក់ដូចជាមិនទាន់ថ្លែងសារ ផ្គើនឲ្យអន្តរជាតិប្រញាប់ដាក់ទណ្ឌកម្មកម្ពុជា ដូចកាលមុនបោះឆ្នោតនោះទេ។ លោកបណ្ឌិត អៀ សុផល ក៏រង់ចាំមើលដែរ ថាតើលោក ហ៊ុន សែន ហ៊ានបបួលអន្តរជាតិ ឲ្យប្រញាប់ដាក់ទណ្ឌកម្មលើរបបលោកឬទេ។ បើលោក ហ៊ុន សែន ហ៊ានបបួលឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មឲ្យឆាប់ នោះមានន័យថា លោក ហ៊ុន សែន មិនជឿថា អន្តរជាតិហ៊ានដាក់ទណ្ឌកម្មរបបលោកនោះឡើយ៕